គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 28:20-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ចាត់​សេចក្ដី​បណ្តាសា និង​សេចក្ដី​បាក់‌បប ហើយ​សេចក្ដី​បន្ទោស​មក​លើ​ឯង ក្នុង​គ្រប់​ការ​អ្វី​ដែល​ឯង​ដាក់​ដៃ​ធ្វើ ដរាប​ដល់​ត្រូវ​បំផ្លាញ​ចេញ ហើយ​វិនាស​អស់​ទៅ​ជា​ឆាប់​ផង ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​ឯង ដែល​បាន​លះ‌បង់​ចោល​អញ

21. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ​នៅ​ជាប់​នឹង​ឯង ដរាប​ដល់​ឯង​រោយ‌រៀវ​បាត់​ចេញ​ពី​ស្រុក ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ​អស់​ទៅ

22. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង​ដោយ​ជំងឺ​រីងរៃ និង​គ្រុន​រងា ហើយ​ដោយ​កើត​ហើម​ពិស និង​ក្តៅ​ខ្លួន​ដូច​ភ្លើង ដោយ​ដាវ និង​ស្រូវ​ស្កក ហើយ​ក្រា​ផង សេចក្ដី​វេទនា​ទាំង​នោះ​នឹង​ដេញ​តាម​ឯង ទាល់​តែ​វិនាស​បាត់​អស់​រលីង​ទៅ

23. ឯ​មេឃ​ពី​លើ​ក្បាល​ឯង​នឹង​បាន​ដូច​ជា​បង្ហិន ហើយ​ដី​នៅ​ក្រោម​ឯង នឹង​បាន​ដូច​ជា​ដែក

24. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​ឯង ជា​ធូលី និង​ផង់​លំអង​ដី ដែល​នឹង​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ឯង ដរាប​ដល់​ឯង​វិនាស​បាត់​អស់​ទៅ។

25. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ឯង​ចុះ​ចាញ់ នៅ​មុខ​ពួក​ខ្មាំង​សត្រូវ ឯង​នឹង​ចេញ​ទៅ​ទាស់​នឹង​គេ​តាម​ផ្លូវ​១ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​៧​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខ​គេ​ចេញ ហើយ​ឯង​នឹង​ត្រូវ​ខ្ចាត់​ចុះ​ឡើង ក្នុង​គ្រប់​ទាំង​នគរ​នៅ​ផែនដី

26. ខ្មោច​របស់​ឯង​នឹង​បាន​ជា​អាហារ ដល់​សត្វ​ហើរ​នៅ​លើ​អាកាស និង​សត្វ​ព្រៃ​នៅ​ដី ឥត​មាន​អ្នក​ណា​នឹង​ដេញ​វា​ឡើយ

27. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ដោយ​បូស​ដែល​កើត​នៅ​ស្រុក​អេស៊ីព្ទនិង​ឫស‌ដូង‌បាត កម ហើយ​នឹង​រមាស់​ផង ដែល​ឯង​នឹង​មើល​មិន​ចេះ​ជា​ឡើយ

28. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​វាយ​ឯង ឲ្យ​វង្វេង​ស្មារតី ឲ្យ​ខ្វាក់​ភ្នែក ហើយ​ឲ្យ​មាន​ចិត្ត​ឆ្ងល់​ភាំង

29. ឯង​នឹង​ដើរ​ស្ទាប​រក​ផ្លូវ​ទាំង​ថ្ងៃ​ត្រង់ ដូច​ជា​មនុស្ស​ខ្វាក់​ស្ទាប​រាវ​រក​ផ្លូវ​ក្នុង​ទី​ងងឹត​ដែរ ហើយ​ឯង​នឹង​ធ្វើ​ការ​អ្វី តាម​ផ្លូវ​ប្រព្រឹត្ត​របស់​ឯង ក៏​មិន​កើត​ឡើយ គេ​នឹង​សង្កត់‌សង្កិន​ឯង​ជានិច្ច ហើយ​បំបាត់​យក​របស់​ឯង​ជា​ដរាប ឥត​មាន​អ្នក​ណា​ជួយ​ឡើយ

30. ឯង​នឹង​ដណ្តឹង​ប្រពន្ធ តែ​នឹង​មាន​អ្នក​ឯ​ទៀត​រួម​ដំណេក​នឹង​នាង​វិញ ឯង​នឹង​សង់​ផ្ទះ តែ​មិន​បាន​ឡើង​នៅ​ទេ ឯង​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​ទទួល​ផល​ផ្លែ​ទេ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 28