គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 12:3-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ត្រូវ​រំលំ​អាសនា​គេ ព្រម​ទាំង​បំបាក់​បំបែក​បង្គោល​ដែល​សំរាប់​គោរព និង​ដុត​អ្នក‌តា​របស់​គេ ក៏​ត្រូវ​កាប់​រំលំ​រូប​ព្រះ​ឆ្លាក់​របស់​គេ ហើយ​រំលាយ​ឈ្មោះ​ព្រះ​ទាំង​នោះ​ពី​ទី​នោះ​ចេញ​ផង

4. តែ​មិន​ត្រូវ​ធ្វើ​ដូច្នោះ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឡើយ

5. គឺ​ត្រូវ​ឲ្យ​ឯង​សួរ​រក​ទី​លំនៅ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង នៅ​កន្លែង​ណា ដែល​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​រើស ក្នុង​ពូជ​អំបូរ​ឯង​ទាំង​ប៉ុន្មាន សំរាប់​ជា​កន្លែង​ដាក់​ព្រះ‌នាម​ទ្រង់ ហើយ​ត្រូវ​ឲ្យ​ទៅ​ឯ​ទី​នោះ​វិញ

6. ក៏​ត្រូវ​នាំ​យក​អស់​ទាំង​ដង្វាយ​ដុត យញ្ញ‌បូជា ដង្វាយ​១​ភាគ​ក្នុង​១០​ដង្វាយ​លើក​ចុះ​ឡើង ដង្វាយ​លា‌បំណន់ ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត និង​កូន​កើត​ដំបូង​ក្នុង​ហ្វូង​គោ ហ្វូង​ចៀម​ឯង ទៅ​ឯ​ទី​នោះ​ដែរ

7. ហើយ​នៅ​ទី​នោះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​បរិភោគ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ឯង និង​ពួក​គ្រួសារ​ឯង ត្រូវ​អរ​សប្បាយ​ឡើង ដោយ​ព្រោះ​គ្រប់​ទាំង​របស់​ដែល​ដៃ​ឯង​លូក​ទៅ​ចាប់​យក ពី​របស់​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​ប្រទាន​ពរ​ដល់​ឯង​ហើយ

8. មិន​ត្រូវ​ធ្វើ​ដូច​ជា​យើង​ធ្វើ​នៅ​ទី​នេះ​សព្វ​ថ្ងៃ គឺ​តាម​តែ​គ្រប់​គ្នា​គិត​ឃើញ​ថា​ត្រូវ​នោះ​ទេ

9. ដ្បិត​ឯង​រាល់​គ្នា​មិន​ទាន់​បាន​ចូល​ដល់​សេចក្ដី​សំរាក និង​មរដក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​មក​នៅ​ឡើយ​ទេ

10. តែ​កាល​ណា​បាន​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ប្រទាន​ឲ្យ​គ្រង​ជា​មរដក ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​សំរាក​ពី​ពួក​ខ្មាំង​សត្រូវ​នៅ​ជុំវិញ និង​ឲ្យ​ឯង​បាន​នៅ​ដោយ​សុខ‌សាន្ត​ហើយ

11. នោះ​ត្រូវ​នាំ​យក​អស់​ទាំង​ដង្វាយ ដែល​អញ​បង្គាប់​ឯង ទៅ​ថ្វាយ​នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់​ចុះ គឺ​អស់​ទាំង​ដង្វាយ​ដុត យញ្ញ‌បូជា ដង្វាយ​១​ភាគ​ក្នុង​១០ ដង្វាយ​លើក​ចុះ​ឡើង ហើយ​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​ឯង​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា​ផង

សូមអានជំពូកពេញលេញ ចោទិយ‌កថា 12