គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 3:16-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ឯ​ពួក​រូបេន ហើយ​នឹង​ពួក​កាឌ់ នោះ​អញ​បាន​ឲ្យ​ស្រុក​ដល់​គេ ចាប់​តាំង​ពី​ស្រុក​កាឡាត រហូត​ដល់​ស្ទឹង​អើណូន ដែល​មាន​ព្រំ‌ខណ្ឌ​នៅ​ជា​កណ្តាល​ស្ទឹង​នោះ ហើយ​រហូត​ដល់​ស្ទឹង​យ៉ាបុក ជា​ព្រំ​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន

17. ព្រម​ទាំង​ស្រុក​វាល ដែល​មាន​ទន្លេ​យ័រដាន់​ទុក​ជា​ព្រំ‌ខណ្ឌ ចាប់​តាំង​ពី​សមុទ្រ​គេនេ‌សារ៉ែត រហូត​ដល់​សមុទ្រ​អំបិល​ដែល​នៅ​ស្រុក​វាល ត្រង់​ជើង​ភ្នំ​ពីសកា​ខាង​កើត។

18. នៅ​គ្រា​នោះ អញ​បាន​បង្គាប់​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ស្រុក​នេះ​ដល់​ឯង​ទុក​ជា​កេរ‌អាករ ដូច្នេះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា ដែល​ថ្នឹក​ចំបាំង​ពាក់​គ្រឿង​សស្ត្រា‌វុធ ឆ្លង​នាំ​មុខ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ជា​បង​ប្អូន​ឯង​ទៅ

19. តែ​ឯ​ប្រពន្ធ​កូន និង​ហ្វូង​សត្វ​របស់​ឯង នោះ​ត្រូវ​ទុក​ឲ្យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អញ​បាន​ឲ្យ​ដល់​ឯង​វិញ (ដ្បិត​អញ​ដឹង​ថា ឯង​រាល់​គ្នា​មាន​ហ្វូង​សត្វ​ច្រើន)

20. ទាល់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ឲ្យ​ពួក​បង​ប្អូន​ឯង បាន​សេចក្ដី​សំរាក​ដូច​ជា​ឯង​ដែរ ព្រម​ទាំង​ចាប់​យក​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ​គេ​នៅ​ខាង​នាយ​ទន្លេ​យ័រដាន់ រួច​សឹម​ឯង​រាល់​គ្នា​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​ជា​កេរ‌អាករ​ឯង​រៀង​ខ្លួន ដែល​អញ​បាន​ឲ្យ​ដល់​ឯង​រាល់​គ្នា​ចុះ

21. ហើយ​នៅ​វេលា​នោះ អញ​ក៏​បាន​ប្រាប់​ដល់​យ៉ូស្វេ​ថា ភ្នែក​របស់​អ្នក​បាន​ឃើញ​អស់​ទាំង​ការ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ទ្រង់​បាន​ធ្វើ​ដល់​ស្តេច​ទាំង​២​នេះ​ហើយ ទ្រង់​ក៏​នឹង​ធ្វើ​ដូច្នេះ​ដល់​គ្រប់​ទាំង​នគរ​ដែល​អ្នក​នឹង​ឆ្លង​ចូល​ទៅ​នោះ​ដែរ

22. មិន​ត្រូវ​ឲ្យ​អ្នក​ខ្លាច​គេ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក ទ្រង់​នឹង​ច្បាំង​ជំនួស​អ្នក។

23. នៅ​គ្រា​នោះ អញ​បាន​ទូល​អង្វរ​ដល់​ព្រះ‌យេហូវ៉ា​ថា

24. ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​អើយ ទ្រង់​បាន​ចាប់​តាំង​សំដែង ឲ្យ​អ្នក​បំរើ​របស់​ទ្រង់​ឃើញ​តេជា‌នុភាព​នៃ​ទ្រង់ និង​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា​ផង ដ្បិត​តើ​មាន​ព្រះ​ឯ​ណា​នៅ​លើ​ស្ថាន‌សួគ៌ ឬ​នៅ​ផែនដី ដែល​អាច​នឹង​ធ្វើ​ឲ្យ​ដូច​ការ​ទ្រង់​បាន​ធ្វើ​នោះ ឬ​តាម​ឫទ្ធិ‌បារមី​របស់​ទ្រង់​ទាំង​ប៉ុន្មាន​បាន

25. ទូល‌បង្គំ​សូម​អង្វរ​ដល់​ទ្រង់ សូម​ឲ្យ​ទូល‌បង្គំ​ឆ្លង​ទៅ ឲ្យ​បាន​ឃើញ​ស្រុក​ល្អ នៅ​ខាង​នាយ​ទន្លេ​យ័រដាន់​ផង គឺ​ជា​ស្រុក​ភ្នំ​ល្អ​នោះ ព្រម​ទាំង​ភ្នំ​ល្បាណូន​ដែរ

26. តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​សេចក្ដី​ក្រោធ​នឹង​អញ​ដោយ​ព្រោះ​ឯង​រាល់​គ្នា ហើយ​ទ្រង់​មិន​ព្រម​តាម​អញ​ទេ ដោយ​ព្រះ‌បន្ទូល​ថា ណ្ហើយ កុំ​ឲ្យ​និយាយ​នឹង​អញ​ពី​រឿង​នោះ​ទៀត​ឡើយ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 3