ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ពិធី​បុណ្យ​ចម្លង

1. ចូរ​ចាំ​កំណត់​នៅ​ខែ​ចេត្រ ដើម្បី​នឹង​ធ្វើ​បុណ្យ​រំលង​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដ្បិត​គឺ​នៅ​ខែ​ចេត្រ​នេះ​ហើយ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ទាំង​យប់

2. ត្រូវ​ឲ្យ​ឯង​យក​សត្វ​ពី​ហ្វូង​របស់​ឯង​មក ថ្វាយ​ជា​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស សំរាប់​តាំង​ព្រះ‌នាម​ទ្រង់

3. មិន​ត្រូវ​ឲ្យ​បរិភោគ​នំបុ័ង​មាន​ដំបែ​ជា​មួយ​ទេ នៅ​រវាង​៧​ថ្ងៃ​នោះ ត្រូវ​បរិភោគ​នំបុ័ង​ឥត​ដំបែ​វិញ គឺ​ជា​នំបុ័ង​នៃ​សេចក្ដី​ទុក្ខ​លំបាក ពី​ព្រោះ​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ប្រញាប់‌ប្រញាល់ ត្រូវ​ធ្វើ​ដូច្នោះ​ដើម្បី​ឲ្យ​បាន​នឹក​ចាំ​គ្រប់​១​ជីវិត ពី​ថ្ងៃ​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

4. មិន​ត្រូវ​ឲ្យ​ឃើញ​មាន​ដំបែ​នៅ​ជា​មួយ​ក្នុង​ព្រំ​ស្រុក​ឯង​ទាំង​អស់​នៅ​វេលា​៧​ថ្ងៃ​នោះ​ឡើយ ក៏​មិន​ត្រូវ​ឲ្យ​មាន​សាច់ ដែល​ឯង​ថ្វាយ​ជា​យញ្ញ‌បូជា នៅ​ពេល​ល្ងាច​ក្នុង​ថ្ងៃ​ដំបូង​នោះ សល់​នៅ​ដល់​ព្រឹក​ដែរ

5. ឯង​គ្មាន​ច្បាប់​នឹង​ថ្វាយ​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង នៅ​ក្នុង​ទី​ក្រុង​ដទៃ​ណា ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​ឯង​នោះ​ទេ

6. គឺ​ត្រូវ​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​នៃ​បុណ្យ​រំលង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​នឹង​តាំង​ព្រះ‌នាម​ទ្រង់​វិញ គឺ​នៅ​ទី​នោះ​ដែល​ត្រូវ​ថ្វាយ​យញ្ញ‌បូជា នៅ​ពេល​ល្ងាច​ពី​វេលា​ថ្ងៃ​លិច​ទៅ ក្នុង​រដូវ​ដដែល​ដែល​ឯង​បាន​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក

7. ត្រូវ​ឲ្យ​ចំអិន​សាច់​នោះ ហើយ​បរិភោគ​នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស លុះ​ដល់​ព្រឹក​ឡើង​ឯង​នឹង​ត្រឡប់​ទៅ​ឯ​ត្រសាល​ឯង​វិញ​បាន

8. ត្រូវ​ឲ្យ​ឯង​បរិភោគ​នំបុ័ង​ឥត​ដំបែ​អស់​៦​ថ្ងៃ លុះ​ដល់​ថ្ងៃ​ទី​៧ នោះ​ត្រូវ​ប្រជុំ​ជំនុំ​មុត‌មាំ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឲ្យ​សោះ។

បុណ្យ​សប្ដាហ៍ ឬ​បុណ្យ​ថ្ងៃ​ទី​ហា‌សិប

9. រួច​ត្រូវ​រាប់​ជា​៧​អាទិត្យ​ទៀត គឺ​ត្រូវ​រាប់​៧​អាទិត្យ​នោះ ចាប់​តាំង​ពី​វេលា​ដែល​ទើប​នឹង​លូក​កណ្តៀវ​ទៅ​ច្រូត​ស្រូវ

10. នោះ​ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​អាទិត្យ​ទី​៧ ថ្វាយ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដោយ​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ប្រទាន​ពរ

11. ហើយ​ឯង និង​កូន​ប្រុស​កូន​ស្រី​ឯង ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ឯង និង​ពួក​លេវី​ដែល​នៅ​ទី​ក្រុង​ឯង ហើយ​នឹង​ពួក​អ្នក​ដទៃ ពួក​កំព្រា និង​ពួក​ស្រី​មេម៉ាយ ដែល​នៅ​ជា​មួយ​នឹង​ឯង​ទាំង​អស់​គ្នា​ផង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់

12. ត្រូវ​ឲ្យ​នឹក​ចាំ​ថា ពី​ដើម​ឯង​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ ដូច្នេះ​ត្រូវ​ប្រយ័ត្ន និង​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​ទាំង​នេះ​ចុះ។

បុណ្យ​បារាំ

13. ត្រូវ​ឲ្យ​ឯង​ធ្វើ​បុណ្យ​បារាំ​នៅ​អស់​៧​ថ្ងៃ ក្នុង​ពេល​ក្រោយ​ដែល​បាន​ប្រមូល​ផល​ពី​លាន និង​ពី​ធុង​ឃ្នាប​ហើយ

14. ត្រូវ​ឲ្យ​ឯង និង​កូន​ប្រុស​កូន​ស្រី​ឯង អរ​សប្បាយ​នៅ​វេលា​បុណ្យ​របស់​ឯង​នោះ ព្រម​ទាំង​បាវ​ប្រុស​បាវ​ស្រី​ឯង និង​ពួក​លេវី ហើយ​នឹង​អ្នក​ដទៃ ពួក​កូន​កំព្រា និង​ពួក​ស្រី​មេម៉ាយ​ដែល​នៅ​ក្នុង​ទី​ក្រុង​ឯង​ផង

15. ត្រូវ​ឲ្យ​ធ្វើ​បុណ្យ​នេះ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង អស់​៧​ថ្ងៃ នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​រើស ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ចំពោះ​អស់​ទាំង​ផល​ចំរើន​របស់​ឯង ហើយ​ក្នុង​គ្រប់​ទាំង​ការ​ដែល​ដៃ​ឯង​ធ្វើ ដូច្នេះ​ឯង​នឹង​មាន​សេចក្ដី​អំណរ​ជា​មិន​ខាន។

16. ត្រូវ​ឲ្យ​គ្រប់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ៣​ដង​ក្នុង​១​ឆ្នាំ ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស គឺ​នៅ​ពេល​បុណ្យ​នំបុ័ង​ឥត​ដំបែ​ម្តង បុណ្យ​អាទិត្យ​ទី​៧​ម្តង និង​បុណ្យ​បារាំ​ម្តង ក៏​មិន​ត្រូវ​មក​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​ដៃ​ទទេ​ដែរ

17. ត្រូវ​ឲ្យ​គ្រប់​គ្នា​ថ្វាយ​តាម​កំឡាំង​រៀង​ខ្លួន គឺ​តាម​ព្រះ‌ពរ​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ឲ្យ។

ការ​តែង‌តាំង​មេ​ដឹក‌នាំ

18. ត្រូវ​ឲ្យ​ឯង​តាំង​ពួក​ចៅ‌ក្រម និង​សុភា នៅ​គ្រប់​ទាំង​ទី​ក្រុង ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​ឯង តាម​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន ត្រូវ​ឲ្យ​អ្នក​ទាំង​នោះ​ជំនុំ‌ជំរះ​បណ្តា‌ជន​ដោយ​យុត្តិ‌ធម៌

19. មិន​ត្រូវ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌​ឡើយ ក៏​មិន​ត្រូវ​លំអៀង​ចិត្ត​ទៅ​ខាង​ណា ឬ​ស៊ី​សំណូក​ឲ្យ​សោះ ដ្បិត​សំណូក​ជា​ការ​នាំ​ឲ្យ​បំបិទ​ភ្នែក​អ្នក​ប្រាជ្ញ ហើយ​ក៏​បង្ខូច​ពាក្យ​សំដី​របស់​មនុស្ស​សុចរិត​ផង។

មិន​ត្រូវ​គោរព​ព្រះ​ក្លែង‌ក្លាយ

20. ត្រូវ​ឲ្យ​កាន់​តាម​តែ​សេចក្ដី ដែល​សុចរិត​វិញ ជា​កុំ​ខាន ដើម្បី​ឲ្យ​ឯង​បាន​រស់​នៅ ហើយ​គ្រង​បាន​ស្រុក ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ។

21. មិន​ត្រូវ​ឲ្យ​តាំង​រូប​ឆ្លាក់​ធ្វើ​ពី​ឈើ​ក៏​ដោយ នៅ​ត្រង់​អាសនា​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដែល​នឹង​ស្អាង​សំរាប់​ឯង​នោះ​ឡើយ

22. ក៏​មិន​ត្រូវ​បញ្ឈរ​បង្គោល​ណា​សំរាប់​ឲ្យ​ឯង​គោរព គឺ​ជា​របស់​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ស្អប់​នោះ​ដែរ។