គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 24:11-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. ត្រូវ​ឈរ​ឲ្យ​នៅ​ខាង​ក្រៅ ចាំ​អ្នក​ដែល​ឯង​បាន​ឲ្យ​ខ្ចី​នោះ យក​របស់​បញ្ចាំ​ចេញ​មក​ឲ្យ​ឯង​ឯ​ខាង​ក្រៅ​វិញ

12. ហើយ​បើ​អ្នក​នោះ​ជា​អ្នក​ទ័ល‌ក្រ នោះ​មិន​ត្រូវ​ឲ្យ​ឯង​ខាំង​ទុក​របស់​បញ្ចាំ​នោះ​ទៅ​ដេក​ឡើយ

13. លុះ​ដល់​ថ្ងៃ​លិច ត្រូវ​ឲ្យ​ឯង​ប្រគល់​ទៅ​គេ​វិញ​ជា​កុំ​ខាន ដើម្បី​ឲ្យ​គេ​បាន​ប្រដាប់​ដេក​ដណ្តប់​ខ្លួន​ដែរ យ៉ាង​នោះ​គេ​នឹង​ឲ្យ​ពរ​ដល់​ឯង ហើយ​ការ​នោះ​នឹង​បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​ឯង នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។

14. មិន​ត្រូវ​ឲ្យ​ឯង​សង្កត់‌សង្កិន​កូន​ឈ្នួល​ឯង ដែល​ទ័ល‌ក្រ ហើយ​កំសត់​ទុរគត​ឡើយ ទោះ​ជា​ពួក​បង​ប្អូន ឬ​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ដែល​នៅ​ក្នុង​ក្រុង ក្នុង​ស្រុក​របស់​ឯង​ក្តី

15. គឺ​ត្រូវ​បើក​ប្រាក់​ឈ្នួល​ឲ្យ​គេ ក្នុង​ពេល​កំណត់​កុំ​ខាន កុំ​ឲ្យ​ប្រាក់​នោះ​នៅ​នឹង​ឯង​ដរាប​ដល់​ថ្ងៃ​លិច​ឡើយ ដ្បិត​គេ​ទ័ល‌ក្រ ហើយ​មាន​ចិត្ត​សង្ឃឹម​ចង់​បាន​ប្រាក់​នោះ ក្រែង​គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ឯង នោះ​នឹង​រាប់​ជា​មាន​បាប​ដល់​ឯង​ហើយ។

16. មិន​ត្រូវ​សំឡាប់​ឪពុក​ដោយ​ព្រោះ​កូន ឬ​សំឡាប់​កូន​ដោយ​ព្រោះ​ឪពុក​ឡើយ ដែល​ត្រូវ​ស្លាប់​នោះ គឺ​ដោយ​ព្រោះ​តែ​បាប​របស់​ខ្លួន​ទេ។

17. មិន​ត្រូវ​ឲ្យ​ឯង​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ ពី​អ្នក​ប្រទេស​ក្រៅ ឬ​ពី​កូន​កំព្រា​ឡើយ ក៏​មិន​ត្រូវ​ទទួល​បញ្ចាំ​អាវ​របស់​ស្រី​មេម៉ាយ​ដែរ

18. ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម​ឯង​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​លោះ​ចេញ​មក ហេតុ​នោះ​បាន​ជា​អញ​បង្គាប់​ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នេះ។

19. កាល​ណា​ច្រូត​ចំរូត​នៅ​ស្រែ​របស់​ឯង បើ​ភ្លេច​ស្រូវ​១​កណ្តាប់​នៅ​ឯ​ស្រែ នោះ​មិន​ត្រូវ​ត្រឡប់​ទៅ​យក​វិញ​ទេ ត្រូវ​ទុក​សំរាប់​អ្នក​ដទៃ និង​ពួក​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ​វិញ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ទាំង​អស់ ដែល​ដៃ​ឯង​ធ្វើ

20. កាល​ណា​ឯង​វាយ​ជំរុះ​ផល ពី​ដើម​អូលីវ​របស់​ឯង​រួច​ម្តង​ហើយ នោះ​មិន​ត្រូវ​ឡើង​ទៅ​ធ្វើ​ម្តង​ទៀត​ទេ ត្រូវ​ទុក​សំរាប់​អ្នក​ដទៃ និង​ពួក​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ​វិញ

21. កាល​ណា​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ហើយ​នោះ មិន​ត្រូវ​ទៅ​១​សា​ទៀត ដើម្បី​នឹង​បេះ​ចង្កោម​ដែល​នៅ​សល់​ទេ ត្រូវ​ទុក​សំរាប់​ពួក​អ្នក​ដទៃ និង​ពួក​កូន​កំព្រា ហើយ​នឹង​ស្រី​មេម៉ាយ​វិញ

22. ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម​ឯង​ជា​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​ដែរ ហេតុ​នោះ​បាន​ជា​អញ​បង្គាប់ ឲ្យ​ឯង​ប្រព្រឹត្ត​ដូច្នេះ។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 24