ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រួច​យើង​រាល់​គ្នា​បាន​វិល​ទៅ​ធ្វើ​ដំណើរ ក្នុង​ទី​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​ក្រហម​វិញ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ក៏​ដើរ​ព័ទ្ធ​ភ្នំ​សៀរ​អស់​ជា​យូរ​ថ្ងៃ។

ជន‌ជាតិ​អ៊ីស្រា‌អែល​ដើរ​វាង​ស្រុក​អេដំម ស្រុក​ម៉ូអាប់ និង​ស្រុក​អាំម៉ូន

2. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា

3. ឯង​រាល់​គ្នា​បាន​ដើរ​ជុំវិញ​ភ្នំ​នេះ​ក៏​ល្មម​ណាស់​ហើយ ដូច្នេះ​ចូរ​បែរ​ទៅ​ខាង​ជើង​ចុះ

4. ហើយ​បង្គាប់​ដល់​ពួក​បណ្តា‌ជន​ថា ឯង​រាល់​គ្នា​នឹង​ត្រូវ​ដើរ​កាត់​ព្រំ​ស្រុក​របស់​ពួក​កូន​ចៅ​អេសាវ ជា​បង​ប្អូន​នៃ​ឯង ដែល​នៅ​ស្រុក​សៀរ ហើយ​គេ​នឹង​ខ្លាច​ឯង ដូច្នេះ​ចូរ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន‌ទែន

5. កុំ​ឲ្យ​ត​នឹង​គេ​ឡើយ ដ្បិត​អញ​មិន​ឲ្យ​ស្រុក​គេ​ដល់​ឯង​រាល់​គ្នា​ទេ សូម្បី​ឲ្យ​ល្មម​គ្រាន់​នឹង​ដាក់​បាត​ជើង​ចុះ​ក៏​មិន​មាន​ដែរ ពី​ព្រោះ​អញ​បាន​ឲ្យ​ភ្នំ​សៀរ ទុក​ជា​កេរ‌អាករ​ដល់​អេសាវ​ហើយ

6. ត្រូវ​ឲ្យ​ឯង​ទិញ​ស្បៀង​អាហារ​ពី​គេ​បរិភោគ​ទៅ ក៏​ត្រូវ​ទិញ​ទឹក​ពី​គេ​ផឹក​ដែរ

7. ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ដែល​ដៃ​ឯង​ធ្វើ ទ្រង់​ក៏​ស្គាល់​ផ្លូវ​ដែល​ឯង​បាន​ដើរ​ក្នុង​ទី​រហោ‌ស្ថាន​សំបើម​នេះ​ផង ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​គង់​នៅ​ជា​មួយ​នឹង​ឯង អស់​រវាង​៤០​ឆ្នាំ​នេះ ហើយ​ឯង​គ្មាន​ខ្វះ‌ខាត​អ្វី​ឡើយ។

8. ដូច្នេះ​យើង​រាល់​គ្នា​ក៏​ដើរ​បង្ហួស ពី​ពួក​កូន​ចៅ​អេសាវ​ជា​បង​ប្អូន​យើង ដែល​នៅ​ស្រុក​សៀរ ទៅ​តាម​ផ្លូវ​ស្រុក​វាល​តាម​អេឡាត និង​អេស៊ាន-គេប៊ើរ រួច​បែរ​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ម៉ូអាប់​វិញ

9. ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​នឹង​អញ​ថា កុំ​ឲ្យ​ធ្វើ​ទុក្ខ​សាសន៍​ម៉ូអាប់​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ អញ​មិន​ឲ្យ​ស្រុក​គេ​ដល់​ឯង​រាល់​គ្នា​ទេ ពី​ព្រោះ​អញ​បាន​ឲ្យ​ស្រុក​អើរ ដល់​ពួក​កូន​ចៅ​ឡុត ទុក​ជា​កេរ‌អាករ​ហើយ

10. (ពី​ដើម​សាសន៍​អេមីម​បាន​នៅ​ស្រុក​នោះ ជា​សាសន៍​មាន​គ្នា​ច្រើន ហើយ​មាន​មាឌ​ធំ​ខ្ពស់ ដូច​ជា​សាសន៍​អ័ណាក់

11. សាសន៍​នោះ​ក៏​រាប់​ទុក​ជា​មនុស្ស​គួរ​ស្ញែង‌ខ្លាច ដូច​សាសន៍​អ័ណាក់​ដែរ តែ​ពួក​សាសន៍​ម៉ូអាប់​បាន​ហៅ​គេ​ជា​សាសន៍​អេមីម​វិញ

12. សាសន៍​ហូរី​ក៏​នៅ​ស្រុក​សៀរ​នោះ​កាល​ពី​ដើម តែ​ពួក​កូន​ចៅ​អេសាវ​បាន​បណ្តេញ​គេ ព្រម​ទាំង​បំផ្លាញ​គេ​ពី​មុខ​ចេញ ហើយ​បាន​នៅ​កន្លែង​គេ ដូច​ជា​សាសន៍​អ៊ីស្រា‌អែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​ឲ្យ​គេ ទុក​ជា​កេរ‌អាករ​ដែរ)

13. ឥឡូវ​នេះ ចូរ​ឯង​ក្រោក​ឡើង ឆ្លង​ស្ទឹង​សេរេត​នេះ​ចុះ នោះ​យើង​រាល់​គ្នា​ក៏​ឆ្លង​ស្ទឹង​សេរេត​ទៅ

14. ឯ​វេលា​ដែល​យើង​រាល់​គ្នា​បាន​ដើរ ពី​កាដេស-បារនា ដរាប​ដល់​បាន​ឆ្លង​ស្ទឹង​សេរេត នោះ​អស់​ចំនួន​៣៨​ឆ្នាំ ទាល់​តែ​ដំណ​មនុស្ស​ជំនាញ​ក្នុង​ចំបាំង​ទាំង​នោះ បាន​សាប‌សូន្យ​ពី​ពួក​យើង​ទៅ ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​ស្បថ​នឹង​គេ

15. ហើយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ក៏​បាន​ទាស់​នឹង​គេ​ដែរ ដើម្បី​នឹង​បំផ្លាញ​គេ​ពី​ពួក​យើង​ទៅ ទាល់​តែ​រោយ‌រៀវ​បាត់‌បង់​អស់។

16. កាល​ពួក​អ្នក​ថ្នឹក​ច្បាំង​បាន​រោយ‌រៀវ​ស្លាប់​បាត់​ផុត​ពី​កណ្តាល​ពួក​បណ្តា‌ជន​ទៅ

17. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា

18. នៅ​ថ្ងៃ​នេះ​ឯង​នឹង​ដើរ​រំលង​ព្រំ​ស្រុក​ម៉ូអាប់​តាម​ក្រុង​អើរ

19. ដូច្នេះ​កាល​ណា​មក​ដល់​ទល់​មុខ​នឹង​ពួក​កូន​ចៅ​អាំម៉ូន នោះ​កុំ​ឲ្យ​ធ្វើ​ទុក្ខ​គេ​ឡើយ ក៏​កុំ​ឲ្យ​ត‌តាំង​នឹង​គេ​ដែរ អញ​មិន​ឲ្យ​ស្រុក​នៃ​ពួក​កូន​ចៅ​អាំម៉ូន​ដល់​ឯង​ទុក​ជា​កេរ‌អាករ​ទេ ដ្បិត​អញ​បាន​ឲ្យ​ស្រុក​នោះ​ទុក​ជា​កេរ‌អាករ​ដល់​ពួក​កូន​ចៅ​ឡុត​ហើយ

20. (ស្រុក​នោះ​ក៏​រាប់​ទុក​ជា​ស្រុក​របស់​ពួក​រេផែម ពួក​គួរ​ស្ញែង‌ខ្លាច​នោះ​បាន​នៅ​ស្រុក​នោះ​កាល​ពី​ដើម ឯ​សាសន៍​អាំម៉ូន​ហៅ​គេ​ថា​ជា​សាសន៍​សាំស៊ូមីម​វិញ

21. គេ​ជា​សាសន៍​មាន​គ្នា​ច្រើន ហើយ​មាន​មាឌ​ធំ​ខ្ពស់ ដូច​ជា​សាសន៍​អ័ណាក់​ដែរ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បំផ្លាញ​គេ​ពី​មុខ​សាសន៍​អាំម៉ូន​ទៅ ហើយ​សាសន៍​អាំម៉ូន​បាន​បណ្តេញ​គេ​ចេញ ព្រម​ទាំង​យក​កន្លែង​របស់​គេ​អាស្រ័យ​នៅ​ផង

22. ដូច​ជា​ទ្រង់​បាន​ធ្វើ​ឲ្យ​ពួក​កូន​ចៅ​អេសាវ ដែល​នៅ​ស្រុក​សៀរ កាល​ទ្រង់​បាន​បំផ្លាញ​សាសន៍​ហូរី​ពី​មុខ​គេ​ចេញ ហើយ​គេ​ក៏​បណ្តេញ​សាសន៍​នោះ ព្រម​ទាំង​យក​កន្លែង​របស់​គេ​នៅ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ

23. និង​សាសន៍​អាវីម​ទៀត ដែល​នៅ​ដោយ​ភូមិៗ​រហូត​ដល់​ក្រុង​កាសា នោះ​ក៏​មាន​សាសន៍​កាប់ថោរ​ដែល​ចេញ​ពី​ស្រុក​កាប់ថោរ​មក បាន​បំផ្លាញ​គេ​ទៅ ព្រម​ទាំង​យក​ស្រុក​របស់​គេ​នៅ​ផង)

24. ចូរ​ក្រោក​ឡើង​ធ្វើ​ដំណើរ​ឆ្លង​ស្ទឹង​អើណូន​ទៅ មើល អញ​បាន​ប្រគល់​ស៊ីហុន​ជា​សាសន៍​អាម៉ូរី ស្តេច​ក្រុង​ហែសបូន និង​ស្រុក​គេ​មក​ក្នុង​កណ្តាប់​ដៃ​ឯង​ហើយ ចូរ​ចាប់​តាំង​យក​ស្រុក​នោះ​ចុះ ហើយ​ច្បាំង​នឹង​គេ​ទៅ

25. នៅ​ថ្ងៃ​នេះ​ឯង អញ​នឹង​ចាប់​តាំង​បណ្តាល​ឲ្យ​អស់​ទាំង​សាសន៍ ដែល​នៅ​ក្រោម​មេឃ​ទាំង​ប៉ុន្មាន មាន​សេចក្ដី​ភ័យ​ញ័រ និង​សេចក្ដី​កោត‌ខ្លាច​ដល់​ឯង ដោយ​គេ​ឮ​និយាយ​ពី​ឯង ហើយ​គេ​នឹង​ញាប់‌ញ័រ ព្រម​ទាំង​មាន​សេចក្ដី​ថប់​បារម្ភ​ដោយ​ព្រោះ​ឯង។

ជន‌ជាតិ​អ៊ីស្រា‌អែល​វាយ​យក​នគរ​របស់​ស្តេច​ស៊ីហុន

26. គ្រា​នោះ អញ​បាន​ចាត់​សារ​ពី​ទី​រហោ‌ស្ថាន​ក្តេម៉ូត​ទៅ​ឯ​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន ដោយ​ពាក្យ​មេត្រី​ថា

27. សូម​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ផង យើង​ខ្ញុំ​នឹង​ដើរ​តាម​តែ​ថ្នល់​ធំ​ប៉ុណ្ណោះ ឥត​មាន​ងាក​បែរ​ទៅ​ខាង​ស្តាំ ឬ​ខាង​ឆ្វេង​ឡើយ

28. ឯ​អាហារ និង​ទឹក​សំរាប់​ឲ្យ​យើង​ខ្ញុំ​ទទួល​ទាន នោះ​ត្រូវ​ឲ្យ​ទ្រង់​លក់​ឲ្យ​យើង​ខ្ញុំ​ចុះ សូម​តែ​ឲ្យ​យើង​ខ្ញុំ​បាន​ដើរ​កាត់​ស្រុក​របស់​ទ្រង់​ទៅ

29. ដូច​ជា​ពួក​កូន​ចៅ​អេសាវ​ដែល​នៅ​ស្រុក​សៀរ និង​ពួក​សាសន៍​ម៉ូអាប់​នៅ​ស្រុក​អើរ បាន​បើក​ឲ្យ​ខ្ញុំ​ដែរ ទាល់​តែ​ខ្ញុំ​ឆ្លង​ហួស​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ បាន​ប្រទាន​មក​យើង​ខ្ញុំ

30. តែ​ស៊ីហុន​ជា​ស្តេច​ក្រុង​ហែសបូន មិន​ព្រម​បើក​ឲ្យ​យើង​ដើរ​កាត់​ស្រុក​ទ្រង់​ទេ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​បណ្តាល​ឲ្យ​ស្តេច​មាន​ព្រះ‌ទ័យ មាន​ព្រះ‌ដំរិះ​រឹង‌ទទឹង ដើម្បី​នឹង​ប្រគល់​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ឯង ដូច​ជា​មាន​ហើយ​សព្វ​ថ្ងៃ​នេះ

31. រួច​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា មើល អញ​បាន​ចាប់​តាំង​ប្រគល់​ស៊ីហុន និង​ស្រុក​គេ​មក​ឯង​ហើយ ដូច្នេះ ចូរ​ចាប់​តាំង​យក​ស្រុក​របស់​គេ​ចុះ ដើម្បី​ឲ្យ​បាន​ជា​មរដក

32. នោះ​ស៊ីហុន និង​បណ្តា​រាស្ត្រ​ទាំង​ប៉ុន្មាន​ក៏​ចេញ​មក​ទាស់​នឹង​យើង រួច​ច្បាំង​គ្នា​នៅ​ត្រង់​យ៉ាហាស់

33. តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រគល់​ស្តេច​មក​យើង ហើយ​យើង​រាល់​គ្នា​ក៏​វាយ​ទ្រង់ និង​ពួក​កូន​ចៅ​ទ្រង់ ព្រម​ទាំង​រាស្ត្រ​ទាំង​អស់​គ្នា​ទៅ

34. យើង​ក៏​ចាប់​យក​អស់​ទាំង​ទី​ក្រុង​របស់​ទ្រង់​នៅ​គ្រា​នោះ ទាំង​រំលាង​គ្រប់​ទី​ក្រុង​ទាំង​មូល ព្រម​ទាំង​មនុស្ស​ប្រុស​ស្រី និង​កូន​ក្មេង​ផង​គ្មាន​ទុក​ណា​មួយ​ឲ្យ​នៅ​សល់​ឡើយ

35. យើង​បាន​យក​តែ​ហ្វូង​សត្វ ទុក​សំរាប់​ខ្លួន​យើង ជា​មួយ​នឹង​របឹប​ពី​អស់​ទាំង​ក្រុង​ដែល​យើង​ចាប់​យក​នោះ

36. ហើយ​ចាប់​តាំង​ពី​ក្រុង​អារ៉ូអ៊ើរ ដែល​នៅ​មាត់​ស្ទឹង​អើណូន និង​ពី​ទី​ក្រុង​១​ដែល​នៅ​ច្រក​ភ្នំ​នោះ រហូត​ដល់​ស្រុក​កាឡាត គ្មាន​ក្រុង​ណា​មួយ​ដែល​យើង​ពុំ​អាច​នឹង​យក​បាន​នោះ​ទេ ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា ទ្រង់​បាន​ប្រគល់​ទាំង​អស់​មក​យើង

37. មាន​តែ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន​ប៉ុណ្ណោះ ដែល​ឯង​រាល់​គ្នា​មិន​បាន​ចូល​ទៅ​ជិត​ឡើយ គឺ​ជា​ស្រុក​នៅ​ក្បែរ​ស្ទឹង​យ៉ាបុក និង​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ស្រុក​ភ្នំ​នោះ ព្រម​ទាំង​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា បាន​ហាម‌ប្រាម​នោះ​ផង។