10. (ពីដើមសាសន៍អេមីមបាននៅស្រុកនោះ ជាសាសន៍មានគ្នាច្រើន ហើយមានមាឌធំខ្ពស់ ដូចជាសាសន៍អ័ណាក់
11. សាសន៍នោះក៏រាប់ទុកជាមនុស្សគួរស្ញែងខ្លាច ដូចសាសន៍អ័ណាក់ដែរ តែពួកសាសន៍ម៉ូអាប់បានហៅគេជាសាសន៍អេមីមវិញ
12. សាសន៍ហូរីក៏នៅស្រុកសៀរនោះកាលពីដើម តែពួកកូនចៅអេសាវបានបណ្តេញគេ ព្រមទាំងបំផ្លាញគេពីមុខចេញ ហើយបាននៅកន្លែងគេ ដូចជាសាសន៍អ៊ីស្រាអែលបានធ្វើនៅក្នុងស្រុក ដែលព្រះយេហូវ៉ាប្រទានឲ្យគេ ទុកជាកេរអាករដែរ)
13. ឥឡូវនេះ ចូរឯងក្រោកឡើង ឆ្លងស្ទឹងសេរេតនេះចុះ នោះយើងរាល់គ្នាក៏ឆ្លងស្ទឹងសេរេតទៅ
14. ឯវេលាដែលយើងរាល់គ្នាបានដើរ ពីកាដេស-បារនា ដរាបដល់បានឆ្លងស្ទឹងសេរេត នោះអស់ចំនួន៣៨ឆ្នាំ ទាល់តែដំណមនុស្សជំនាញក្នុងចំបាំងទាំងនោះ បានសាបសូន្យពីពួកយើងទៅ ដូចជាព្រះយេហូវ៉ាទ្រង់ស្បថនឹងគេ
15. ហើយព្រះហស្តនៃព្រះយេហូវ៉ាក៏បានទាស់នឹងគេដែរ ដើម្បីនឹងបំផ្លាញគេពីពួកយើងទៅ ទាល់តែរោយរៀវបាត់បង់អស់។
16. កាលពួកអ្នកថ្នឹកច្បាំងបានរោយរៀវស្លាប់បាត់ផុតពីកណ្តាលពួកបណ្តាជនទៅ
17. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលមកអញថា
18. នៅថ្ងៃនេះឯងនឹងដើររំលងព្រំស្រុកម៉ូអាប់តាមក្រុងអើរ
19. ដូច្នេះកាលណាមកដល់ទល់មុខនឹងពួកកូនចៅអាំម៉ូន នោះកុំឲ្យធ្វើទុក្ខគេឡើយ ក៏កុំឲ្យតតាំងនឹងគេដែរ អញមិនឲ្យស្រុកនៃពួកកូនចៅអាំម៉ូនដល់ឯងទុកជាកេរអាករទេ ដ្បិតអញបានឲ្យស្រុកនោះទុកជាកេរអាករដល់ពួកកូនចៅឡុតហើយ
20. (ស្រុកនោះក៏រាប់ទុកជាស្រុករបស់ពួករេផែម ពួកគួរស្ញែងខ្លាចនោះបាននៅស្រុកនោះកាលពីដើម ឯសាសន៍អាំម៉ូនហៅគេថាជាសាសន៍សាំស៊ូមីមវិញ
21. គេជាសាសន៍មានគ្នាច្រើន ហើយមានមាឌធំខ្ពស់ ដូចជាសាសន៍អ័ណាក់ដែរ តែព្រះយេហូវ៉ាទ្រង់បានបំផ្លាញគេពីមុខសាសន៍អាំម៉ូនទៅ ហើយសាសន៍អាំម៉ូនបានបណ្តេញគេចេញ ព្រមទាំងយកកន្លែងរបស់គេអាស្រ័យនៅផង
22. ដូចជាទ្រង់បានធ្វើឲ្យពួកកូនចៅអេសាវ ដែលនៅស្រុកសៀរ កាលទ្រង់បានបំផ្លាញសាសន៍ហូរីពីមុខគេចេញ ហើយគេក៏បណ្តេញសាសន៍នោះ ព្រមទាំងយកកន្លែងរបស់គេនៅ ដរាបដល់សព្វថ្ងៃនេះដែរ