គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 3:7-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. តែ​ឯ​សត្វ​ទាំង​ប៉ុន្មាន និង​របឹប​នៃ​ទី​ក្រុង​ទាំង​នោះ យើង​បាន​យក​ទុក​សំរាប់​ខ្លួន​យើង​វិញ។

8. នៅ​គ្រា​នោះ យើង​បាន​យក​ស្រុក​នោះ ពី​អំណាច​នៃ​ស្តេច​សាសន៍​អាម៉ូរី​ទាំង​២​អង្គ ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ចាប់​តាំង​ពី​ស្ទឹង​អើណូន ទៅ​ដល់​ភ្នំ​ហ៊ើម៉ូន

9. (ឯ​ភ្នំ​ហ៊ើម៉ូន​នេះ ពួក​សាសន៍​ស៊ីដូន​គេ​ហៅ​ថា​ភ្នំ​ស៊ីរាន​វិញ ហើយ​សាសន៍​អាម៉ូរី​គេ​ហៅ​ថា ភ្នំ​សេនារ)

10. គឺ​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​វាល និង​ស្រុក​កាឡាត​ទាំង​មូល ហើយ​ស្រុក​បាសាន​ទាំង​អស់ រហូត​ដល់​សាលកា ហើយ​នឹង​អេទ្រី គឺ​ជា​ទី​ក្រុង​ទាំង​ប៉ុន្មាន​នៅ​នគរ​របស់​ស្តេច​អុក ដែល​នៅ​ស្រុក​បាសាន

11. (មាន​តែ​អុក​ជា​ស្តេច​ស្រុក​បាសាន​ទេ ដែល​សល់​ពី​ពួក​មនុស្ស​គួរ​ស្ញែង‌ខ្លាច​នោះ មើល គ្រែ​របស់​ទ្រង់​បាន​ធ្វើ​ពី​ដែក ឃើញ​មាន​នៅ​ក្រុង​រ៉ាបាត​របស់​ផង​ពួក​កូន​ចៅ​អាំម៉ូន គ្រែ​នោះ​មាន​បណ្តោយ​៩​ហត្ថ ហើយ​ទទឹង​៤​ហត្ថ តាម​ហត្ថ​របស់​មនុស្ស)។

12. នៅ​គ្រា​នោះ យើង​បាន​ចាប់​យក​ស្រុក​នោះ ទុក​ជា​កេរ‌អាករ​របស់​យើង អញ​បាន​ឲ្យ​ស្រុក​នោះ ចាប់​តាំង​ពី​អារ៉ូអ៊ើរ នៅ​មាត់​ស្ទឹង​អើណូន និង​ស្រុក​ភ្នំ​កាឡាត​១​ចំហៀង ព្រម​ទាំង​ទី​ក្រុង​នៃ​ស្រុក​នោះ​ទាំង​ប៉ុន្មាន​ដល់​ពួក​រូបេន និង​ពួក​កាឌ់

13. ឯ​ស្រុក​កាឡាត​ដែល​សល់ និង​ស្រុក​បាសាន ជា​នគរ​របស់​ស្តេច​អុក​ទាំង​អស់ នោះ​អញ​បាន​ឲ្យ​ដល់​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង គឺ​ជា​ស្រុក​អើកុប​ទាំង​មូល ដែល​ជា​ស្រុក​បាសាន​ផង (ស្រុក​នោះ​ក៏​ហៅ​ជា​ស្រុក​របស់​ពួក​រេផែម

14. យ៉ាអ៊ារ​ជា​កូន​ម៉ាន៉ាសេ បាន​ចាប់​យក​ស្រុក​អើកុប​ទាំង​មូល រហូត​ដល់​ព្រំ​ស្រុក​កេស៊ូរី និង​ស្រុក​ម៉ាកាធី​ផង រួច​គាត់​ហៅ​ស្រុក​បាសាន​នោះ តាម​ឈ្មោះ​របស់​ខ្លួន គឺ​ជា​ហាវ៉ុត-យ៉ាអ៊ារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ)

15. ហើយ​អញ​បាន​ឲ្យ​ស្រុក​កាឡាត​ដល់​ម៉ាគារ

16. ឯ​ពួក​រូបេន ហើយ​នឹង​ពួក​កាឌ់ នោះ​អញ​បាន​ឲ្យ​ស្រុក​ដល់​គេ ចាប់​តាំង​ពី​ស្រុក​កាឡាត រហូត​ដល់​ស្ទឹង​អើណូន ដែល​មាន​ព្រំ‌ខណ្ឌ​នៅ​ជា​កណ្តាល​ស្ទឹង​នោះ ហើយ​រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន

17. ព្រម​ទាំង​ស្រុក​វាល ដែល​មាន​ទន្លេ​យ័រដាន់​ទុក​ជា​ព្រំ‌ខណ្ឌ ចាប់​តាំង​ពី​សមុទ្រ​គេនេ‌សារ៉ែត រហូត​ដល់​សមុទ្រ​អំបិល​ដែល​នៅ​ស្រុក​វាល ត្រង់​ជើង​ភ្នំ​ពីសកា​ខាង​កើត។

18. នៅ​គ្រា​នោះ អញ​បាន​បង្គាប់​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ស្រុក​នេះ​ដល់​ឯង​ទុក​ជា​កេរ‌អាករ ដូច្នេះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា ដែល​ថ្នឹក​ចំបាំង​ពាក់​គ្រឿង​សស្ត្រា‌វុធ ឆ្លង​នាំ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​ឯង​ទៅ

19. តែ​ឯ​ប្រពន្ធ​កូន និង​ហ្វូង​សត្វ​របស់​ឯង នោះ​ត្រូវ​ទុក​ឲ្យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ឲ្យ​ដល់​ឯង​វិញ (ដ្បិត​អញ​ដឹង​ថា ឯង​រាល់​គ្នា​មាន​ហ្វូង​សត្វ​ច្រើន)

20. ទាល់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​ពួក​បង​ប្អូន​ឯង បាន​សេចក្ដី​សំរាក​ដូច​ជា​ឯង​ដែរ ព្រម​ទាំង​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ​គេ​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ រួច​សឹម​ឯង​រាល់​គ្នា​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​ឯង​រៀង​ខ្លួន ដែល​អញ​បាន​ឲ្យ​ដល់​ឯង​រាល់​គ្នា​ចុះ

21. ហើយ​នៅ​វេលា​នោះ អញ​ក៏​បាន​ប្រាប់​ដល់​យ៉ូស្វេ​ថា ភ្នែក​របស់​អ្នក​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ទ្រង់​បាន​ធ្វើ​ដល់​ស្តេច​ទាំង​២​នេះ​ហើយ ទ្រង់​ក៏​នឹង​ធ្វើ​ដូច្នេះ​ដល់​គ្រប់​ទាំង​នគរ​ដែល​អ្នក​នឹង​ឆ្លង​ចូល​ទៅ​នោះ​ដែរ

22. មិន​ត្រូវ​ឲ្យ​អ្នក​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក។

23. នៅ​គ្រា​នោះ អញ​បាន​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា

សូមអានជំពូកពេញលេញ ចោទិយ‌កថា 3