គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 28:38-57 ព្រះគម្ពីរបរិសុទ្ធ (KHOV)

38. ឯង​នឹង​នាំ​យក​ពូជ​ពង្រោះ​ជា​ច្រើន ទៅ​សាប‌ព្រោះ​នៅ​ក្នុង​ស្រែ​ឯង តែ​នឹង​ច្រូត​បាន​តែ​បន្តិច​វិញ​ទេ ដ្បិត​កណ្តូប​នឹង​កាត់​បំផ្លាញ​ទាំង​អស់​ទៅ

39. ឯង​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​ខំ​ថែ​រក្សា​ផង តែ​មិន​បាន​ក្រេប​រស​របស់​ផ្លែ​នោះ​ឡើយ ក៏​មិន​បាន​ទាំង​បេះ​ផង ដ្បិត​ដង្កូវ​នឹង​ស៊ី​ទាំង​អស់​ទៅ

40. ឯង​នឹង​មាន​ដើម​អូលីវ នៅ​ពេញ​ក្នុង​ស្រុក​ឯង តែ​មិន​បាន​យក​ប្រេង​មក​លាប​ខ្លួន​សោះ ដ្បិត​ក្តឹប​នឹង​ជ្រុះ​រុះ​ទាំង​អស់​ទៅ

41. ឯង​នឹង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី តែ​មិន​បាន​ជា​របស់​ផង​ឯង​ទេ ដ្បិត​គេ​នឹង​នាំ​វា​ទៅ​ជា​ឈ្លើយ

42. អស់​ទាំង​ដើម​ឈើ និង​ផល​កើត​ពី​ដី​របស់​ឯង នោះ​នឹង​បាន​ជា​របស់​ផង​កណ្តូប​វិញ

43. អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ជា​មួយ នឹង​ឡើង​ទៅ​ជា​ខ្ពស់​ជាង​ឯង​ជា​ដរាប ហើយ​ឯង​នឹង​ចុះ​ទៅ​ជា​ទាប​ជាង​គេ

44. គេ​នឹង​ឲ្យ​ឯង​ខ្ចី តែ​ឯង​មិន​បាន​ឲ្យ​គេ​ខ្ចី​ទេ គេ​នឹង​ធ្វើ​ជា​ក្បាល ហើយ​ឯង​នឹង​ទៅ​ជា​កន្ទុយ​វិញ។

45. គ្រប់​ទាំង​សេចក្ដី​បណ្តាសា​ទាំង​នេះ នឹង​ផ្សាយ​មក​លើ​ឯង ហើយ​នឹង​ដេញ​តាម​ឯង​ទាន់​ផង ដរាប​ដល់​ឯង​វិនាស​បាត់​ទៅ ដោយ​ព្រោះ​ឯង​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​កាន់​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​ទ្រង់​បាន​បង្គាប់​មក​ឯង​នោះ

46. សេចក្ដី​ទាំង​នោះ​នឹង​នៅ​ជាប់​លើ​ឯង ហើយ​លើ​ពូជ​ឯង សំរាប់​ជា​ទី​សំគាល់ ហើយ​ជា​ទី​អស្ចារ្យ នៅ​អស់​កល្ប‌ជានិច្ច។

47. ដោយ​ហេតុ​តែ​ឯង​មិន​បាន​គោរព​ប្រតិ‌បត្តិ ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដោយ​ចិត្ត​រីក‌រាយ​សប្បាយ នៅ​កណ្តាល​របស់​ដែល​មាន​ជា​បរិបូរ​ទាំង​ប៉ុន្មាន

48. បាន​ជា​ឯង​ត្រូវ​បំរើ​ពួក​ខ្មាំង​សត្រូវ ដែល​ព្រះ‌យេហូវ៉ា​នឹង​ឲ្យ​មក​ទាស់​នឹង​ឯង គឺ​នឹង​បំរើ​គេ​ទាំង​ស្រេក​ឃ្លាន ទាំង​នៅ​អាក្រាត ទាំង​ខ្វះ‌ខាត​របស់​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​បំពាក់​នឹម​ដែក​មក​លើ​ក​ឯង ដរាប​ដល់​ឯង​បាន​វិនាស​បាត់​ទៅ

49. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​សាសន៍១​ពី​ចំងាយ គឺ​ពី​ចុង​ផែនដី​មក ដូច​ជា​ឥន្ទ្រី​ហើរ ជា​សាសន៍​ដែល​ឯង​ស្តាប់​ភាសា​គេ​មិន​បាន

50. ជា​សាសន៍​មាន​ទឹក​មុខ​សាហាវ ឥត​មាន​យល់​ដល់​ចាស់ ក៏​មិន​ចេះ​អាណិត​ដល់​ក្មេង​ផង

51. គេ​នឹង​ស៊ី​ផល​ពី​ហ្វូង​សត្វ​ឯង និង​ពី​ដី​ឯង ដរាប​ដល់​ឯង​វិនាស​បាត់​ទៅ គេ​មិន​ទុក​ឲ្យ​ឯង​មាន​ស្រូវ ឬ​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​ប្រេង ឬ​ផល​ចំរើន​ពី​ហ្វូង​គោ ហ្វូង​ចៀម​ឯង​ឡើយ ដរាប​ដល់​គេ​បាន​បំផ្លាញ​ឯង​អស់​រលីង​ទៅ

52. គេ​នឹង​ចោម​ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ឯង ដរាប​ដល់​កំផែង​ខ្ពស់ ហើយ​មាំ‌មួន ដែល​ឯង​យក​ជា​ទី​ពឹង​នោះ បាន​រលំ​នៅ​ពេញ​ក្នុង​ស្រុក​ឯង គេ​នឹង​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ឯង នៅ​ក្នុង​ទី​ក្រុង​ទាំង​អស់​នៅ​ពេញ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ឲ្យ

53. ហើយ​នៅ​វេលា​គេ​ឡោម‌ព័ទ្ធ​ឯង​ជុំវិញ និង​គ្រា​ដែល​មាន​សេចក្ដី​លំបាក ដែល​ខ្មាំង​សត្រូវ​នឹង​ធ្វើ​ទុក្ខ​ដល់​ឯង នោះ​ឯង​នឹង​បរិភោគ​ផល​ដែល​កើត​ចេញ​ពី​ខ្លួន​ឯង គឺ​ជា​សាច់​របស់​កូន​ប្រុស​កូន​ស្រី​ឯង ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ

54. អ្នក​ណា​ដែល​រមែង​មាន​ចិត្ត​ថ្នម ហើយ​ស្រទន់​ណាស់​ក្នុង​ពួក​ឯង អ្នក​នោះ​ឯង​នឹង​ត្រឡប់​ជា​មាន​ភ្នែក​អាក្រក់​ដល់​បង​ប្អូន​ខ្លួន ដល់​ប្រពន្ធ​ជា​ទី​ស្រឡាញ់​របស់​ខ្លួន ហើយ​ដល់​កូន​ខ្លួន​ទាំង​ប៉ុន្មាន ដែល​នៅ​សល់​វិញ

55. ដល់​ម៉្លេះ​បាន​ជា​មិន​ព្រម​ទាំង​ចែក​សាច់​កូន​របស់​ខ្លួន ដែល​កំពុង​តែ​បរិភោគ ឲ្យ​ដល់​អ្នក​ណា​មួយ​នោះ​ឡើយ ដោយ​ព្រោះ​គ្មាន​អ្វី​សល់​ទៀត គឺ​ក្នុង​គ្រា​ដែល​ខ្មាំង​សត្រូវ​ឯង​នៅ​ព័ទ្ធ​ជុំវិញ​នោះ នឹង​វេលា​ដែល​ឯង​មាន​សេចក្ដី​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​ដល់​ឯង នៅ​គ្រប់​ទាំង​ទី​ក្រុង​ឯង​ផង

56. ហើយ​ស្ត្រី​ណា​ដែល​មាន​ចិត្ត​ថ្នម ហើយ​ស្រទន់​នៅ​ក្នុង​ពួក​ឯង ជា​ស្ត្រី​ដែល​មិន​ដែល​ទាំង​ដាក់​បាត​ជើង​ដល់​ដី​ផង ដោយ​ព្រោះ​នាង​ទន់‌ភ្លន់​ហើយ​ថ្នម​ខ្លួន នាង​នោះ​នឹង​មាន​ភ្នែក​អាក្រក់​ដល់​ប្ដី ជា​ទី​ស្រឡាញ់​របស់​ខ្លួន និង​ដល់​កូន​ប្រុស​កូន​ស្រី​ខ្លួន

57. ហើយ​ដល់​ទាំង​កូន​ខ្ចី ដែល​ទើប​នឹង​ចេញ​ពី​ផ្ទៃ​ខ្លួន​មក ព្រម​ទាំង​ដល់​កូន​ដែល​នឹង​សំរាល​ទៀត​ផង ដ្បិត​នាង​នឹង​បរិភោគ​វា​ដោយ​សំងាត់ ដោយ​ព្រោះ​គ្មាន​អ្វី​សោះ ក្នុង​គ្រា​ដែល​ពួក​ខ្មាំង​សត្រូវ​នៅ​ព័ទ្ធ​ជុំវិញ​នោះ​នឹង​វេលា​ដែល​មាន​សេចក្ដី​លំបាក ដោយ​គេ​ធ្វើ​ទុក្ខ​ដល់​ឯង នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​របស់​ឯង។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 28