គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 11:10-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ដ្បិត​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ មិន​មែន​ដូច​ជា​ស្រុក​អេស៊ីព្ទ ដែល​ឯង​ទើប និង​ចេញ​មក ជា​ស្រុក​ដែល​ឯង​បាន​សាប‌ព្រោះ រួច​បើក​ទំនប់​ដោយ​ជើង ឲ្យ​ទឹក​ហូរ​ស្រោច ដូច​ជា​នៅ​ច្បារ​បន្លែ​នោះ​ទេ

11. ឯ​ស្រុក​ដែល​ឯង​នឹង​ឆ្លង​ទៅ​ចាប់​យក​នេះ គឺ​ជា​ស្រុក​មាន​ភ្នំ​មាន​ច្រក ហើយ​ក៏​បាន​ស្រោច​ដោយ​ទឹក​ភ្លៀង​ពី​លើ​មេឃ​មក​វិញ

12. ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ថែ​រក្សា ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ចេះ​តែ​ទត​មើល​ស្រុក​នោះ​ជានិច្ច តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ចុង​ឆ្នាំ។

13. បើ‌សិន​ជា​ឯង​រាល់​គ្នា​នឹង​ស្តាប់​អស់​ពី​ចិត្ត តាម​បង្គាប់​អញ ដែល​អញ​ប្រាប់​នៅ​ថ្ងៃ​នេះ ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង

14. នោះ​អញ​នឹង​បង្អុរ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​ឯង​តាម​រដូវ​កាល គឺ​ជា​ភ្លៀង​ខាង​ដើម​រដូវ និង​ខាង​ចុង​រដូវ ដើម្បី​ឲ្យ​ឯង​អាច​នឹង​ច្រូត​ស្រូវ​ឯង ហើយ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​ធ្វើ​ប្រេង​របស់​ឯង​បាន

15. អញ​នឹង​ឲ្យ​មាន​ស្មៅ​នៅ​វាល សំរាប់​ហ្វូង​សត្វ​ឯង ហើយ​ខ្លួន​ឯង​ក៏​នឹង​បរិភោគ​ឆ្អែត​ផង។

16. ចូរ​ប្រយ័ត្ន​ចុះ ក្រែង​ចិត្ត​ឯង​រាល់​គ្នា​ត្រូវ​សេចក្ដី​ល្បួង ហើយ​បែរ​ចេញ ទៅ​គោរព​ប្រតិ‌បត្តិ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏ទៃ

17. រួច​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ឆួល​ឡើង​ទាស់​នឹង​ឯង ហើយ​ទ្រង់​បិទ​ផ្ទៃ​មេឃ មិន​ឲ្យ​មាន​ភ្លៀង ឲ្យ​ដី​លែង​បង្កើត​ផល នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​ចេញ យ៉ាង​ឆាប់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​មក​ឯង។

18. ដូច្នេះ ត្រូវ​ឲ្យ​រក្សា​អស់​ទាំង​ពាក្យ​អញ​ទាំង​នេះ​ទុក​នៅ​ក្នុង​ចិត្ត ក្នុង​ព្រលឹង​ឯង​ចុះ ហើយ​ត្រូវ​ឲ្យ​ចង​ពាក្យ​ទាំង​នេះ​ភ្ជាប់​នៅ​ដៃ​ឯង​ទុក​ជា​ទី​សំគាល់ និង​សំរាប់​ជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​ឯង

19. ត្រូវ​ឲ្យ​បង្រៀន​ពាក្យ​ទាំង​នេះ​ដល់​ពួក​កូន​ចៅ​ឯង ដោយ​និយាយ​ប្រាប់​ក្នុង​កាល​ដែល​ឯង​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង

20. ត្រូវ​ឲ្យ​កត់​ពាក្យ​ទាំង​នេះ​នៅ​ក្រប​ទ្វារ​ផ្ទះ ហើយ​នៅ​ទ្វារ​កំផែង​ឯង​ដែរ

21. ដើម្បី​អាយុ​ឯង និង​អាយុ​កូន​ចៅ​ឯង បាន​ចំរើន​វែង​ឡើង ដូច​ជា​អស់​ទាំង​ថ្ងៃ​នៃ​ស្ថាន‌សួគ៌​នៅ​លើ​ផែនដី នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ​ថានឹង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង

22. ដ្បិត​បើ​ឯង​រាល់​គ្នា​នឹង​កាន់​តាម​បញ្ញត្ត ដែល​អញ​បង្គាប់​ឯង​នេះ​គ្រប់​ជំពូក​អស់​ពី​ចិត្ត ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង ដោយ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទាំង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​ទ្រង់ ហើយ​នៅ​ជាប់​នឹង​ទ្រង់

23. នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បណ្តេញ​អស់​ទាំង​សាសន៍​ទាំង​នេះ ពី​មុខ​ឯង​ចេញ ហើយ​ឯង​នឹង​បាន​ចាប់​យក​ស្រុក របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​ធំ ហើយ​ខ្លាំង​ពូកែ​ជាង​ឯង

សូមអានជំពូកពេញលេញ ចោទិយ‌កថា 11