ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ពិធី​រំលឹក​អំពី​សម្ពន្ធ‌មេត្រី

ថ្ម​នៅ​ភ្នំ​អេបាល

1. នោះ​ម៉ូសេ និង​ពួក​ចាស់‌ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល ក៏​បង្គាប់​ដល់​បណ្តា‌ជន​ថា ចូរ​កាន់​តាម​គ្រប់​ទាំង​បញ្ញត្ត ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ

2. រួច​នៅ​ថ្ងៃ​ដែល​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ឯង នោះ​ត្រូវ​ឲ្យ​រៀប​ថ្ម​ឡើង​ហើយ​បូក​បាយអ​ចុះ

3. ត្រូវ​ចារឹក​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ ចុះ​នៅ​នឹង​ថ្ម​នោះ ក្នុង​កាល​ដែល​ឆ្លង​ទៅ ដើម្បី​នឹង​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ គឺ​ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អយ្យកោ​ឯង​បាន​មាន​ព្រះ‌បន្ទូល​ហើយ

4. កាល​ណា​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​រួច​ហើយ ត្រូវ​ឲ្យ​រៀប​ថ្ម​នោះ​ឡើង នៅ​លើ​ភ្នំ​អេបាល តាម​ដែល​អញ​បង្គាប់​នៅ​ថ្ងៃ​នេះ រួច​បូក​បាយអ​ផង

5. នៅ​ទី​នោះ​ក៏​ត្រូវ​ស្អាង​អាស‌នា​១ ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង គឺ​ជា​អាសនា​ធ្វើ​ពី​ថ្ម មិន​ត្រូវ​ឲ្យ​យក​ដែក​ពន្លាក​ទៅ​ដាប់​ឡើយ

6. ត្រូវ​ស្អាង​អាសនា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដោយ​ថ្ម​ទាំង​មូល ហើយ​ថ្វាយ​ដង្វាយ​ដុត​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង នៅ​លើ​អាស‌នា​នោះ

7. ព្រម​ទាំង​ដង្វាយ​មេត្រី​ផង រួច​ត្រូវ​បរិភោគ​នៅ​កន្លែង​នោះ ដោយ​អរ​សប្បាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

8. ត្រូវ​ឲ្យ​ឯង​ចារឹក​អស់​ទាំង​ពាក្យ ក្នុង​ក្រឹត្យ​វិន័យ​នេះ ចុះ​នៅ​នឹង​ថ្ម​ទាំង​នោះ ឲ្យ​ច្បាស់​ប្រចក្ស។

9. រួច​ម៉ូសេ និង​ពួក​លេវី​ដ៏​ជា​សង្ឃ ក៏​ប្រាប់​ដល់​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា ចូរ​នៅ​ស្ងៀម ហើយ​ស្តាប់​ចុះ ឱ​ពួក​អ៊ីស្រា‌អែល​អើយ នៅ​ថ្ងៃ​នេះ​ឯង​បាន​ត្រឡប់​ជា​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ហើយ

10. ដូច្នេះ​ត្រូវ​ឲ្យ​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ចុះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់ និង​បញ្ញត្ត​ទ្រង់​ទាំង​ប៉ុន្មាន​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ។

11. ហើយ​នៅ​ថ្ងៃ​នោះ​ឯង ម៉ូសេ​ក៏​ផ្តាំ​ដល់​បណ្តា‌ជន​ទាំង‌ឡាយ​ថា

12. កាល​ណា​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​រួច​ហើយ នោះ​ត្រូវ​ឲ្យ​ពួក​ទាំង​នេះ​ឈរ​នៅ​លើ​ភ្នំ​កេរិស៊ីម ដើម្បី​នឹង​ឲ្យ​ពរ​ដល់​បណ្តា‌ជន គឺ​ពួក​ស៊ីម្មាន​១ ពួក​លេវី​១ ពួក​យូដា​១ ពួក​អ៊ីសាខារ​១ ពួក​យ៉ូសែប​១ និង​ពួក​បេន‌យ៉ា‌មីន​១

13. ឯ​ពួក​នេះ​ត្រូវ​ឲ្យ​គេ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​នឹង​ដាក់​បណ្តាសា​វិញ គឺ​ពួក​រូបេន​១ ពួក​កាឌ់​១ ពួក​អេស៊ើរ​១ ពួក​សាប់‌យូល៉ូន​១ ពួក​ដាន់​១ និង​ពួក​ណែប‌ថាលី​១។

បណ្តាសា​ទាំង​ដប់​ពីរ

14. នោះ​ត្រូវ​ឲ្យ​ពួក​លេវី​ចាប់​ផ្តើម​បន្លឺ​ឡើង ដោយ​ពាក្យ​ជា​ខ្លាំង ដល់​ពួក​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​ថា___

15. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ឆ្លាក់ ឬ​សិត​ធ្វើ​រូប ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​របស់​ដែល​ដៃ​ជាង​ធ្វើ រួច​យក​ទៅ​ដាក់​នៅ​ទី​សំងាត់ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

16. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​មើល‌ងាយ​ដល់​ឪពុក​ម្តាយ​ខ្លួន នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

17. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​បន្ថយ​គោល​ចារឹក​របស់​អ្នក​ជិត​ខាង​ខ្លួន នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

18. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​វង្វេង​ចេញ​ពី​ផ្លូវ​ទៅ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

19. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ពី​អ្នក​ដទៃ និង​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

20. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​ប្រពន្ធ​របស់​ឪពុក​ខ្លួន ដ្បិត​អ្នក​នោះ​បាន​បើក​សំលៀក​របស់​ឪពុក​ហើយ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

21. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​រួម​សង្វាស​នឹង​សត្វ​ណា​មួយ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

22. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​បង ឬ​ប្អូន​ស្រី ជា​កូន​របស់​ឪពុក ឬ​ម្តាយ​តែ​មួយ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

23. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​រួម​ដំណេក​នឹង​ម្តាយ‌ក្មេក​របស់​ខ្លួន នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

24. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​វាយ​អ្នក​ជិត​ខាង​ខ្លួន​ដោយ​សំងាត់ នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

25. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ស៊ី​សំណូក​ដើម្បី​នឹង​សំឡាប់​មនុស្ស​ណា​ដែល​ឥត​ទោស នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។

26. ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​អស់​ទាំង​ពាក្យ​ក្នុង​ក្រឹត្យ‌វិន័យ​នេះ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង នោះ​បណ្តា‌ជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។