គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 24:1-7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. បើ​បុរស​ណា​យក​ប្រពន្ធ រៀប‌ការ​ពេញ​ច្បាប់​ហើយ រួច​មក​បែរ​ជា​មិន​ចូល​ចិត្ត​វិញ ដោយ​បាន​ឃើញ​សេចក្ដី​ណា ដែល​មិន​គប្បី​នៅ​នឹង​នាង នោះ​ត្រូវ​ធ្វើ​សំបុត្រ​លះ‌លែង ប្រគល់​នៅ​ដៃ​នាង ហើយ​ឲ្យ​ចេញ​ពី​ផ្ទះ​ទៅ​ចុះ

2. កាល​ណា​នាង​បាន​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ផុត​ហើយ នោះ​នាង​នឹង​ទៅ​ធ្វើ​ជា​ប្រពន្ធ​របស់​ម្នាក់​ទៀត​បាន

3. រួច​បើ‌សិន​ជា​ប្ដី​ក្រោយ​នោះ​ស្អប់​នាង ហើយ​ធ្វើ​សំបុត្រ​លះ‌លែង​ប្រគល់​នៅ​ដៃ​នាង ឲ្យ​ចេញ​ពី​ផ្ទះ​ខ្លួន​ទៅ​ដែរ ឬ​បើ​ប្ដី​ក្រោយ​ដែល​បាន​យក​នាង​ធ្វើ​ជា​ប្រពន្ធ នោះ​ស្លាប់​ទៅ

4. នោះ​ប្ដី​ដើម ដែល​បាន​បណ្តេញ​នាង​ហើយ គ្មាន​ច្បាប់​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ​វិញ ក្រោយ​ដែល​នាង​បាន​សៅ‌ហ្មង​ហើយ​នោះ​ទេ ដ្បិត​នោះ​ជា​សេចក្ដី​ស្អប់​ខ្ពើម នៅ​ចំពោះ​ព្រះ‌យេហូវ៉ា មិន​ត្រូវ​ឲ្យ​ឯង​នាំ​ឲ្យ​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ជា​មរដក មាន​បាន​សោះ​ឡើយ។

5. បើ​អ្នក​ណា​ទើប​នឹង​យក​ប្រពន្ធ​ថ្មី មិន​ត្រូវ​ឲ្យ​អ្នក​នោះ​ចេញ​ទៅ​ច្បាំង​ឡើយ ក៏​មិន​ត្រូវ​ដាក់​បន្ទុក​អ្វី​ឲ្យ​គេ​ត្រូវ​រវល់​ដែរ ត្រូវ​ឲ្យ​នៅ​ទំនេរ​នៅ​ឯ​ផ្ទះ​អស់​១​ឆ្នាំ ដើម្បី​នឹង​បណ្តាល​ឲ្យ​នាង ដែល​ទើប​នឹសង​យក​ជា​ប្រពន្ធ​នោះ មាន​សេចក្ដី​រីក‌រាយ​ឡើង។

6. មិន​ត្រូវ​ឲ្យ​អ្នក​ណា​ទទួល​បញ្ចាំ​ថ្ម​ត្បាល់‌កិន ទោះ​គ្រប ឬ​តួ​ក្តី ដ្បិត​យ៉ាង​នោះ​ឈ្មោះ​ថា​ទទួល​បញ្ចាំ​ទាំង​ជីវិត​គេ​ផង។

7. បើ​ឃើញ​អ្នក​ណា​កំពុង​តែ​ចាប់​អ្នក​ណា​មួយ ក្នុង​ពួក​បង​ប្អូន ជា​ពួក​កូន​ចៅ​អ៊ីស្រា‌អែល យក​ទៅ​ប្រើ​ទុក​ដូច​ជា​ខ្ញុំ​បំរើ ឬ​លក់​ឲ្យ​ដល់​គេ​ក្តី នោះ​អ្នក​ដែល​ចាប់​លួច​យក​នឹង​ត្រូវ​ទោស​ដល់​ស្លាប់ យ៉ាង​នោះ​ឯង​នឹង​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 24