គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 31:21-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. រួច​កាល​ណា​គេ​កើត​មាន​សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​យ៉ាង នោះ​ទំនុក​នេះ​នឹង​ធ្វើ​បន្ទាល់​ដល់​គេ ដ្បិត​ទំនុក​នេះ​នឹង​មិន​ដែល​ភ្លេច​បាត់ ចេញ​ពី​មាត់​នៃ​ពូជ​គេ​ឡើយ ពី​ព្រោះ​អញ​ស្គាល់​គំនិត ដែល​កើត​ឡើង​ក្នុង​ចិត្ត​គេ​នៅ​ថ្ងៃ​នេះ​ហើយ តាំង​ពី​មុន​ដែល​អញ​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​បាន​ស្បថ​នឹង​គេ​មក

22. នៅ​ថ្ងៃ​នោះ​ឯង ម៉ូសេ​ក៏​កត់​ទំនុក​នេះ ហើយ​បាន​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

23. ព្រះ‌យេហូវ៉ា​ក៏​បង្គាប់​ដល់​យ៉ូស្វេ​ជា​កូន​នុន​ថា ចូរ​មាន​កំឡាំង ហើយ​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ត្រូវ​ឲ្យ​ឯង​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​គេ ឯ​អញ​ក៏​នឹង​នៅ​ជា​មួយ​នឹង​ឯង។

24. កាល​ម៉ូសេ​បាន​កត់​អស់​ទាំង​ពាក្យ នៃ​ក្រឹត្យ‌វិន័យ​នេះ ទុក​ក្នុង​សៀវភៅ​ស្រេច​ហើយ

25. នោះ​លោក​បង្គាប់​ដល់​ពួក​លេវី ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ថា

26. ចូរ​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ ទៅ​ដាក់​នៅ​ត្រង់​ចំហៀង​ហឹប នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ទៅ ឲ្យ​បាន​នៅ​ទី​នោះ សំរាប់​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង

27. ដ្បិត​អញ​ស្គាល់​ចិត្ត​បះ‌បោរ និង​ក្បាល​រឹង​របស់​ឯង​រាល់​គ្នា​ហើយ មើល កាល​អញ​កំពុង​រស់​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​សព្វ​ថ្ងៃ ម៉េច​ឯង​បាន​បះ‌បោរ​នឹង​ព្រះ‌យេហូវ៉ា​ទៅ​ហើយ ចំណង់​បើ​ថ្ងៃ​ក្រោយ​ដែល​អញ​ស្លាប់​ទៅ នោះ​តើ​នឹង​លើស​ជាង​អម្បាលម៉ាន​ទៅ​ទៀត

28. ចូរ​ទៅ​ប្រមូល​ពួក​ចាស់‌ទុំ ក្នុង​ពូជ​អំបូរ​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា និង​ពួក​នាយក​ទាំង​អស់ របស់​ឯង​រាល់​គ្នា​មក​ឯ​អញ ដើម្បី​ឲ្យ​អញ​បាន​ប្រាប់​ពាក្យ​ទាំង​នេះ ឲ្យ​គេ​ស្តាប់ ព្រម​ទាំង​យក​ស្ថាន‌សួគ៌ និង​ផែនដី ជា​ទី​អាង​ទាស់​នឹង​គេ​ផង

29. ដ្បិត​អញ​ដឹង​ថា ក្រោយ​ដែល​អញ​បាន​ស្លាប់​ទៅ នោះ​ឯង​រាល់​គ្នា​នឹង​បង្ខូច​ខ្លួន​អស់​រលីង​ទៅ ហើយ​នឹង​ងាក​បែរ​ចេញ​ពី​ផ្លូវ ដែល​អញ​បាន​បង្គាប់​ដល់​ឯង ដូច្នេះ​នៅ​ថ្ងៃ​ជាន់​ក្រោយ នឹង​មាន​សេចក្ដី​អាក្រក់​ធ្លាក់​មក​លើ​ឯង​រាល់​គ្នា ដោយ​ព្រោះ​ឯង​រាល់​គ្នា​ចូល​ចិត្ត​តែ​ធ្វើ​ការ​ដែល​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ប៉ុណ្ណោះ គឺ​ជា​ការ​ដែល​បណ្តាល​ឲ្យ​ទ្រង់​មាន​សេចក្ដី​ខ្ញាល់ ដោយ​ដៃ​ឯង​ធ្វើ​យ៉ាង​នោះ។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 31