គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 28:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. បើ‌សិន​ជា​ខំ​ប្រឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រយ័ត្ន​នឹង​ប្រព្រឹត្ត​តាម​អស់​ទាំង​បញ្ញត្ត​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​លើក​ឯង​ឡើង​ជា​ខ្ពស់ លើស​ជាង​អស់​ទាំង​សាសន៍​នៅ​ផែនដី​ទាំង​ប៉ុន្មាន

2. រួច​អស់​ទាំង​ពរ​ទាំង​នេះ​នឹង​បាន​ផ្សាយ​មក​លើ​ឯង ហើយ​រត់​មក​រក​ឯង​ផង គឺ​បើ​ឯង​នឹង​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង

3. ឯង​នឹង​មាន​ពរ​នៅ​ក្នុង​ក្រុង ហើយ​នឹង​មាន​ពរ​នៅ​ស្រែ​ចំការ​ដែរ

4. ផល​ដែល​កើត​ពី​ពោះ​ឯង​មក ព្រម​ទាំង​ផល​កើត​ពី​ដី​ឯង និង​ផល​កើត​ពី​សត្វ​ឯង គឺ​ជា​សេចក្ដី​ចំរើន​របស់​គោ និង​កូន​ទាំង​ប៉ុន្មាន​របស់​ចៀម​ឯង នោះ​នឹង​មាន​ពរ​គ្រប់​ទាំង​អស់

5. ឯ​កំប្រោង និង​ស្បៀង​អាហារ​របស់​ឯង នោះ​នឹង​មាន​ពរ​ដែរ

6. ឯង​នឹង​មាន​ពរ​ក្នុង​កាល​ដែល​ឯង​ចូល​មក ហើយ​នឹង​មាន​ពរ​ក្នុង​កាល​ដែល​ចេញ​ទៅ​ផង។

7. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ដែល​លើក​គ្នា​មក​ទាស់​នឹង​ឯង ត្រូវ​ចុះ​ចាញ់​នៅ​មុខ​ឯង គេ​នឹង​ចេញ​មក​ទាស់​នឹង​ឯង​តាម​ផ្លូវ​មួយ តែ​នឹង​រត់​ទៅ​តាម​ផ្លូវ​៧​វិញ ដើម្បី​ឲ្យ​រួច​ពី​មុខ​ឯង​ចេញ

8. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បង្គាប់​ឲ្យ​មាន​ពរ​នៅ​លើ​ជង្រុក​ឯង ហើយ​លើ​គ្រប់​ទាំង​ការ​អ្វី​ដែល​ឯង​នឹង​ដាក់​ដៃ​ធ្វើ ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក

9. ទ្រង់​នឹង​តាំង​ឯង​សំរាប់​ជា​រាស្ត្រ​បរិសុទ្ធ​ដល់​ទ្រង់ ដូច​ជា​ទ្រង់​បាន​ស្បថ​នឹង​ឯង​ហើយ គឺ​បើ​ឯង​នឹង​កាន់​តាម​អស់​ទាំង​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​ដើរ​តាម​ផ្លូវ​ទ្រង់​ផង

10. នោះ​គ្រប់​ទាំង​សាសន៍​នៅ​ផែនដី​នឹង​ឃើញ​ថា ឯង​ជា​អ្នក​មាន​ឈ្មោះ​តាម​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ហើយ​គេ​នឹង​កោត‌ខ្លាច​ដល់​ឯង

11. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​ចំរើន​ឲ្យ​ឯង​មាន​ជា​បរិបូរ​ឡើង ដោយ​ផល​ដែល​កើត​ពី​ពោះ និង​ផល​កើត​ពី​ហ្វូង​សត្វ ហើយ​នឹង​ផល​កើត​ពី​ដី​ឯង នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​នឹង​ពួក​អយ្យកោ​ថា នឹង​ឲ្យ​ដល់​ឯង

12. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បើក​ឃ្លាំង​ដ៏​វិសេស​របស់​ទ្រង់​ឲ្យ​ដល់​ឯង គឺ​ជា​ផ្ទៃ​មេឃ ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​សំរាប់​ស្រុក​ឯង​តាម​រដូវ​កាល ហើយ​នឹង​ឲ្យ​ពរ​ដល់​គ្រប់​ទាំង​ការ​ដែល​ដៃ​ឯង​ធ្វើ នោះ​ឯង​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី​ឥត​មាន​ខ្ចី​ពី​គេ​វិញ​ឡើយ

13. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​តាំង​ឯង​ទុក​ជា​ក្បាល មិន​មែន​ជា​កន្ទុយ​ឡើយ ឯង​នឹង​នៅ​តែ​ពី​លើ​គេ មិន​ដែល​នៅ​ពី​ក្រោម​ទេ គឺ​បើ​ឯង​នឹង​ស្តាប់​តាម​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​ផង

14. ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង ចេញ​ពី​ព្រះ‌បន្ទូល​ណា​មួយ ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ ដើម្បី​នឹង​រក ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ដទៃ​នោះ​ឡើយ។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 28