គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 12:17-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. តែ​នៅ​ក្នុង​ទី​លំនៅ​របស់​ឯង នោះ​មិន​ត្រូវ​បរិភោគ​ដង្វាយ​១​ភាគ​ក្នុង​១០ ដែល​ហូត​ពី​ស្រូវ ពី​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​ពី​ប្រេង និង​កូន​គោ​កូន​ចៀម​ក្នុង​ហ្វូង​សត្វ​របស់​ឯង​ដែល​កើត​ដំបូង ដង្វាយ​លា‌បំណន់ ដង្វាយ​ដែល​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ឬ​ដង្វាយ​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង​នោះ​ឡើយ

18. ឯ​ដង្វាយ​ទាំង​នោះ​ត្រូវ​ឲ្យ​ឯង​បរិភោគ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស‌វិញ ព្រម​ទាំង​កូន​ប្រុស​កូន​ស្រី និង​បាវ​ប្រុស​បាវ​ស្រី​ឯង ហើយ​នឹង​ពួក​លេវី​ដែល​នៅ​ទី​ក្រុង​ឯង​ផង ហើយ​ត្រូវ​អរ​សប្បាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ដោយ​ព្រោះ​គ្រប់​ទាំង​របស់​អ្វី ដែល​ឯង​លូក​ដៃ​ទៅ​ចាប់​យក​បាន

19. ចូរ​ប្រយ័ត្ន​កុំ​ឲ្យ​លះ​ចោល​ពួក​លេវី​ឡើយ រហូត​ដល់​គ្រប់​១​ជីវិត ដែល​ឯង​រស់​នៅ​ក្នុង​ស្រុក​ឯង។

20. កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង បាន​វាត​ព្រំ​ស្រុក​ឯង​ឲ្យ​ធំ​ឡើង ដូច​ជា​ទ្រង់​បាន​សន្យា ហើយ​ឯង​នឹក​ក្នុង​ចិត្ត ដោយ​មាន​សេចក្ដី​ប្រាថ្នា​ចង់​បរិភោគ​សាច់​ថា អញ​ចង់​ស៊ី​សាច់​ណាស់ នោះ​នឹង​បរិភោគ​បាន​តាម​បំណង​ចិត្ត

21. បើ​សិន​ជា​កន្លែង​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​រើស​សំរាប់​នឹង​តាំង​ព្រះ‌នាម​ទ្រង់ នៅ​ឆ្ងាយ​ពី​ឯង​ពេក​នោះ​នឹង​សំឡាប់​គោ​ឬ​ចៀម ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ឯង​បាន ដូច​ជា​អញ​បាន​បង្គាប់​ហើយ ក៏​មាន​ច្បាប់​នឹង​បរិភោគ​នៅ​ក្នុង​ទី​ក្រុង​ឯង​បាន​តាម​ចិត្ត​ដែរ

22. ឯង​មាន​ច្បាប់​នឹង​បរិភោគ​សាច់​សត្វ​ទាំង​នោះ​បាន ដូច​ជា​បរិភោគ​ឈ្លូស និង​ប្រើស​ផង ទោះ​ទាំង​អ្នក​មិន​ស្អាត និង​អ្នក​ស្អាត​ក្តី ក៏​នឹង​បរិភោគ​បាន​ដូច​គ្នា

23. ចូរ​ប្រយ័ត្ន កុំ​ឲ្យ​តែ​បរិភោគ​ឈាម​ប៉ុណ្ណោះ ដ្បិត​ឈាម​ជា​ជីវិត ហើយ​មិន​ត្រូវ​ឲ្យ​បរិភោគ​ជីវិត​ជា​មួយ​នឹង​សាច់​ឡើយ

24. មិន​ត្រូវ​ឲ្យ​បរិភោគ​ឈាម​ឲ្យ​សោះ ត្រូវ​ចាក់​ចោល​ទៅ​ដី​ដូច​ជា​ទឹក​វិញ

25. គឺ​មិន​ត្រូវ​ឲ្យ​ឯង​បរិភោគ ដើម្បី​ឲ្យ​ឯង​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​រៀង​ទៅ​ផង ដោយ​ឯង​ប្រព្រឹត្ត​តាម​សេចក្ដី​ដែល​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា

26. ឯ​អស់​ទាំង​ដង្វាយ​បរិសុទ្ធ ដែល​នៅ​ជា​មួយ​នឹង​ឯង និង​ដង្វាយ​លា​បំណន់​របស់​ឯង នោះ​ត្រូវ​នាំ​យក​ទៅ​ថ្វាយ នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រើស​វិញ

27. ហើយ​អស់​ទាំង​ដង្វាយ​ដុត​របស់​ឯង ព្រម​ទាំង​សាច់ និង​ឈាម​ផង នោះ​ត្រូវ​ថ្វាយ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ឈាម​នៃ​យញ្ញ‌បូជា​របស់​ឯង នោះ​ត្រូវ​ចាក់​ទៅ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង តែ​ឯ​សាច់ នោះ​បរិភោគ​បាន

28. ចូរ​ប្រយ័ត្ន​នឹង​ស្តាប់​តាម​គ្រប់​ទាំង​សេចក្ដី​នេះ ដែល​អញ​បង្គាប់​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​សប្បាយ ព្រម​ទាំង​កូន​ចៅ​ឯង​ត​ទៅ​ជា​ដរាប ដោយ​បាន​ប្រព្រឹត្ត​សេចក្ដី​ដែល​ល្អ​ហើយ​ទៀង​ត្រង់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង។

29. កាល​ណា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​កាត់​បណ្តាច់​អស់​ទាំង​សាសន៍ ពី​មុខ​ឯង​ចេញ នៅ​ក្នុង​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​ពី​គេ ហើយ​ឯង​បាន​បណ្តេញ​គេ​អស់​ទៅ ព្រម​ទាំង​អាស្រ័យ​នៅ​ក្នុង​ស្រុក​របស់​គេ​ផង

30. នោះ​ចូរ​ប្រយ័ត្ន​ក្រែង​ត្រូវ​ជាប់​អន្ទាក់ និង​បណ្តោយ​តាម​គេ ក្រោយ​ដែល​គេ​ត្រូវ​បំផ្លាញ​ពី​មុខ​ឯង​ចេញ​ហើយ ឬ​ក្រែង​ឯង​ស៊ើប‌សួរ​តាម​ព្រះ​គេ ដោយ​ពាក្យ​ថា សាសន៍​ទាំង​នេះ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​គេ​ជា​យ៉ាង​ដូច​ម្តេច អញ​ចង់​ធ្វើ​ដូច​ជា​គេ​ដែរ

31. មិន​ត្រូវ​ឲ្យ​ធ្វើ​យ៉ាង​ដូច្នោះ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​ឡើយ ដ្បិត​គេ​ប្រព្រឹត្ត​ដល់​ព្រះ​របស់​គេ​តាម​អស់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់​ខ្ពើម គេ​បាន​ទាំង​ដុត​កូន​ប្រុស​កូន​ស្រី​របស់​គេ​ក្នុង​ភ្លើង​ថ្វាយ​ដល់​ព្រះ​គេ​ផង

32. អស់​ទាំង​សេចក្ដី​ណា​ដែល​អញ​បង្គាប់​ដល់​ឯង​រាល់​គ្នា នោះ​ត្រូវ​ប្រយ័ត្ន និង​ប្រព្រឹត្ត​តាម​ចុះ មិន​ត្រូវ​បន្ថែម​បញ្ចូល​អ្វី ឬ​កាត់​ចោល​អ្វី​ឡើយ។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 12