ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ការ​ហាម​មិន​ឲ្យ​ធ្វើ​ពិធី​ឆូត​សាច់

1. ឯង​រាល់​គ្នា​ជា​កូន​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង មិន​ត្រូវ​ឲ្យ​ឯង​អារ​សាច់ ឬ​កោរ​ចិញ្ចើម ដោយ​ព្រោះ​ខ្មោច​ស្លាប់​ឡើយ

2. ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​រើស​ឯង​ពី​អស់​ទាំង​សាសន៍​ដែល​នៅ​ផែនដី ទុក​ជា​សាសន៍​របស់​ផង​ទ្រង់។

សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ

3. មិន​ត្រូវ​ឲ្យ​ឯង​បរិភោគ​របស់​អ្វី ដែល​គួរ​ខ្ពើម​ឡើយ

4. នេះ​ជា​សត្វ​ទាំង​ប៉ុន្មាន​ដែល​បរិភោគ​បាន គឺ​គោ ចៀម ពពែ

5. ឈ្លូស ប្រើស ក្តាន់ រមាំង ទ្រាយ ទន្សោង ហើយ​ពពែ​ភ្នំ

6. ហើយ​គ្រប់​ទាំង​សត្វ​ដែល​មាន​ក្រចក​ឆែក គឺ​ក្រចក​ឆែក​ដាច់​ជា​២ ហើយ​ដែល​ទំពា‌អៀង​ផង ក្នុង​អស់​ទាំង​ពួក​សត្វ​នោះ​នឹង​បរិភោគ​បាន

7. ប៉ុន្តែ​ក្នុង​បណ្តា​សត្វ​ដែល​ទំពា‌អៀង ឬ​ដែល​មាន​ក្រចក​ឆែក​នោះ មិន​ត្រូវ​ឲ្យ​បរិភោគ​សត្វ​ទាំង​នេះ​ឡើយ គឺ​សត្វ​អូដ្ឋ ទន្សាយ​គល់ ទន្សាយ​ថ្ម ពី​ព្រោះ​សត្វ​ទាំង​នោះ​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ជា​សត្វ​មិន​ស្អាត​ទាំង​អស់​ដល់​ឯង​រាល់​គ្នា

8. ហើយ​ជ្រូក​ដែរ ពី​ព្រោះ​មាន​ក្រចក​ឆែក តែ​មិន​ទំពា‌អៀង​ទេ នោះ​មិន​ស្អាត​ដល់​ឯង​រាល់​គ្នា មិន​ត្រូវ​ឲ្យ​បរិភោគ​សាច់​វា​ឡើយ ក៏​មិន​ត្រូវ​ទាំង​ពាល់​ខ្មោច​វា​ផង។

9. ឯ​បណ្តា​សត្វ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទឹក នោះ​ឯង​នឹង​បរិភោគ​សត្វ​ទាំង​នេះ​បាន គឺ​សត្វ​ណា​ដែល​មាន​ព្រុយ​ហើយ​មាន​ស្រកា​ផង

10. តែ​មិន​ត្រូវ​ឲ្យ​បរិភោគ​សត្វ​ណា​ដែល​គ្មាន​ព្រុយ និង​ស្រកា​ទេ ដ្បិត​ជា​សត្វ​មិន​ស្អាត​ទាំង​អស់​ដល់​ឯង​រាល់​គ្នា។

11. ឯ​បណ្តា​សត្វ​ហើរ​ដែល​ស្អាត នោះ​ឯង​រាល់​គ្នា​នឹង​បរិភោគ​បាន​គ្រប់​យ៉ាង

12. តែ​សត្វ​ហើរ​ទាំង​នេះ នោះ​មិន​ត្រូវ​បរិភោគ​ឡើយ គឺ​ខ្លែង ស្ទាំង ប្រមង់

13. ល្អូត អាត និង​ត្មាត​តាម​ពូជ​វា

14. គ្រប់​ទាំង​ក្អែក​តាម​ពូជ​វា

15. អូសទ្រិច ខ្លែង‌ស្រាក រំពេ និង​អក​តាម​ពូជ​វា

16. មៀម គូក ទីទុយ

17. ទុង ក្រៀល ស្មោញ

18. កុក និង​ក្រសារ តាម​ពូជ​វា កំប៉ោយ ហើយ​ជ្រឹង

19. និង​អស់​ទាំង​សត្វ​ដែល​វារ ហើយ​ហើរ​ផង នោះ​ជា​សត្វ​មិន​ស្អាត​ដល់​ឯង មិន​ត្រូវ​បរិភោគ​ឡើយ

20. តែ​គ្រប់​ទាំង​សត្វ​ហើរ ដែល​ស្អាត នោះ​នឹង​បរិភោគ​បាន។

21. មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​សត្វ​ណា ដែល​ស្លាប់​ដោយ​ខ្លួន​ឯង​ឡើយ ដ្បិត​ឯង​ជា​សាសន៍​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​ឲ្យ​សត្វ​នោះ​ដល់​អ្នក​ដទៃ​ដែល​ស្នាក់​នៅ​ក្នុង​ផ្ទះ​ឯង ឲ្យ​គេ​បរិភោគ​បាន ឬ​នឹង​លក់​ឲ្យ​ដល់​សាសន៍​ដទៃ​វិញ​ក៏​បាន។មិន​ត្រូវ​ឲ្យ​ឯង​ស្ងោរ​កូន​ពពែ ក្នុង​ទឹក​ដោះ​របស់​មេ​វា​ឡើយ។

22. ត្រូវ​ឲ្យ​ឯង​ហូត​យក​១​ភាគ​ក្នុង​១០ ពី​ផល​ដែល​កើត​ពី​ស្រែ​ចំការ​ឯង រាល់​តែ​ឆ្នាំជា​កុំ​ខាន

23. រួច​ត្រូវ​បរិភោគ​ដង្វាយ​១​ភាគ​ក្នុង​១០ ដែល​ឯង​ហូត​ពី​ទឹក​ទំពាំង‌បាយ‌ជូរ ពី​ប្រេង ហើយ​ពី​កូន​សត្វ​ដែល​កើត​ដំបូង ក្នុង​ហ្វូង​គោ​ហ្វូង​ចៀម​ឯង​ទាំង​ប៉ុន្មាន នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ត្រង់​កន្លែង​ដែល​ទ្រង់​នឹង​រើស សំរាប់​នឹង​តាំង​ព្រះ‌នាម​ទ្រង់ ដើម្បី​ឲ្យ​ឯង​ទំលាប់​ឲ្យ​មាន​សេចក្ដី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ជា​ដរាប

24. តែ​បើ‌សិន​ជា​ផ្លូវ​នោះ​ឆ្ងាយ ដល់​ម៉្លេះ​បាន​ជា​ឯង​នឹង​នាំ​យក​របស់​ទាំង​នោះ​ទៅ​ឲ្យ​ដល់​មិន​បាន ដោយ​ព្រោះ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​រើស សំរាប់​នឹង​ដាក់​ព្រះ‌នាម​ទ្រង់ នៅ​ឆ្ងាយ​ពី​ឯង ក្នុង​វេលា​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ហើយ

25. នោះ​ត្រូវ​លក់​របស់​ទាំង​នោះ​យក​ជា​ប្រាក់​វិញ​ចុះ រួច​វេច​ប្រាក់​កាន់​ជាប់​នៅ​ដៃ នាំ​យក​ទៅ​ឯ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​បាន​រើស

26. ហើយ​នឹង​ចំណាយ​ប្រាក់​នោះ ទិញ​អ្វីៗ​តាម​ប្រាថ្នា​បាន ទោះ​ជា​គោ ឬ​ចៀម ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​គ្រឿង​ផឹក​ណា ឬ​របស់​អ្វី​ក៏​ដោយ ដែល​ឯង​គាប់​ចិត្ត រួច​នឹង​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង នៅ​ទី​នោះ​ហើយ​ត្រូវ​អរ​សប្បាយ​ឡើង ព្រម​ទាំង​ពួក​គ្រួ​ឯង​ជា​មួយ​នឹង​ឯង​ផង

27. ឯ​ពួក​លេវី ដែល​នៅ​ក្នុង​ទី​ក្រុង​របស់​ឯង នោះ​មិន​ត្រូវ​លះ​ចោល​គេ​ឡើយ ដ្បិត​គេ​គ្មាន​ចំណែក គ្មាន​មរដក​ជា​មួយ​នឹង​ឯង​ទេ។

28. ដល់​វេលា​ផុត​រាល់​តែ​៣​ឆ្នាំ​ទៅ នោះ​ត្រូវ​ឲ្យ​យក​ដង្វាយ​១​ភាគ​ក្នុង​១០ ពី​របស់​ដែល​បាន​ហូត​ពី​ផល​កើត​ក្នុង​ឆ្នាំ​នោះ​ឯង ចេញ​មក​ដាក់​ទុក​នៅ​ត្រង់​ទ្វារ​ក្រុង​ឯង​វិញ

29. ដូច្នេះ​ពួក​លេវី ដែល​គ្មាន​ចំណែក គ្មាន​មរដក ជា​មួយ​នឹង​ឯង និង​ពួក​អ្នក​ដទៃ ព្រម​ទាំង​កូន​កំព្រា និង​ស្រី​មេម៉ាយ​ដែល​នៅ​ក្នុង​ទី​ក្រុង​ឯង គេ​នឹង​មក​បរិភោគ​ចំអែត ដើម្បី​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង ក្នុង​គ្រប់​ទាំង​ការ​ដែល​ដៃ​ឯង​ធ្វើ។