គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 2:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​យើង​រាល់​គ្នា​បាន​វិល​ទៅ​ធ្វើ​ដំណើរ ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ក៏​ដើរ​ព័ទ្ធ​ភ្នំ​សៀរ​អស់​ជា​យូរ​ថ្ងៃ។

2. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា

3. ឯង​រាល់​គ្នា​បាន​ដើរ​ជុំវិញ​ភ្នំ​នេះ​ក៏​ល្មម​ណាស់​ហើយ ដូច្នេះ​ចូរ​បែរ​ទៅ​ខាង​ជើង​ចុះ

4. ហើយ​បង្គាប់​ដល់​ពួក​បណ្តា‌ជន​ថា ឯង​រាល់​គ្នា​នឹង​ត្រូវ​ដើរ​កាត់​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អេសាវ ជា​បង​ប្អូន​នៃ​ឯង ដែល​នៅ​ស្រុក​សៀរ ហើយ​គេ​នឹង​ខ្លាច​ឯង ដូច្នេះ​ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន‌ទែន

5. កុំ​ឲ្យ​ត​នឹង​គេ​ឡើយ ដ្បិត​អញ​មិន​ឲ្យ​ស្រុក​គេ​ដល់​ឯង​រាល់​គ្នា​ទេ សូម្បី​ឲ្យ​ល្មម​គ្រាន់​នឹង​ដាក់​បាត​ជើង​ចុះ​ក៏​មិន​មាន​ដែរ ពី​ព្រោះ​អញ​បាន​ឲ្យ​ភ្នំ​សៀរ ទុក​ជា​កេរ‌អាករ​ដល់​អេសាវ​ហើយ

6. ត្រូវ​ឲ្យ​ឯង​ទិញ​ស្បៀង​អាហារ​ពី​គេ​បរិភោគ​ទៅ ក៏​ត្រូវ​ទិញ​ទឹក​ពី​គេ​ផឹក​ដែរ

7. ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ដែល​ដៃ​ឯង​ធ្វើ ទ្រង់​ក៏​ស្គាល់​ផ្លូវ​ដែល​ឯង​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​សំបើម​នេះ​ផង ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​ឯង អស់​រវាង​៤០​ឆ្នាំ​នេះ ហើយ​ឯង​គ្មាន​ខ្វះ‌ខាត​អ្វី​ឡើយ។

8. ដូច្នេះ​យើង​រាល់​គ្នា​ក៏​ដើរ​បង្ហួស ពី​ពួក​កូន​ចៅ​អេសាវ​ជា​បង​ប្អូន​យើង ដែល​នៅ​ស្រុក​សៀរ ទៅ​តាម​ផ្លូវ​ស្រុក​វាល​តាម​អេឡាត និង​អេស៊ាន-គេប៊ើរ រួច​បែរ​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ម៉ូអាប់​វិញ

9. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អញ​ថា កុំ​ឲ្យ​ធ្វើ​ទុក្ខ​សាសន៍​ម៉ូអាប់​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ អញ​មិន​ឲ្យ​ស្រុក​គេ​ដល់​ឯង​រាល់​គ្នា​ទេ ពី​ព្រោះ​អញ​បាន​ឲ្យ​ស្រុក​អើរ ដល់​ពួក​កូន​ចៅ​ឡុត ទុក​ជា​កេរ‌អាករ​ហើយ

10. (ពី​ដើម​សាសន៍​អេមីម​បាន​នៅ​ស្រុក​នោះ ជា​សាសន៍​មាន​គ្នា​ច្រើន ហើយ​មាន​មាឌ​ធំ​ខ្ពស់ ដូច​ជា​សាសន៍​អ័ណាក់

11. សាសន៍​នោះ​ក៏​រាប់​ទុក​ជា​មនុស្ស​គួរ​ស្ញែង‌ខ្លាច ដូច​សាសន៍​អ័ណាក់​ដែរ តែ​ពួក​សាសន៍​ម៉ូអាប់​បាន​ហៅ​គេ​ជា​សាសន៍​អេមីម​វិញ

12. សាសន៍​ហូរី​ក៏​នៅ​ស្រុក​សៀរ​នោះ​កាល​ពី​ដើម តែ​ពួក​កូន​ចៅ​អេសាវ​បាន​បណ្តេញ​គេ ព្រម​ទាំង​បំផ្លាញ​គេ​ពី​មុខ​ចេញ ហើយ​បាន​នៅ​កន្លែង​គេ ដូច​ជា​សាសន៍​អ៊ីស្រា‌អែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​គេ ទុក​ជា​កេរ‌អាករ​ដែរ)

13. ឥឡូវ​នេះ ចូរ​ឯង​ក្រោក​ឡើង ឆ្លង​ស្ទឹង​សេរេត​នេះ​ចុះ នោះ​យើង​រាល់​គ្នា​ក៏​ឆ្លង​ស្ទឹង​សេរេត​ទៅ

14. ឯ​វេលា​ដែល​យើង​រាល់​គ្នា​បាន​ដើរ ពី​កាដេស-បារនា ដរាប​ដល់​បាន​ឆ្លង​ស្ទឹង​សេរេត នោះ​អស់​ចំនួន​៣៨​ឆ្នាំ ទាល់​តែ​ដំណ​មនុស្ស​ជំនាញ​ក្នុង​ចំបាំង​ទាំង​នោះ បាន​សាប‌សូន្យ​ពី​ពួក​យើង​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ​នឹង​គេ

15. ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​បាន​ទាស់​នឹង​គេ​ដែរ ដើម្បី​នឹង​បំផ្លាញ​គេ​ពី​ពួក​យើង​ទៅ ទាល់​តែ​រោយ‌រៀវ​បាត់‌បង់​អស់។

16. កាល​ពួក​អ្នក​ថ្នឹក​ច្បាំង​បាន​រោយ‌រៀវ​ស្លាប់​បាត់​ផុត​ពី​កណ្តាល​ពួក​បណ្តា‌ជន​ទៅ

17. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា

សូមអានជំពូកពេញលេញ ចោទិយ‌កថា 2