គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 31:15-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​លេច​មក​ក្នុង​ត្រសាល នៅ​ក្នុង​បង្គោល​ពពក ពពក​នោះ​ក៏​ស្ថិត​នៅ​ពី​លើ​ទ្វារ​ត្រសាល។

16. ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​ម៉ូសេ​ថា មើល​ឯង​ត្រូវ​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ឯង ឯ​បណ្តា‌ជន​ទាំង​នេះ គេ​នឹង​លើក​គ្នា​ផិត​ទៅ​តាម​ព្រះ​ដទៃ ជា​ព្រះ​របស់​ស្រុក​ដែល​គេ​ចូល​ទៅ​នៅ​កណ្តាល​នោះ គេ​នឹង​បោះ‌បង់​ចោល​អញ ព្រម​ទាំង​ផ្តាច់​សេចក្ដី​សញ្ញា ដែល​អញ​បាន​តាំង​នឹង​គេ​ចេញ

17. នោះ​សេចក្ដី​កំហឹង​របស់​អញ​នឹង​បាន​កាត់​ឡើង ទាស់​នឹង​គេ​នៅ​ថ្ងៃ​នោះ រួច​អញ​នឹង​បោះ‌បង់​ចោល​គេ​ដែរ ហើយ​នឹង​គេច​មុខ​ចេញ​ពី​គេ​ទៅ នោះ​គេ​នឹង​ត្រូវ​ស៊ី​បង្ហិន ហើយ​នឹង​កើត​មាន​សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​យ៉ាង ដល់​ម៉្លេះ​បាន​ជា​គេ​នឹង​និយាយ​នៅ​ថ្ងៃ​នោះ​ថា សេចក្ដី​អាក្រក់​ទាំង​នេះ​បាន​មក​លើ​យើង​ដោយ​ព្រោះ​តែ​ព្រះ​នៃ​យើង ទ្រង់​មិន​គង់​ក្នុង​ពួក​យើង​ទេ​តើ

18. តែ​នៅ​ថ្ងៃ​នោះ អញ​នឹង​គេច​មុខ​ចេញ​ជា​ប្រាកដ ដោយ​ព្រោះ​សេចក្ដី​អាក្រក់​ទាំង​ប៉ុន្មាន​ដែល​គេ​បាន​ប្រព្រឹត្ត ដោយ​ងាក​បែរ​ទៅ​តាម​ព្រះ​ដទៃ

19. ដូច្នេះ​ចូរ​ឯង​កត់​ទំនុក​នេះ​ទុក​សំរាប់​ឯង​រាល់​គ្នា ហើយ​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ចុះ ចូរ​ដាក់​ទំនុក​នេះ​ចុះ​ក្នុង​មាត់​គេ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​ទី​បន្ទាល់​នៃ​អញ ទាស់​នឹង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល

20. ដ្បិត​កាល​ណា​អញ​បាន​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដែល​អញ​បាន​ស្បថ​នឹង​ពួក​អយ្យកោ​គេ ហើយ​គេ​បាន​បរិភោគ​ឆ្អែត​ចំរើន​សាច់​ឡើង នោះ​គេ​នឹង​ងាក​បែរ​ទៅ​តាម​ព្រះ​ដទៃ​វិញ ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ផង គេ​នឹង​មើល‌ងាយ​ដល់​អញ ហើយ​ផ្តាច់​សេចក្ដី​សញ្ញា​អញ​ចេញ

21. រួច​កាល​ណា​គេ​កើត​មាន​សេចក្ដី​អាក្រក់ និង​សេចក្ដី​វេទនា​ជា​ច្រើន​យ៉ាង នោះ​ទំនុក​នេះ​នឹង​ធ្វើ​បន្ទាល់​ដល់​គេ ដ្បិត​ទំនុក​នេះ​នឹង​មិន​ដែល​ភ្លេច​បាត់ ចេញ​ពី​មាត់​នៃ​ពូជ​គេ​ឡើយ ពី​ព្រោះ​អញ​ស្គាល់​គំនិត ដែល​កើត​ឡើង​ក្នុង​ចិត្ត​គេ​នៅ​ថ្ងៃ​នេះ​ហើយ តាំង​ពី​មុន​ដែល​អញ​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក ដែល​បាន​ស្បថ​នឹង​គេ​មក

22. នៅ​ថ្ងៃ​នោះ​ឯង ម៉ូសេ​ក៏​កត់​ទំនុក​នេះ ហើយ​បាន​បង្ហាត់​បង្រៀន​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល។

23. ព្រះ‌យេហូវ៉ា​ក៏​បង្គាប់​ដល់​យ៉ូស្វេ​ជា​កូន​នុន​ថា ចូរ​មាន​កំឡាំង ហើយ​ចិត្ត​ក្លាហាន​ចុះ ដ្បិត​ត្រូវ​ឲ្យ​ឯង​នាំ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​គេ ឯ​អញ​ក៏​នឹង​នៅ​ជា​មួយ​នឹង​ឯង។

24. កាល​ម៉ូសេ​បាន​កត់​អស់​ទាំង​ពាក្យ នៃ​ក្រឹត្យ‌វិន័យ​នេះ ទុក​ក្នុង​សៀវភៅ​ស្រេច​ហើយ

25. នោះ​លោក​បង្គាប់​ដល់​ពួក​លេវី ដែល​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា​ថា

26. ចូរ​យក​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ ទៅ​ដាក់​នៅ​ត្រង់​ចំហៀង​ហឹប នៃ​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ទៅ ឲ្យ​បាន​នៅ​ទី​នោះ សំរាប់​ជា​ទី​បន្ទាល់​ទាស់​នឹង​ឯង

សូមអានជំពូកពេញលេញ ចោទិយ‌កថា 31