គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 23:7-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. មិន​ត្រូវ​ឲ្យ​ស្អប់​ខ្ពើម ដល់​សាសន៍​អេដំម​ណា​មួយ​ឡើយ ដ្បិត​គេ​ជា​បង​ប្អូន​នឹង​ឯង ក៏​មិន​ត្រូវ​ស្អប់​ខ្ពើម​ដល់​សាសន៍​អេស៊ីព្ទ​ឡើយ ដ្បិត​ពី​ដើម ឯង​ជា​ពួក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ស្រុក​គេ

8. ឯ​ចៅ‌ទួត​ដែល​កើត​ពី​ពូជ​គេ​នោះ​នឹង​ចូល​ទៅ​ក្នុង​ពួក​ជំនុំ​នៃ​ព្រះ‌យេហូវ៉ា​បាន។

9. កាល​ណា​ឯង​ទៅ​បោះ​ទ័ព ទាស់​នឹង​ពួក​ខ្មាំង​សត្រូវ នោះ​ត្រូវ​ឲ្យ​រក្សា​ខ្លួន​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់

10. បើ‌សិន​ជា​មាន​មនុស្ស​ណា​ក្នុង​ពួក​ឯង​ដែល​មិន​ស្អាត ដោយ​ព្រោះ​ការ​អ្វី​ដែល​លោ​តែ​កើត​ដល់​ខ្លួន នៅ​ពេល​យប់ ត្រូវ​ឲ្យ​អ្នក​នោះ​ចេញ​ទៅ​ក្រៅ មិន​ត្រូវ​ចូល​មក​ក្នុង​ទី​ដំឡើង​ត្រសាល​ទេ

11. តែ​ដល់​ពេល​ល្ងាច អ្នក​នោះ​ត្រូវ​ងូត​ទឹក​ចេញ រួច​កាល​ណា​ថ្ងៃ​លិច​ហើយ នោះ​នឹង​ចូល​ទៅ​ក្នុង​ទី​ដំឡើង​ត្រសាល​វិញ​បាន

12. ត្រូវ​ឲ្យ​មាន​កន្លែង​មួយ​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល ជា​ទី​សំរាប់​នឹង​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ

13. ហើយ​ត្រូវ​ឲ្យ​មាន​ចប​ជីក នៅ​ជា​១ និង​គ្រឿង​សស្ត្រា‌វុធ​របស់​ឯង​ផង ដើម្បី​កាល​ណា​ឯង​ចេញ​ទៅ​បត់‌ជើង នោះ​នឹង​ជីក​ទៅ​កប់​លុប​លាមក​ឯង​ទៅ

14. ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​យាង​នៅ​កណ្តាល​ទី​ដំឡើង​ត្រសាល​របស់​ឯង ដើម្បី​នឹង​ជួយ​សង្គ្រោះ​ឯង ហើយ​នឹង​ប្រគល់​ពួក​ខ្មាំង​សត្រូវ​មក​ឯង ដូច្នេះ​ទី​ដំឡើង​ត្រសាល​របស់​ឯង​ត្រូវ​តែ​បរិសុទ្ធ ដើម្បី​កុំ​ឲ្យ​ទ្រង់​ទត​ឃើញ​អ្វី​ស្មោក‌គ្រោក នៅ​ក្នុង​ពួក​ឯង រួច​បែរ​ចេញ​ពី​ឯង​ទៅ​នោះ​ឡើយ។

15. ឯ​បាវ​បំរើ​ណា ដែល​បាន​រត់​រួច​ពី​ចៅ‌ហ្វាយ​ខ្លួន​មក​ពឹង​ជ្រក​នឹង​ឯង នោះ​មិន​ត្រូវ​ប្រគល់​ទៅ​ចៅ‌ហ្វាយ​វិញ​ឡើយ

16. ត្រូវ​បើក​ឲ្យ​នៅ​ជា​មួយ​នឹង​ឯង នៅ​កណ្តាល​ពួក​ឯង ក្នុង​ទី​ក្រុង​ណា​មួយ ដែល​អ្នក​នោះ​ជ្រើស‌រើស តាម​បំណង​ចិត្ត​ចុះ មិន​ត្រូវ​ឲ្យ​សង្កត់‌សង្កិន​គេ​ឡើយ។

17. មិន​ត្រូវ​ឲ្យ​មាន​ស្រី​សំផឹងណា​មួយ ក្នុង​ពួក​កូន​ស្រី​សាសន៍​អ៊ីស្រា‌អែល​ឡើយ ក៏​មិន​ត្រូវ​មាន​ប្រុស​ណា​មួយ​ធ្វើ​ជា​កូន​ជឹង នៅ​ក្នុង​ពួក​កូន​ប្រុស​សាសន៍​អ៊ីស្រា‌អែល​ដែរ

18. មិន​ត្រូវ​ឲ្យ​យក​ថ្លៃ​ឈ្នួល​របស់​ការ​ធ្វើ​សំផឹង ឬ​ថ្លៃ​ឆ្កែ​មក​ក្នុង​ដំណាក់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដើម្បី​នឹង​ថ្វាយ​ជា​ដង្វាយ​ឡើយ ដ្បិត​ទាំង​២​មុខ​នេះ​ជា​សេចក្ដី​ស្អប់​ខ្ពើម ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។

19. មិន​ត្រូវ​ឲ្យ​ឯង​ឲ្យ​បង​ប្អូន​ខ្ចី​ដោយ​យក​ការ ទោះ​ជា​ខ្ចី​ប្រាក់ ឬ​ស្បៀង​អាហារ ឬ​របស់​អ្វី​ដែល​គេ​តែង​ឲ្យ​ខ្ចី​ដោយ​យក​ការ​វិញ​នោះ​ឡើយ

20. ឯង​នឹង​ឲ្យ​អ្នក​ប្រទេស​ដទៃ​ខ្ចី ដោយ​យក​ការ​បាន តែ​មិន​ត្រូវ​ឲ្យ​បង​ប្អូន​ឯង​ខ្ចី​ដោយ​យក​ការ​ឡើយ ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ទាំង​ការ​ដែល​ឯង​ដាក់​ដៃ​ធ្វើ នៅ​ក្នុង​ស្រុក​ដែល​ឯង​នឹង​ចូល​ទៅ​ចាប់​យក​នោះ។

21. កាល​ណា​ឯង​បន់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​នោះ​មិន​ត្រូវ​បង្អង់ និង​លា​បំណន់​នោះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ទារ​ពី​ឯង​វិញ​ជា​មិន​ខាន យ៉ាង​នោះ​នឹង​បាន​រាប់​ជា​បាប​ដល់​ឯង

22. តែ​បើ​ឯង​មិន​ដែល​បន់​បំណន់​ទេ នោះ​គ្មាន​បាប​ឡើយ

23. សេចក្ដី​ណា​ដែល​ចេញ​ពី​បបូរ​មាត់​ឯង នោះ​ត្រូវ​ប្រយ័ត្ន​នឹង​ធ្វើ​តាម​គ្រប់​ជំពូក គឺ​ឲ្យ​ត្រូវ​នឹង​បំណន់ ដែល​ឯង​បាន​បន់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​ដង្វាយ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ដែល​មាត់​ឯង​បាន​សន្យា​ហើយ។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 23