គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 28:30-43 ព្រះគម្ពីរបរិសុទ្ធ (KHOV)

30. ឯង​នឹង​ដណ្តឹង​ប្រពន្ធ តែ​នឹង​មាន​អ្នក​ឯ​ទៀត​រួម​ដំណេក​នឹង​នាង​វិញ ឯង​នឹង​សង់​ផ្ទះ តែ​មិន​បាន​ឡើង​នៅ​ទេ ឯង​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​ទទួល​ផល​ផ្លែ​ទេ

31. គេ​នឹង​សំឡាប់​គោ​ឯង​នៅ​ចំពោះ​ភ្នែក​ឯង តែ​ឯង​មិន​បាន​បរិភោគ​សោះ គេ​នឹង​កំហែង​យក​លា​ពី​មុខ​ឯង​ទៅ ឥត​ប្រគល់​មក​វិញ​ឡើយ គេ​នឹង​ឲ្យ​ហ្វូង​ចៀម​ឯង ទៅ​ពួក​ខ្មាំង​សត្រូវ​វិញ ឥត​មាន​អ្នក​ណា​នឹង​ជួយ​ឯង​ផង

32. គេ​នឹង​ឲ្យ​កូន​ប្រុស​កូន​ស្រី​ឯង​ដល់​សាសន៍​ដទៃ ភ្នែក​ឯង​នឹង​ស្រវាំង​ទៅ ដោយ​នឹក​រឭក ហើយ​សំឡឹង​មើល​តាម​វា​ជានិច្ច ដៃ​ឯង​ក៏​នឹង​គ្មាន​កំឡាំង​សោះ

33. សាសន៍១​ដែល​ឯង​មិន​ស្គាល់ គេ​នឹង​ស៊ី​បំផ្លាញ​ផល​ពី​ដី និង​ការ​នឿយ​ហត់​របស់​ឯង​ទាំង​អស់ ឯង​នឹង​ត្រូវ​គេ​សង្កត់‌សង្កិន​ជានិច្ច ហើយ​ជិះ‌ជាន់​ជា​ដរាប

34. ដល់​ម៉្លេះ​បាន​ជា​ឯង​នឹង​វង្វេង​ស្មារតី ដោយ​អស់​ទាំង​ការ​ដែល​ឯង​មើល​ឃើញ​នឹង​ភ្នែក

35. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង​នៅ​ត្រង់​ក្បាល​ជង្គង់ ហើយ​នៅ​ជើង ឲ្យ​កើត​មាន​ដំបៅ​អាក្រក់ ចាប់​តាំង​ពី​បាត​ជើង​ទៅ​ដល់​ក្រយៅ​ក្បាល ដែល​ឥត​មាន​អ្នក​ណា​មើល​ឲ្យ​ជា​បាន​ឡើយ។

36. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​នាំ​យក​ឯង ហើយ​នឹង​ស្តេច​ដែល​ឯង​នឹង​តាំង​ឡើង​លើ​ឯង ទៅ​ឯ​នគរ​១​ទៀត ដែល​ឯង និង​ពួក​អយ្យកោ​ឯង​មិន​ដែល​បាន​ស្គាល់ នៅ​ស្រុក​នោះ​ឯង​នឹង​គោរព​ប្រតិ‌បត្តិ ដល់​ព្រះ​ដទៃ ដែល​ធ្វើ​ពី​ឈើ ហើយ​ពី​ថ្ម

37. ឯង​នឹង​ត្រឡប់​ទៅ​ជា​ទី​អស្ចារ្យ និង​ជា​ទី​ប្រៀប‌ធៀប ហើយ​ជា​ទី​ដំនៀល នៅ​កណ្តាល​គ្រប់​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​ឯង​ទៅ​នៅ​នោះ

38. ឯង​នឹង​នាំ​យក​ពូជ​ពង្រោះ​ជា​ច្រើន ទៅ​សាប‌ព្រោះ​នៅ​ក្នុង​ស្រែ​ឯង តែ​នឹង​ច្រូត​បាន​តែ​បន្តិច​វិញ​ទេ ដ្បិត​កណ្តូប​នឹង​កាត់​បំផ្លាញ​ទាំង​អស់​ទៅ

39. ឯង​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ ហើយ​ខំ​ថែ​រក្សា​ផង តែ​មិន​បាន​ក្រេប​រស​របស់​ផ្លែ​នោះ​ឡើយ ក៏​មិន​បាន​ទាំង​បេះ​ផង ដ្បិត​ដង្កូវ​នឹង​ស៊ី​ទាំង​អស់​ទៅ

40. ឯង​នឹង​មាន​ដើម​អូលីវ នៅ​ពេញ​ក្នុង​ស្រុក​ឯង តែ​មិន​បាន​យក​ប្រេង​មក​លាប​ខ្លួន​សោះ ដ្បិត​ក្តឹប​នឹង​ជ្រុះ​រុះ​ទាំង​អស់​ទៅ

41. ឯង​នឹង​បង្កើត​បាន​កូន​ប្រុស​កូន​ស្រី តែ​មិន​បាន​ជា​របស់​ផង​ឯង​ទេ ដ្បិត​គេ​នឹង​នាំ​វា​ទៅ​ជា​ឈ្លើយ

42. អស់​ទាំង​ដើម​ឈើ និង​ផល​កើត​ពី​ដី​របស់​ឯង នោះ​នឹង​បាន​ជា​របស់​ផង​កណ្តូប​វិញ

43. អ្នក​ប្រទេស​ក្រៅ​ដែល​នៅ​ជា​មួយ នឹង​ឡើង​ទៅ​ជា​ខ្ពស់​ជាង​ឯង​ជា​ដរាប ហើយ​ឯង​នឹង​ចុះ​ទៅ​ជា​ទាប​ជាង​គេ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 28