គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 29:3-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. តែ​លុះ​មក​ដល់​សព្វ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ប្រទាន ឲ្យ​ឯង​រាល់​គ្នា​មាន​ចិត្ត​យល់ ឬ​ភ្នែក​ដែល​មើល​ឃើញ ឬ​ត្រចៀក​ដែល​ស្តាប់​ឮ​នៅ​ឡើយ

4. អញ​បាន​នាំ​ឯង​រាល់​គ្នា​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ​ហើយ ឯ​សំលៀក‌បំពាក់​របស់​ឯង នោះ​មិន​បាន​រេច​នៅ​លើ​ខ្លួន​សោះ ហើយ​ស្បែក​ជើង​ឯង​ក៏​មិន​បាន​សឹក​ផង

5. ឯង​រាល់​គ្នា​មិន​បាន​បរិភោគ​នំបុ័ង ឬ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ស្រវឹង​ណា​សោះ ដើម្បី​ឲ្យ​បាន​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

6. កាល​ឯង​រាល់​គ្នា​បាន​មក​ដល់​ទី​នេះ នោះ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន និង​អុក ជា​ស្តេច​ស្រុក​បាសាន បាន​ចេញ​មក​ច្បាំង​នឹង​យើង ហើយ​យើង​ក៏​បាន​វាយ​ឈ្នះ​គេ

7. យើង​បាន​ចាប់​យក​ស្រុក​គេ ក៏​ចែក​ជា​មរដក​ដល់​ពួក​រូបេន ពួក​កាឌ់ ហើយ​នឹង​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង

8. ដូច្នេះ​ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​នៃ​សញ្ញា​នេះ ដើម្បី​ឲ្យ​ឯង​រាល់​គ្នា​មាន​សេចក្ដី​ចំរើន​ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ធ្វើ។

9. នៅ​ថ្ងៃ​នោះ ឯង​ទាំង​អស់​គ្នា​កំពុង​ឈរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង គឺ​ទាំង​ពួក​មេ ទាំង​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន និង​ពួក​ចាស់‌ទុំ ហើយ​នឹង​ពួក​នាយក​របស់​ឯង​រាល់​គ្នា ជា​បណ្តា​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា

10. ព្រម​ទាំង​ពួក​កូន​ក្មេង និង​ប្រពន្ធ​ឯង ហើយ​ពួក​អ្នក​ដទៃ​ដែល​នៅ​ក្នុង​ពួក​ឯង តាំង​ពី​ពួក​អ្នក​កាប់​ឧស ទៅ​ដល់​អ្នក​ដែល​រែក​ទឹក​ឲ្យ​ឯង​ផង

11. ប្រយោជន៍​ឲ្យ​បាន​ចុះ​សញ្ញា​នឹង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​សេចក្ដី​សម្បថ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ស្បថ​នឹង​ឯង​នៅ​ថ្ងៃ​នេះ

12. គឺ​ដើម្បី​ឲ្យ​ទ្រង់​បាន​តាំង​ឯង ទុក​ជា​រាស្ត្រ​របស់​ទ្រង់​នៅ​ថ្ងៃ​នេះ ហើយ​ឲ្យ​ទ្រង់​បាន​ធ្វើ​ជា​ព្រះ​ដល់​ឯង ដូច​ជា​ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​នឹង​ឯង ហើយ​ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​អ័ប្រា‌ហាំ និង​អ៊ីសាក ហើយ​នឹង​យ៉ាកុប ជា​ពួក​អយ្យកោ​ឯង​ដែរ។

13. អញ​តាំង​សេចក្ដី​សញ្ញា ហើយ​សម្បថ​នេះ មិន​មែន​តែ​នឹង​ឯង​រាល់​គ្នា​ប៉ុណ្ណោះ

14. គឺ​នឹង​ពួក​អ្នក​ដែល​ឈរ​ជា​មួយ​នឹង​យើង​រាល់​គ្នា​នៅ​ទី​នេះ នា​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង នៅ​ថ្ងៃ​នេះ ព្រម​ទាំង​ពួក​អ្នក​ដែល​មិន​នៅ​ឯ​នេះ ជា​មួយ​នឹង​យើង​រាល់​គ្នា​នៅ​ថ្ងៃ​នេះ​ដែរ

15. (ដ្បិត​ឯ​ការ​ទាំង​ប៉ុន្មាន ដែល​កើត​ដល់​យើង​នៅ​ក្នុង​ស្រុក​អេស៊ីព្ទ ហើយ​តាម​ផ្លូវ​ដែល​យើង​បាន​ដើរ​កាត់ កណ្តាល​សាសន៍​ទាំង​ប៉ុន្មាន ហួស​មក​ដល់​ទី​នេះ នោះ​ឯង​រាល់​គ្នា​ដឹង​ស្រាប់​ហើយ

16. ក៏​បាន​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ និង​ព្រះ​ដែល​ធ្វើ​ពី​ឈើ ពី​ថ្ម ប្រាក់ ហើយ​នឹង​មាស នៅ​ក្នុង​ពួក​គេ​នោះ​ដែរ)

17. ក្រែង​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នៅ​ថ្ងៃ​នេះ​មាន​មនុស្ស​ប្រុស ឬ​ស្រី​ណា ឬ​គ្រួ​ណា ឬ​ពូជ​អំបូរ​ណា​ដែល​មាន​ចិត្ត​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​របស់​សាសន៍​ទាំង​នោះ​វិញ ហើយ​ក្រែង​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា មាន​ឫស​ណា​ដែល​បង្កើត​ជាតិ​ពុល ហើយ​នឹង​ស្លែង

18. រួច​កាល​ណា​អ្នក​នោះ​ឮ​ពាក្យ​នៃ​សេចក្ដី​បណ្តាសា​នេះ នោះ​គេ​នឹង​ឲ្យ​ពរ​ដល់​ខ្លួន​នៅ​ក្នុង​ចិត្ត​ថា អញ​នឹង​មាន​សេចក្ដី​សុខ​ទេ ទោះ​បើ​អញ​ដើរ​តាម​តែ​សេចក្ដី​រឹង‌ចចេស​ក្នុង​ចិត្ត​អញ ដើម្បី​នឹង​បន្ថែម​សេចក្ដី​ស្រវឹង ទៅ​លើ​សេចក្ដី​សំរេក​ក៏​ដោយ

19. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​អត់​ទោស​ដល់​អ្នក​នោះ​ឡើយ គឺ​សេចក្ដី​ខ្ញាល់​ហើយ​នឹង​សេចក្ដី​ប្រចណ្ឌ​នៃ​ព្រះ‌យេហូវ៉ា នឹង​ហុយ​ឡើង​ទាស់​នឹង​អ្នក​នោះ ហើយ​គ្រប់​ទាំង​សេចក្ដី​បណ្តាសា​ដែល​បាន​កត់​ក្នុង​គម្ពីរ​នេះ នឹង​នៅ​ជាប់​លើ​អ្នក​នោះ​ដែរ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លុប​ឈ្មោះ​គេ​ពី​ក្រោម​មេឃ​ចេញ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 29