គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 2:11-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

11. សាសន៍​នោះ​ក៏​រាប់​ទុក​ជា​មនុស្ស​គួរ​ស្ញែង‌ខ្លាច ដូច​សាសន៍​អ័ណាក់​ដែរ តែ​ពួក​សាសន៍​ម៉ូអាប់​បាន​ហៅ​គេ​ជា​សាសន៍​អេមីម​វិញ

12. សាសន៍​ហូរី​ក៏​នៅ​ស្រុក​សៀរ​នោះ​កាល​ពី​ដើម តែ​ពួក​កូន​ចៅ​អេសាវ​បាន​បណ្តេញ​គេ ព្រម​ទាំង​បំផ្លាញ​គេ​ពី​មុខ​ចេញ ហើយ​បាន​នៅ​កន្លែង​គេ ដូច​ជា​សាសន៍​អ៊ីស្រា‌អែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​គេ ទុក​ជា​កេរ‌អាករ​ដែរ)

13. ឥឡូវ​នេះ ចូរ​ឯង​ក្រោក​ឡើង ឆ្លង​ស្ទឹង​សេរេត​នេះ​ចុះ នោះ​យើង​រាល់​គ្នា​ក៏​ឆ្លង​ស្ទឹង​សេរេត​ទៅ

14. ឯ​វេលា​ដែល​យើង​រាល់​គ្នា​បាន​ដើរ ពី​កាដេស-បារនា ដរាប​ដល់​បាន​ឆ្លង​ស្ទឹង​សេរេត នោះ​អស់​ចំនួន​៣៨​ឆ្នាំ ទាល់​តែ​ដំណ​មនុស្ស​ជំនាញ​ក្នុង​ចំបាំង​ទាំង​នោះ បាន​សាប‌សូន្យ​ពី​ពួក​យើង​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ​នឹង​គេ

15. ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​បាន​ទាស់​នឹង​គេ​ដែរ ដើម្បី​នឹង​បំផ្លាញ​គេ​ពី​ពួក​យើង​ទៅ ទាល់​តែ​រោយ‌រៀវ​បាត់‌បង់​អស់។

16. កាល​ពួក​អ្នក​ថ្នឹក​ច្បាំង​បាន​រោយ‌រៀវ​ស្លាប់​បាត់​ផុត​ពី​កណ្តាល​ពួក​បណ្តា‌ជន​ទៅ

17. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា

18. នៅ​ថ្ងៃ​នេះ​ឯង​នឹង​ដើរ​រំលង​ព្រំ​ស្រុក​ម៉ូអាប់​តាម​ក្រុង​អើរ

19. ដូច្នេះ​កាល​ណា​មក​ដល់​ទល់​មុខ​នឹង​ពួក​កូន​ចៅ​អាំម៉ូន នោះ​កុំ​ឲ្យ​ធ្វើ​ទុក្ខ​គេ​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ អញ​មិន​ឲ្យ​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ដល់​ឯង​ទុក​ជា​កេរ‌អាករ​ទេ ដ្បិត​អញ​បាន​ឲ្យ​ស្រុក​នោះ​ទុក​ជា​កេរ‌អាករ​ដល់​ពួក​កូន​ចៅ​ឡុត​ហើយ

20. (ស្រុក​នោះ​ក៏​រាប់​ទុក​ជា​ស្រុក​របស់​ពួក​រេផែម ពួក​គួរ​ស្ញែង‌ខ្លាច​នោះ​បាន​នៅ​ស្រុក​នោះ​កាល​ពី​ដើម ឯ​សាសន៍​អាំម៉ូន​ហៅ​គេ​ថា​ជា​សាសន៍​សាំស៊ូមីម​វិញ

21. គេ​ជា​សាសន៍​មាន​គ្នា​ច្រើន ហើយ​មាន​មាឌ​ធំ​ខ្ពស់ ដូច​ជា​សាសន៍​អ័ណាក់​ដែរ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំផ្លាញ​គេ​ពី​មុខ​សាសន៍​អាំម៉ូន​ទៅ ហើយ​សាសន៍​អាំម៉ូន​បាន​បណ្តេញ​គេ​ចេញ ព្រម​ទាំង​យក​កន្លែង​របស់​គេ​អាស្រ័យ​នៅ​ផង

22. ដូច​ជា​ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​កូន​ចៅ​អេសាវ ដែល​នៅ​ស្រុក​សៀរ កាល​ទ្រង់​បាន​បំផ្លាញ​សាសន៍​ហូរី​ពី​មុខ​គេ​ចេញ ហើយ​គេ​ក៏​បណ្តេញ​សាសន៍​នោះ ព្រម​ទាំង​យក​កន្លែង​របស់​គេ​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ

23. និង​សាសន៍​អាវីម​ទៀត ដែល​នៅ​ដោយ​ភូមិៗ​រហូត​ដល់​ក្រុង​កាសា នោះ​ក៏​មាន​សាសន៍​កាប់ថោរ​ដែល​ចេញ​ពី​ស្រុក​កាប់ថោរ​មក បាន​បំផ្លាញ​គេ​ទៅ ព្រម​ទាំង​យក​ស្រុក​របស់​គេ​នៅ​ផង)

24. ចូរ​ក្រោក​ឡើង​ធ្វើ​ដំណើរ​ឆ្លង​ស្ទឹង​អើណូន​ទៅ មើល អញ​បាន​ប្រគល់​ស៊ីហុន​ជា​សាសន៍​អាម៉ូរី ស្តេច​ក្រុង​ហែសបូន និង​ស្រុក​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ចូរ​ចាប់​តាំង​យក​ស្រុក​នោះ​ចុះ ហើយ​ច្បាំង​នឹង​គេ​ទៅ

25. នៅ​ថ្ងៃ​នេះ​ឯង អញ​នឹង​ចាប់​តាំង​បណ្តាល​ឲ្យ​អស់​ទាំង​សាសន៍ ដែល​នៅ​ក្រោម​មេឃ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ភ័យ​ញ័រ និង​សេចក្ដី​កោត‌ខ្លាច​ដល់​ឯង ដោយ​គេ​ឮ​និយាយ​ពី​ឯង ហើយ​គេ​នឹង​ញាប់‌ញ័រ ព្រម​ទាំង​មាន​សេចក្ដី​ថប់​បារម្ភ​ដោយ​ព្រោះ​ឯង។

26. គ្រា​នោះ អញ​បាន​ចាត់​សារ​ពី​ទី​រហោ‌ស្ថាន​ក្តេម៉ូត​ទៅ​ឯ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន ដោយ​ពាក្យ​មេត្រី​ថា

សូមអានជំពូកពេញលេញ ចោទិយ‌កថា 2