គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 18:4-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ព្រម​ទាំង​ផល​ដំបូង​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ហើយ​រោម​ចៀម​របស់​ឯង ដែល​កាត់​មុន​ដំបូង​ដែរ

5. ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​រើស​គេ និង​កូន​ចៅ​គេ ពី​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន ឲ្យ​បាន​ឈរ​ធ្វើ​ការ‌ងារ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជានិច្ច។

6. បើ​មាន​ពួក​លេវី​ណា​ម្នាក់ ចេញ​ពី​ទី​ក្រុង​ឯង​ណា​មួយ ក្នុង​បណ្តា​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ជា​ទី​លំនៅ​របស់​គេ មក​ដោយ​បំណង​ចិត្ត​ដ៏​ពោរ‌ពេញ ដល់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​រើស

7. នោះ​គេ​នឹង​ធ្វើ​ការ‌ងារ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​បាន​ដែរ ដូច​ជា​ពួក​លេវី ជា​បង​ប្អូន​គេ​គ្រប់​គ្នា ដែល​ឈរ​នៅ​ទី​នោះ​ចំពោះ​ព្រះ‌យេហូវ៉ា

8. គេ​នឹង​មាន​ចំណែក​បរិភោគ​ស្មើ​គ្នា ក្រៅ​ពី​ដំឡៃ​កេរ‌អាករ​របស់​ឪពុក ដែល​គេ​បាន​លក់​ហើយ។

9. កាល​ណា​ឯង​បាន​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ នោះ​មិន​ត្រូវ​រៀន​ធ្វើ​តាម​ការ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ទាំង​នោះ​ឡើយ

10. នៅ​ក្នុង​ពួក​ឯង មិន​ត្រូវ​ឲ្យ​ឃើញ​មាន​អ្នក​ណា​មួយ ដែល​ធ្វើ​ឲ្យ​កូន​ប្រុស ឬ​កូន​ស្រី​ខ្លួន​ឆ្លង​កាត់​ភ្លើង ឬ​គ្រូ​ទាយ គ្រូ​គន់‌គូរ‌នក្ខត្ត‌ឫក្ស គ្រូ​អង្គុយ‌ធម៌ គ្រូ​អាប‌ធ្មប់

11. គ្រូ​សន្ធាប់ គ្រូ​ខាប គ្រូ​គាថា ឬ​គ្រូ​អន្ទង​ខ្មោច​ណា​ឡើយ

12. ដ្បិត​អ្នក​ណា​ដែល​ប្រព្រឹត្ត​ការ​ទាំង​នោះ ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា​ណាស់ គឺ​ដោយ​ព្រោះ​សេចក្ដី​គួរ​ស្អប់​ខ្ពើម​យ៉ាង​នោះ​ហើយ បាន​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បណ្តេញ​គេ​ពី​មុខ​ឯង​ចេញ

13. ត្រូវ​ឲ្យ​ឯង​ឥត​មាន​សៅ‌ហ្មង​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ចុះ

14. ដ្បិត​ឯ​សាសន៍​ទាំង​នោះ ដែល​ឯង​នឹង​ទៅ​ចាប់​យក​ស្រុក​របស់​គេ នោះ​សុទ្ធ​តែ​ជា​អ្នក​ស្តាប់​តាម​គ្រូ​គន់‌គូរ‌នក្ខត្ត‌ឫក្ស និង​គ្រូ​ទាយ​ទំនាយ​ទាំង​អស់ តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​មិន​បើក​ឲ្យ​ឯង​ប្រព្រឹត្ត​ការ​យ៉ាង​ដូច្នោះ​ទេ។

15. ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​បណ្តាល​ឲ្យ​មាន​ហោរា​១​កើត​ឡើង ពី​ពួក​បង​ប្អូន​ឯង ឲ្យ​ដូច​ជា​អញ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ស្តាប់​តាម​អ្នក​នោះ​ចុះ

16. តាម​គ្រប់​ទាំង​សេចក្ដី ដែល​ឯង​បាន​សូម​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ត្រង់​ភ្នំ​ហោរែប នៅ​ថ្ងៃ​ដែល​ប្រជុំ​នោះ​ថា សូម​កុំ​ឲ្យ​ខ្ញុំ​ឮ​សំឡេង​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្ញុំ ឬ​ឃើញ​ភ្លើង​ដ៏​ធំ​នេះ​ទៀត​ឡើយ ក្រែង​ខ្ញុំ​ត្រូវ​ស្លាប់

17. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​មក​អញ​ថា សេចក្ដី​ដែល​គេ​ថា នោះ​បាន​ថា​ត្រូវ​ហើយ

18. អញ​នឹង​បណ្តាល​ឲ្យ​មាន​ហោរា​១​កើត​ឡើង​ពី​ពួក​បង​ប្អូន​គេ សំរាប់​គេ ឲ្យ​ដូច​ឯង ហើយ​អញ​នឹង​ដាក់​ពាក្យ​អញ​ទៅ​ក្នុង​មាត់​ហោរា​នោះ អ្នក​នោះ​នឹង​ប្រាប់​ដល់​គេ​តាម​គ្រប់​ទាំង​សេចក្ដី ដែល​អញ​នឹង​បង្គាប់​មក

សូមអានជំពូកពេញលេញ ចោទិយ‌កថា 18