គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 28:9-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. ទ្រង់​នឹង​តាំង​ឯង​សំរាប់​ជា​រាស្ត្រ​បរិសុទ្ធ​ដល់​ទ្រង់ ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ឯង​ហើយ គឺ​បើ​ឯង​នឹង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​ដើរ​តាម​ផ្លូវ​ទ្រង់​ផង

10. នោះ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​ឃើញ​ថា ឯង​ជា​អ្នក​មាន​ឈ្មោះ​តាម​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​កោត‌ខ្លាច​ដល់​ឯង

11. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​ចំរើន​ឲ្យ​ឯង​មាន​ជា​បរិបូរ​ឡើង ដោយ​ផល​ដែល​កើត​ពី​ពោះ និង​ផល​កើត​ពី​ហ្វូង​សត្វ ហើយ​នឹង​ផល​កើត​ពី​ដី​ឯង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា នឹង​ឲ្យ​ដល់​ឯង

12. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បើក​ឃ្លាំង​ដ៏​វិសេស​របស់​ទ្រង់​ឲ្យ​ដល់​ឯង គឺ​ជា​ផ្ទៃ​មេឃ ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សំរាប់​ស្រុក​ឯង​តាម​រដូវ​កាល ហើយ​នឹង​ឲ្យ​ពរ​ដល់​គ្រប់​ទាំង​ការ​ដែល​ដៃ​ឯង​ធ្វើ នោះ​ឯង​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី​ឥត​មាន​ខ្ចី​ពី​គេ​វិញ​ឡើយ

13. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ឯង​ទុក​ជា​ក្បាល មិន​មែន​ជា​កន្ទុយ​ឡើយ ឯង​នឹង​នៅ​តែ​ពី​លើ​គេ មិន​ដែល​នៅ​ពី​ក្រោម​ទេ គឺ​បើ​ឯង​នឹង​ស្តាប់​តាម​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ផង

14. ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ចេញ​ពី​ព្រះ‌បន្ទូល​ណា​មួយ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​រក ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​នោះ​ឡើយ។

15. ប៉ុន្តែ បើ​ឯង​មិន​ព្រម​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​មិន​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​គ្រប់​ទាំង​សេចក្ដី​បញ្ញត្ត និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​ទេ នោះ​អស់​ទាំង​សេចក្ដី​បណ្តាសា​ទាំង​នេះ​នឹង​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង

16. គឺ​ឯង​នឹង​ត្រូវ​បណ្តាសា​នៅ​ក្នុង​ទី​ក្រុង ហើយ​នៅ​ស្រែ​ចំការ​ដែរ

17. ឯ​កំប្រោង និង​ស្បៀង​អាហារ​របស់​ឯង នោះ​នឹង​ត្រូវ​បណ្តាសា​វិញ

18. ផល​ដែល​កើត​ពី​ពោះ និង​ផល​កើត​ពី​ដី​ឯង ហើយ​នឹង​សេចក្ដី​ចំរើន​របស់​ហ្វូង​គោ និង​កូន​ទាំង​ប៉ុន្មាន​របស់​ហ្វូង​ចៀម​ឯង នោះ​នឹង​ត្រូវ​បណ្តាសា​ទាំង​អស់

19. ឯង​នឹង​ត្រូវ​បណ្តាសា ក្នុង​កាល​ដែល​ឯង​ចូល​មក ហើយ​នឹង​ត្រូវ​បណ្តាសា ក្នុង​កាល​ដែល​ឯង​ចេញ​ទៅ​ផង។

20. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចាត់​សេចក្ដី​បណ្តាសា និង​សេចក្ដី​បាក់‌បប ហើយ​សេចក្ដី​បន្ទោស​មក​លើ​ឯង ក្នុង​គ្រប់​ការ​អ្វី​ដែល​ឯង​ដាក់​ដៃ​ធ្វើ ដរាប​ដល់​ត្រូវ​បំផ្លាញ​ចេញ ហើយ​វិនាស​អស់​ទៅ​ជា​ឆាប់​ផង ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ឯង ដែល​បាន​លះ‌បង់​ចោល​អញ

21. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​នៅ​ជាប់​នឹង​ឯង ដរាប​ដល់​ឯង​រោយ‌រៀវ​បាត់​ចេញ​ពី​ស្រុក ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ​អស់​ទៅ

22. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង​ដោយ​ជំងឺ​រីងរៃ និង​គ្រុន​រងា ហើយ​ដោយ​កើត​ហើម​ពិស និង​ក្តៅ​ខ្លួន​ដូច​ភ្លើង ដោយ​ដាវ និង​ស្រូវ​ស្កក ហើយ​ក្រា​ផង សេចក្ដី​វេទនា​ទាំង​នោះ​នឹង​ដេញ​តាម​ឯង ទាល់​តែ​វិនាស​បាត់​អស់​រលីង​ទៅ

23. ឯ​មេឃ​ពី​លើ​ក្បាល​ឯង​នឹង​បាន​ដូច​ជា​បង្ហិន ហើយ​ដី​នៅ​ក្រោម​ឯង នឹង​បាន​ដូច​ជា​ដែក

24. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​ឯង ជា​ធូលី និង​ផង់​លំអង​ដី ដែល​នឹង​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ឯង ដរាប​ដល់​ឯង​វិនាស​បាត់​អស់​ទៅ។

25. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​ចុះ​ចាញ់ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ឯង​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវ​១ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​៧​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខ​គេ​ចេញ ហើយ​ឯង​នឹង​ត្រូវ​ខ្ចាត់​ចុះ​ឡើង ក្នុង​គ្រប់​ទាំង​នគរ​នៅ​ផែនដី

26. ខ្មោច​របស់​ឯង​នឹង​បាន​ជា​អាហារ ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​សត្វ​ព្រៃ​នៅ​ដី ឥត​មាន​អ្នក​ណា​នឹង​ដេញ​វា​ឡើយ

27. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ដោយ​បូស​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទនិង​ឫស‌ដូង‌បាត កម ហើយ​នឹង​រមាស់​ផង ដែល​ឯង​នឹង​មើល​មិន​ចេះ​ជា​ឡើយ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 28