1. ឯពួកលេវីដ៏ជាសង្ឃ គឺពូជអំបូរលេវីគ្រប់គ្នាមិនត្រូវឲ្យគេមានចំណែក ឬមរដក ជាមួយនឹងពួកអ៊ីស្រាអែលឡើយ ត្រូវឲ្យគេរស់ដោយបរិភោគដង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា គឺជាមរដករបស់ទ្រង់វិញ
2. មិនត្រូវឲ្យគេមានមរដកនៅជាមួយនឹងបងប្អូនគេទេ ដ្បិតព្រះយេហូវ៉ាទ្រង់ជាមរដករបស់គេហើយ ដូចជាទ្រង់បានមានព្រះបន្ទូលនឹងគេស្រាប់
3. នេះជាចំណែកដែលបណ្តាជន ជាពួកអ្នកដែលថ្វាយយញ្ញបូជាត្រូវឲ្យដល់ពួកសង្ឃ ទោះគោ ឬចៀមក្តី នោះត្រូវឲ្យស្មា ថ្គាម និងពោះធំផង
4. ព្រមទាំងផលដំបូងពីស្រូវ ពីទឹកទំពាំងបាយជូរ ពីប្រេង ហើយរោមចៀមរបស់ឯង ដែលកាត់មុនដំបូងដែរ
5. ដ្បិតព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់បានរើសគេ និងកូនចៅគេ ពីពូជអំបូរឯងទាំងប៉ុន្មាន ឲ្យបានឈរធ្វើការងារ ដោយនូវព្រះនាមព្រះយេហូវ៉ាជានិច្ច។
6. បើមានពួកលេវីណាម្នាក់ ចេញពីទីក្រុងឯងណាមួយ ក្នុងបណ្តាសាសន៍អ៊ីស្រាអែលទាំងអស់ ជាទីលំនៅរបស់គេ មកដោយបំណងចិត្តដ៏ពោរពេញ ដល់កន្លែងដែលព្រះយេហូវ៉ានឹងរើស
7. នោះគេនឹងធ្វើការងារ ដោយនូវព្រះនាមព្រះយេហូវ៉ា ជាព្រះនៃគេបានដែរ ដូចជាពួកលេវី ជាបងប្អូនគេគ្រប់គ្នា ដែលឈរនៅទីនោះចំពោះព្រះយេហូវ៉ា
8. គេនឹងមានចំណែកបរិភោគស្មើគ្នា ក្រៅពីដំឡៃកេរអាកររបស់ឪពុក ដែលគេបានលក់ហើយ។
9. កាលណាឯងបានចូលទៅក្នុងស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃឯង ទ្រង់ប្រទានឲ្យ នោះមិនត្រូវរៀនធ្វើតាមការគួរស្អប់ខ្ពើមរបស់សាសន៍ទាំងនោះឡើយ
10. នៅក្នុងពួកឯង មិនត្រូវឲ្យឃើញមានអ្នកណាមួយ ដែលធ្វើឲ្យកូនប្រុស ឬកូនស្រីខ្លួនឆ្លងកាត់ភ្លើង ឬគ្រូទាយ គ្រូគន់គូរនក្ខត្តឫក្ស គ្រូអង្គុយធម៌ គ្រូអាបធ្មប់