គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 29:16-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ក៏​បាន​ឃើញ​ការ​គួរ​ស្អប់​ខ្ពើម​របស់​គេ និង​ព្រះ​ដែល​ធ្វើ​ពី​ឈើ ពី​ថ្ម ប្រាក់ ហើយ​នឹង​មាស នៅ​ក្នុង​ពួក​គេ​នោះ​ដែរ)

17. ក្រែង​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា នៅ​ថ្ងៃ​នេះ​មាន​មនុស្ស​ប្រុស ឬ​ស្រី​ណា ឬ​គ្រួ​ណា ឬ​ពូជ​អំបូរ​ណា​ដែល​មាន​ចិត្ត​បែរ​ចេញ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ទៅ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​របស់​សាសន៍​ទាំង​នោះ​វិញ ហើយ​ក្រែង​នៅ​ក្នុង​ពួក​ឯង​រាល់​គ្នា មាន​ឫស​ណា​ដែល​បង្កើត​ជាតិ​ពុល ហើយ​នឹង​ស្លែង

18. រួច​កាល​ណា​អ្នក​នោះ​ឮ​ពាក្យ​នៃ​សេចក្ដី​បណ្តាសា​នេះ នោះ​គេ​នឹង​ឲ្យ​ពរ​ដល់​ខ្លួន​នៅ​ក្នុង​ចិត្ត​ថា អញ​នឹង​មាន​សេចក្ដី​សុខ​ទេ ទោះ​បើ​អញ​ដើរ​តាម​តែ​សេចក្ដី​រឹង‌ចចេស​ក្នុង​ចិត្ត​អញ ដើម្បី​នឹង​បន្ថែម​សេចក្ដី​ស្រវឹង ទៅ​លើ​សេចក្ដី​សំរេក​ក៏​ដោយ

19. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​មិន​អត់​ទោស​ដល់​អ្នក​នោះ​ឡើយ គឺ​សេចក្ដី​ខ្ញាល់​ហើយ​នឹង​សេចក្ដី​ប្រចណ្ឌ​នៃ​ព្រះ‌យេហូវ៉ា នឹង​ហុយ​ឡើង​ទាស់​នឹង​អ្នក​នោះ ហើយ​គ្រប់​ទាំង​សេចក្ដី​បណ្តាសា​ដែល​បាន​កត់​ក្នុង​គម្ពីរ​នេះ នឹង​នៅ​ជាប់​លើ​អ្នក​នោះ​ដែរ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​លុប​ឈ្មោះ​គេ​ពី​ក្រោម​មេឃ​ចេញ

20. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ញែក​អ្នក​នោះ ពី​គ្រប់​ទាំង​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រា‌អែល​ចេញ ទុក​សំរាប់​តែ​សេចក្ដី​អាក្រក់​ប៉ុណ្ណោះ តាម​អស់​ទាំង​ពាក្យ​បណ្តាសា​នៃ​សេចក្ដី​សញ្ញា​ដែល​កត់​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ។

21. ឯ​ដំណ​មនុស្ស​ក្រោយ​មក គឺ​កូន​ចៅ​ឯង​រាល់​គ្នា​ដែល​នឹង​កើត​ត​ពី​ឯង ហើយ​ពួក​អ្នក​ដទៃ​ដែល​មក​ពី​ស្រុក​ឆ្ងាយ កាល​ណា​គេ​ឃើញ​អស់​ទាំង​សេចក្ដី​វេទនា​នៅ​ស្រុក​នោះ និង​ជំងឺ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ឈឺ

22. ហើយ​ឃើញ​ស្រុក​នោះ​សុទ្ធ​តែ​ស្ពាន់‌ធ័រ និង​អំបិល​ផង​ក៏​កំពុង​តែ​ឆេះ ឥត​ដែល​បាន​សាប‌ព្រោះ ឬ​លូត‌លាស់​ឥត​មាន​ស្មៅ​ដុះ​សោះ ដូច​ជា​កាល​បំផ្លាញ​ក្រុង​សូដុំម ក្រុង​កូម៉ូរ៉ា ក្រុង​អាត់ម៉ា ហើយ​នឹង​ក្រុង​សេបោម​ដែរ ជា​ទី​ក្រុង​ដែល​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ ដោយ​សេចក្ដី​ខ្ញាល់​ហើយ​នឹង​សេចក្ដី​ឃោរ‌ឃៅ​របស់​ទ្រង់

23. នោះ​គ្រប់​ទាំង​សាសន៍​នឹង​សួរ​ថា ហេតុ​ដូច​ម្តេច​បាន​ជា​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ដល់​ស្រុក​នេះ​យ៉ាង​ដូច្នេះ សេចក្ដី​ក្រោធ​យ៉ាង​ខ្លាំង ដ៏​ឆេះ​ក្តៅ បាន​កើត​ឡើង​ដោយ​ព្រោះ​អ្វី

24. នោះ​អស់​ទាំង​សាសន៍​នឹង​ឆ្លើយ​ថា គឺ​ដោយ​ព្រោះ​តែ​គេ​បាន​បោះ‌បង់​ចោល​សេចក្ដី​សញ្ញា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​គេ ដែល​ទ្រង់​បាន​តាំង​នឹង​គេ ក្នុង​កាល​ដែល​ទ្រង់​បាន​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​នោះ

25. គេ​បាន​បែរ​ទៅ​ជា​គោរព​ប្រតិ‌បត្តិ ថ្វាយ‌បង្គំ​ដល់​ព្រះ​ដទៃ ជា​ព្រះ​ដែល​គេ​មិន​បាន​ស្គាល់ គឺ​ជា​ព្រះ​ដែល​ទ្រង់​ក៏​មិន​បាន​ប្រទាន​ឲ្យ​គេ​ផង

26. ហេតុ​នោះ​ហើយ បាន​ជា​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​បាន​កាត់​ឡើង​ទាស់​នឹង​ស្រុក​នេះ ដើម្បី​នឹង​នាំ​អស់​ទាំង​សេចក្ដី​បណ្តាសា ដែល​កត់​ក្នុង​គម្ពីរ​នេះ​មក​លើ​គេ

27. ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រំលើង​គេ ពី​ស្រុក​ចេញ ដោយ​សេចក្ដី​ខ្ញាល់ សេចក្ដី​ឃោរ‌ឃៅ ហើយ​នឹង​សេចក្ដី​ក្តៅ​ក្រហាយ​ដ៏​ជា​ខ្លាំង​របស់​ទ្រង់ ហើយ​បាន​បោះ​គេ​ចោល​ទៅ​ក្នុង​ស្រុក​១​ទៀត ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

28. ឯ​អស់​ទាំង​សេចក្ដី​លាក់​កំបាំង នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ទេ តែ​សេចក្ដី​ដែល​បាន​បើក​សំដែង​មក​ទាំង​ប៉ុន្មាន នោះ​ស្រេច​នៅ​យើង​រាល់​គ្នា ហើយ​នឹង​កូន​ចៅ​យើង ជា​រៀង‌រាប​ដរាប​វិញ ដើម្បី​ឲ្យ​យើង​បាន​ប្រព្រឹត្ត​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 29