គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 2:24-34 ព្រះគម្ពីរបរិសុទ្ធ (KHOV)

24. ចូរ​ក្រោក​ឡើង​ធ្វើ​ដំណើរ​ឆ្លង​ស្ទឹង​អើណូន​ទៅ មើល អញ​បាន​ប្រគល់​ស៊ីហុន​ជា​សាសន៍​អាម៉ូរី ស្តេច​ក្រុង​ហែសបូន និង​ស្រុក​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ចូរ​ចាប់​តាំង​យក​ស្រុក​នោះ​ចុះ ហើយ​ច្បាំង​នឹង​គេ​ទៅ

25. នៅ​ថ្ងៃ​នេះ​ឯង អញ​នឹង​ចាប់​តាំង​បណ្តាល​ឲ្យ​អស់​ទាំង​សាសន៍ ដែល​នៅ​ក្រោម​មេឃ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ភ័យ​ញ័រ និង​សេចក្ដី​កោត‌ខ្លាច​ដល់​ឯង ដោយ​គេ​ឮ​និយាយ​ពី​ឯង ហើយ​គេ​នឹង​ញាប់‌ញ័រ ព្រម​ទាំង​មាន​សេចក្ដី​ថប់​បារម្ភ​ដោយ​ព្រោះ​ឯង។

26. គ្រា​នោះ អញ​បាន​ចាត់​សារ​ពី​ទី​រហោ‌ស្ថាន​ក្តេម៉ូត​ទៅ​ឯ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន ដោយ​ពាក្យ​មេត្រី​ថា

27. សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ផង យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ថ្នល់​ធំ​ប៉ុណ្ណោះ ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ

28. ឯ​អាហារ និង​ទឹក​សំរាប់​ឲ្យ​យើង​ខ្ញុំ​ទទួល​ទាន នោះ​ត្រូវ​ឲ្យ​ទ្រង់​លក់​ឲ្យ​យើង​ខ្ញុំ​ចុះ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ទៅ

29. ដូច​ជា​ពួក​កូន​ចៅ​អេសាវ​ដែល​នៅ​ស្រុក​សៀរ និង​ពួក​សាសន៍​ម៉ូអាប់​នៅ​ស្រុក​អើរ បាន​បើក​ឲ្យ​ខ្ញុំ​ដែរ ទាល់​តែ​ខ្ញុំ​ឆ្លង​ហួស​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​ប្រទាន​មក​យើង​ខ្ញុំ

30. តែ​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន មិន​ព្រម​បើក​ឲ្យ​យើង​ដើរ​កាត់​ស្រុក​ទ្រង់​ទេ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បណ្តាល​ឲ្យ​ស្តេច​មាន​ព្រះ‌ទ័យ មាន​ព្រះ‌ដំរិះ​រឹង‌ទទឹង ដើម្បី​នឹង​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ឯង ដូច​ជា​មាន​ហើយ​សព្វ​ថ្ងៃ​នេះ

31. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា មើល អញ​បាន​ចាប់​តាំង​ប្រគល់​ស៊ីហុន និង​ស្រុក​គេ​មក​ឯង​ហើយ ដូច្នេះ ចូរ​ចាប់​តាំង​យក​ស្រុក​របស់​គេ​ចុះ ដើម្បី​ឲ្យ​បាន​ជា​មរដក

32. នោះ​ស៊ីហុន និង​បណ្តា​រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក​ទាស់​នឹង​យើង រួច​ច្បាំង​គ្នា​នៅ​ត្រង់​យ៉ាហាស់

33. តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រគល់​ស្តេច​មក​យើង ហើយ​យើង​រាល់​គ្នា​ក៏​វាយ​ទ្រង់ និង​ពួក​កូន​ចៅ​ទ្រង់ ព្រម​ទាំង​រាស្ត្រ​ទាំង​អស់​គ្នា​ទៅ

34. យើង​ក៏​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ទ្រង់​នៅ​គ្រា​នោះ ទាំង​រំលាង​គ្រប់​ទី​ក្រុង​ទាំង​មូល ព្រម​ទាំង​មនុស្ស​ប្រុស​ស្រី និង​កូន​ក្មេង​ផង​គ្មាន​ទុក​ណា​មួយ​ឲ្យ​នៅ​សល់​ឡើយ

សូមអានជំពូកពេញលេញ ចោទិយ‌កថា 2