គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 28:54-67 ព្រះគម្ពីរបរិសុទ្ធ (KHOV)

54. អ្នក​ណា​ដែល​រមែង​មាន​ចិត្ត​ថ្នម ហើយ​ស្រទន់​ណាស់​ក្នុង​ពួក​ឯង អ្នក​នោះ​ឯង​នឹង​ត្រឡប់​ជា​មាន​ភ្នែក​អាក្រក់​ដល់​បង​ប្អូន​ខ្លួន ដល់​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ហើយ​ដល់​កូន​ខ្លួន​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​វិញ

55. ដល់​ម៉្លេះ​បាន​ជា​មិន​ព្រម​ទាំង​ចែក​សាច់​កូន​របស់​ខ្លួន ដែល​កំពុង​តែ​បរិភោគ ឲ្យ​ដល់​អ្នក​ណា​មួយ​នោះ​ឡើយ ដោយ​ព្រោះ​គ្មាន​អ្វី​សល់​ទៀត គឺ​ក្នុង​គ្រា​ដែល​ខ្មាំង​សត្រូវ​ឯង​នៅ​ព័ទ្ធ​ជុំវិញ​នោះ នឹង​វេលា​ដែល​ឯង​មាន​សេចក្ដី​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​ដល់​ឯង នៅ​គ្រប់​ទាំង​ទី​ក្រុង​ឯង​ផង

56. ហើយ​ស្ត្រី​ណា​ដែល​មាន​ចិត្ត​ថ្នម ហើយ​ស្រទន់​នៅ​ក្នុង​ពួក​ឯង ជា​ស្ត្រី​ដែល​មិន​ដែល​ទាំង​ដាក់​បាត​ជើង​ដល់​ដី​ផង ដោយ​ព្រោះ​នាង​ទន់‌ភ្លន់​ហើយ​ថ្នម​ខ្លួន នាង​នោះ​នឹង​មាន​ភ្នែក​អាក្រក់​ដល់​ប្ដី ជា​ទី​ស្រឡាញ់​របស់​ខ្លួន និង​ដល់​កូន​ប្រុស​កូន​ស្រី​ខ្លួន

57. ហើយ​ដល់​ទាំង​កូន​ខ្ចី ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​ខ្លួន​មក ព្រម​ទាំង​ដល់​កូន​ដែល​នឹង​សំរាល​ទៀត​ផង ដ្បិត​នាង​នឹង​បរិភោគ​វា​ដោយ​សំងាត់ ដោយ​ព្រោះ​គ្មាន​អ្វី​សោះ ក្នុង​គ្រា​ដែល​ពួក​ខ្មាំង​សត្រូវ​នៅ​ព័ទ្ធ​ជុំវិញ​នោះ​នឹង​វេលា​ដែល​មាន​សេចក្ដី​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​ដល់​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ឯង។

58. បើ​ឯង​មិន​ព្រម​ប្រយ័ត្ន និង​ធ្វើ​តាម​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ ដែល​បាន​កត់​ទុក​ក្នុង​គម្ពីរ​នេះ ដើម្បី​ឲ្យ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌នាម​ដ៏​មាន​សិរី‌ល្អ ហើយ​គួរ​ស្ញែង‌ខ្លាច​នេះ គឺ«ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង»

59. នោះ​ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​របស់​ឯង បាន​ចំឡែក​អស្ចារ្យ ព្រម​ទាំង​សេចក្ដី​វេទនា​នៃ​ពូជ​ឯង​ផង គឺ​ជា​សេចក្ដី​វេទនា​យ៉ាង​ធំ ហើយ​ជាប់​ជា​យូរ និង​ជំងឺ​គ្រាំ‌គ្រា​ដែល​នៅ​ជាប់​ជា​យូរ​ដែរ

60. ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​កើត​អស់​ទាំង​ជំងឺ​របស់​ស្រុក​អេស៊ីព្ទ ដែល​ឯង​បាន​ខ្លាច​នោះ​ទាំង​ប៉ុន្មាន ជំងឺ​ទាំង​នោះ​នឹង​នៅ​ជាប់​នឹង​ឯង

61. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​កើត​គ្រប់​ទាំង​ជំងឺ ហើយ​នឹង​សេចក្ដី​វេទនា​ទាំង​អស់ ដែល​មិន​បាន​កត់​ទុក​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​នេះ​ទៀត ដរាប​ដល់​ឯង​បាន​វិនាស​បាត់​អស់​រលីង​ទៅ

62. ហើយ​ទោះ​ពី​ដើម​ឯង​រាល់​គ្នា​មាន​គ្នា​ច្រើន ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ​ក៏​ដោយ គង់​តែ​នឹង​នៅ​សល់​តែ​បន្តិច​ទេ ពី​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

63. នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​សព្វ​ព្រះ‌ហឫ‌ទ័យ ធ្វើ​ឲ្យ​ឯង​រាល់​គ្នា​វិនាស ហើយ​នឹង​បំផ្លាញ​ឯង​រាល់​គ្នា​ចេញ ដូច​ជា​កាល​ពី​ដើម​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​ប្រោស​សេចក្ដី​ល្អ​ដល់​ឯង ហើយ​ចំរើន​ឯង​រាល់​គ្នា​ឡើង​នោះ​ដែរ ឯង​រាល់​គ្នា​នឹង​ត្រូវ​ដក​ចេញ​ពី​ស្រុក ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ

64. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​កំចាត់‌កំចាយ​ឯង ឲ្យ​ទៅ​នៅ​ក្នុង​គ្រប់​ទាំង​សាសន៍ ពី​ចុង​ផែនដី​ម្ខាង រហូត​ដល់​ចុង​ផែនដី​ម្ខាង នៅ​ទី​នោះ​ឯង​នឹង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​ដ៏ទៃ​ធ្វើ​ពី​ឈើ ហើយ​នឹង​ថ្ម ដែល​ឯង និង​ពួក​អយ្យកោ​ឯង​មិន​ដែល​ស្គាល់​សោះ

65. នៅ​ក្នុង​សាសន៍​ទាំង​នោះ ឯង​នឹង​រក​សេចក្ដី​ស្រណុក​មិន​បាន ហើយ​បាត​ជើង​ឯង​មិន​ចេះ​បាន​សំរាក​ឡើយ គឺ​នៅ​ទី​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ចិត្ត​ឯង​ញ័រ​រន្ធត់ ឲ្យ​ភ្នែក​ឯង​ស្រវាំង​ទៅ ហើយ​ឲ្យ​មាន​គំនិត​ព្រួយ​លំបាក​ដែរ

66. ទោះ​ទាំង​ជីវិត​ឯង ក៏​នឹង​គ្មាន​ទី​កំណត់​ដល់​ឯង​ផង ឯង​នឹង​ចេះ​តែ​ភ័យ​ខ្លាច​ទាំង​យប់​ទាំង​ថ្ងៃ ឥត​មាន​សង្ឃឹម​នឹង​រស់​នៅ​ឡើយ

67. នៅ​ពេល​ព្រឹក​ឯង​នឹង​ថា ឱ​កាល​ណា​បាន​ល្ងាច​ទៅ​ហ្ន៎ ហើយ​ដល់​ពេល​ល្ងាច នោះ​នឹង​ថា ឱ​កាល​ណា​បាន​ព្រឹក​ឡើង​ទៅ​ហ្ន៎ គឺ​ដោយ​ព្រោះ​សេចក្ដី​ភិត‌ភ័យ​នៅ​ក្នុង​ចិត្ត​ឯង ដែល​នាំ​ឲ្យ​ឯង​ខ្លាច​នោះ ហើយ​ដោយ​ព្រោះ​ការ​ដែល​ភ្នែក​ឯង​នឹង​ឃើញ​ផង

សូមអានជំពូកពេញលេញ ចោទិយ‌កថា 28