ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ឆ្នាំ​ទី​ប្រាំ​ពីរ ជា​ឆ្នាំ​ដែល​ត្រូវ​លុប​បំណុល

1. ដល់​វេលា​ផុត​រាល់​តែ​៧​ឆ្នាំ នោះ​ត្រូវ​ឲ្យ​មាន​ការ​ប្រោស​លែង

2. នេះ​ជា​របៀប​នៃ​ការ​ប្រោស​លែង​នោះ គឺ​គ្រប់​ទាំង​ម្ចាស់​បំណុល​ត្រូវ​តែ​លើក​លែង​បំណុល ចំពោះ​អ្នក​ជិត​ខាង​ដែល​បាន​ខ្ចី​ខ្លួន មិន​ត្រូវ​ឲ្យ​តឹង​ទារ​ពី​អ្នក​ជិត​ខាង​នោះ ឬ​ពី​បង​ប្អូន​ណា​ឡើយ ដ្បិត​ការ​ប្រោស​លែង​ផង​ព្រះ‌យេហូវ៉ា បាន​ប្រកាស​ប្រាប់​ស្រេច​ហើយ

3. ឯង​នឹង​ទារ​ពី​អ្នក​ប្រទេស​ក្រៅ​បាន តែ​របស់​អ្វី​ផង​ឯង​ដែល​នៅ​នឹង​បង​ប្អូន​ឯង នោះ​ត្រូវ​លើក​លែង​ចោល​ចេញ

4. ប៉ុន្តែ​នឹង​គ្មាន​អ្នក​ទ័ល‌ក្រ​នៅ​ជា​មួយ​នឹង​ឯង​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង នៅ​ក្នុង​ស្រុក​ដែល​ទ្រង់​ប្រទាន​មក ឲ្យ​ឯង​ចាប់​យក​ជា​មរដក​នោះ​ជា​មិន​ខាន

5. គឺ​បើ​ឯង​គ្រាន់​តែ​ខំ​ប្រឹង​ស្តាប់​តាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត ដើម្បី​នឹង​កាន់ ហើយ​ប្រព្រឹត្ត​តាម​សេចក្ដី​បញ្ញត្ត ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ​គ្រប់​ជំពូក​ប៉ុណ្ណោះ

6. ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ដូច​ជា​ទ្រង់​បាន​សន្យា​ហើយ នោះ​ឯង​នឹង​ឲ្យ​សាសន៍​ជា​ច្រើន​ខ្ចី​បាន ឥត​មាន​ខ្ចី​ពី​គេ​វិញ​ឡើយ ហើយ​ឯង​នឹង​ត្រួត‌ត្រា​លើ​សាសន៍​ជា​ច្រើន តែ​គេ​មិន​ត្រូវ​ត្រួត‌ត្រា​លើ​ឯង​ទេ។

7. តែ​បើ‌សិន​ជា​មាន​អ្នក​ទ័ល‌ក្រ​ណា នៅ​ជា​មួយ​នឹង​ឯង​ដែរ ជា​បង​ប្អូន​ឯង​ដែល​នៅ​ទី​ក្រុង​ឯង ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​មក នោះ​មិន​ត្រូវ​ឲ្យ​ឯង​តាំង​ចិត្ត​របឹង ឬ​ក្តាប់​ដៃ​នឹង​បង​ប្អូន​ជា​អ្នក​ក្រ​នោះ​ឡើយ

8. គឺ​ត្រូវ​ឲ្យ​លា​ដៃ​ដល់​គេ​វិញ​ជា​កុំ​ខាន ហើយ​ឲ្យ​គេ​ខ្ចី​តាម​ចិត្ត ឲ្យ​ល្មម​ដល់​គ្រា​ទ័ល‌ក្រ​នោះ​ចុះ

9. ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មាន​គំនិត​អាក្រក់​ក្នុង​ចិត្ត​ឯង ដោយ​នឹក​ថា ឆ្នាំ​ទី​៧​ជា​ឆ្នាំ​ដែល​ត្រូវ​លើក​លែង នោះ​ជិត​ដល់​ហើយ ហើយ​ឯង​គន់​មើល​បង​ប្អូន​អ្នក​ក្រ​នោះ ដោយ​ព្រងើយ​កន្តើយ​វិញ ឥត​មាន​ឲ្យ​អ្វី​ដល់​គេ​សោះ ក្រែង​គេ​ប្តឹង​ដល់​ព្រះ‌យេហូវ៉ា​ពី​ឯង នោះ​នឹង​បាន​រាប់​ជា​បាប​ដល់​ឯង

10. ត្រូវ​ឲ្យ​ឯង​ចែក​ដល់​គេ​ជា​កុំ​ខាន ដោយ​មាន​ចិត្ត​ឥត​ស្តាយ​ផង ដ្បិត​បើ​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ នោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង​ក្នុង​គ្រប់​ទាំង​ការ​របស់​ឯង ហើយ​ក្នុង​អស់​ទាំង​ការ​អ្វី ដែល​ឯង​ដាក់​ដៃ​ធ្វើ​ផង

11. ពី​ព្រោះ​ពួក​ទាល់​ក្រ​មិន​ចេះ​ដែល​ផុត​ពី​ក្នុង​ស្រុក​ឡើយ ហេតុ​នេះ​បាន​ជា​អញ​បង្គាប់​ដល់​ឯង​ថា ត្រូវ​ឲ្យ​ឯង​លា​ដៃ​ដល់​បង​ប្អូន និង​ពួក​អ្នក​ទាល់​ក្រ ហើយ​នឹង​ពួក​កំសត់​ទុរគត នៅ​ក្នុង​ស្រុក​ឯង​ជា​កុំ​ខាន​វិញ។

ឆ្នាំ​ដែល​ត្រូវ​ដោះ​លែង​ខ្ញុំ​បំរើ

12. បើ​បង​ប្អូន​ប្រុស ឬ​ស្រី​របស់​ឯង ដែល​ជា​សាសន៍​ហេព្រើរ គេ​លក់​ខ្លួន​មក​ឯង ក៏​បាន​នៅ​បំរើ​ឯង​អស់​៦​ឆ្នាំ​ហើយ នោះ​ដល់​ឆ្នាំ​ទី​៧ ត្រូវ​ឲ្យ​លែង​គេ​ចេញ​ឲ្យ​រួច​ទៅ​ទទេ

13. ហើយ​កាល​ណា​លែង​ឲ្យ​ទៅ នោះ​មិន​ត្រូវ​ឲ្យ​គេ​ទៅ​ដោយ​ដៃ​ទទេ​ឡើយ

14. គឺ​ត្រូវ​ផ្គត់‌ផ្គង់​ឲ្យ​គេ​ពី​ហ្វូង​ចៀម ពី​ទីលាន ហើយ​ពី​ធុង​ឃ្នាប​របស់​ឯង​ដោយ​សទ្ធា​វិញ ត្រូវ​ឲ្យ​ដល់​គេ​តាម​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង

15. ត្រូវ​ឲ្យ​ឯង​នឹក​ចាំ​ថា ពី​ដើម​ឯង​ក៏​ជា​បាវ​បំរើ​នៅ​ស្រុក​អេស៊ីព្ទ​ដែរ តែ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​លោះ​ឯង​មក ហេតុ​នោះ​ហើយ បាន​ជា​អញ​បង្គាប់​ដល់​ឯង​ដូច្នេះ​នៅ​ថ្ងៃ​នេះ

16. ប៉ុន្តែ​បើ‌សិន​ជា​គេ​និយាយ​នឹង​ឯង​ថា ខ្ញុំ​មិន​ព្រម​ចេញ​ពី​អ្នក​ទៅ​ទេ គឺ​ដោយ​គេ​ស្រឡាញ់​ឯង និង​ផ្ទះ​ឯង ហើយ​ដោយ​ព្រោះ​គេ​នៅ​ជា​ស្រួល​នឹង​ឯង​ផង

17. នោះ​ត្រូវ​ឲ្យ​យក​ដែក​ចោះ​មក ចោះ​ត្រចៀក​គេ​ផ្ទាប់​នៅ​ទ្វារ រួច​គេ​នឹង​ធ្វើ​ជា​បាវ​បំរើ​ឯង​ជា​ដរាប​ត​ទៅ ហើយ​ត្រូវ​ឲ្យ​ឯង​ធ្វើ​ដូច្នោះ​នឹង​បាវ​ស្រី​ឯង​ដែរ

18. មិន​ត្រូវ​ឲ្យ​មាន​ចិត្ត​ពិបាក ដោយ​លែង​ឲ្យ​គេ​ទៅ​ទទេ​ឡើយ ដ្បិត​គេ​បាន​នៅ​បំរើ​ឯង​អស់​៦​ឆ្នាំ​ហើយ ជា​ការ​បំរើ​លើស​ជាង​ការ​របស់​ជើង​ឈ្នួល​១​ជា​២​ផង ដូច្នេះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ការ​ដែល​ឯង​ធ្វើ​ដែរ។

កូន​ដំបូង​របស់​សត្វ

19. ក្នុង​ហ្វូង​គោ​ហ្វូង​ចៀម​របស់​ឯង នោះ​ត្រូវ​ញែក​អស់​ទាំង​កូន​ឈ្មោល ដែល​កើត​ជា​ដំបូង​ចេញ ទុក​ជា​បរិសុទ្ធ ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង មិន​ត្រូវ​យក​កូន​ដែល​កើត​ជា​ដំបូង​ពី​មេ​គោ​ឯង ទៅ​ប្រើ​ធ្វើ​ការ​អ្វី ឬ​កាត់​រោម​របស់​កូន​ដែល​កើត​ជា​ដំបូង ពី​មេ​ចៀម​ឯង​នោះ​ឡើយ

20. រាល់​តែ​ឆ្នាំ ត្រូវ​ឲ្យ​ឯង និង​ពួក​ផ្ទះ​ឯង​បរិភោគ​សត្វ​នោះ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​នឹង​រើស

21. បើ​សត្វ​នោះ​មាន​ស្លាក​ស្នាម​អ្វី គឺ​បើ​ខ្ញើច ឬ​ខ្វាក់ ឬ​មាន​ខ្ចោះ​អាក្រក់​ត្រង់​ណា​ក្តី នោះ​មិន​ត្រូវ​ឲ្យ​ឯង​ថ្វាយ​ជា​យញ្ញ‌បូជា ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឡើយ

22. ឯង​នឹង​បរិភោគ​សត្វ​នោះ​នៅ​ក្នុង​ទី​ក្រុង​ឯង​បាន​ទោះ​ទាំង​អ្នក​ស្អាត និង​អ្នក​ដែល​មិន​ស្អាត​ផង ដូច​ជា​បរិភោគ​ឈ្លូស ហើយ​នឹង​ប្រើស​ដែរ

23. ប៉ុន្តែ​មិន​ត្រូវ​បរិភោគ​ឈាម​ឡើយ ត្រូវ​ឲ្យ​ចាក់​ចោល​ទៅ​ដី ដូច​ជា​ទឹក​វិញ។