គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 11:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ដូច្នេះ ត្រូវ​ឲ្យ​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​រក្សា​បញ្ញើ​ទ្រង់ ព្រម​ទាំង​ច្បាប់ និង​បញ្ញត្ត​ហើយ​នឹង​សេចក្ដី​បង្គាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ជា​ដរាប​ទៅ

2. ហើយ​នៅ​ថ្ងៃ​នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ដឹង​ការ​ដែល​ពួក​កូន​ចៅ​ឯង​រាល់​គ្នា​មិន​បាន​ឃើញ ហើយ​ពុំ​អាច​នឹង​ដឹង​បាន​ឡើយ គឺ​ជា​ការ​ផ្ចាញ់‌ផ្ចាល​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​តេជា‌នុភាព​របស់​ទ្រង់ ហើយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា និង​ព្រះ‌ពាហុ ដែល​លើក​សំរេច​របស់​ទ្រង់​ផង

3. ព្រម​ទាំង​ទី​សំគាល់ និង​ការ​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​ធ្វើ​នៅ​កណ្តាល​ស្រុក​អេស៊ីព្ទ ដល់​ទាំង​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ និង​ស្រុក​របស់​ទ្រង់​ទាំង​មូល​ដែរ

4. ហើយ​ការ​ដែល​ទ្រង់​បាន​ធ្វើ​ដល់​ពួក​ពល‌ទ័ព​នៃ​សាសន៍​អេស៊ីព្ទ ដល់​ទាំង​សេះ និង​រទេះ​ចំបាំង​គេ​ផង គឺ​ដែល​ទ្រង់​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​ក្រហម ហូរ​មក​គ្រប​លើ​គេ ក្នុង​កាល​ដែល​គេ​ដេញ​តាម​ឯង​រាល់​គ្នា ហើយ​ព្រះ‌យេហូវ៉ា​បាន​បំផ្លាញ​គេ​ឲ្យ​បាត់​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

5. ព្រម​ទាំង​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ឯង​រាល់​គ្នា នៅ​ទី​រហោ‌ស្ថាន រហូត​មក​ដល់​ទី​នេះ

6. ហើយ​នឹង​ការ​ដែល​ទ្រង់​បាន​ធ្វើ​ដល់​ដាថាន និង​អ័ប៊ីរ៉ាម​ជា​កូន​អេលាប ពូជ​រូបេន គឺ​ដែល​ដី​បាន​ប្រេះហា​ឡើង​ស្រូប​គេ​បាត់​ទៅ ព្រម​ទាំង​ពួក​ផ្ទះ និង​ត្រសាល​របស់​គេ ហើយ​នឹង​គ្រប់​ទាំង​មនុស្ស ក្នុង​ពួក​សាសន៍​អ៊ីស្រា‌អែល​ដែល​តាម​គេ​នោះ​ផង

7. ដ្បិត​ភ្នែក​ឯង​រាល់​គ្នា​បាន​ឃើញ​ការ​ដ៏​ធំ ដែល​ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ទាំង​អស់​ហើយ

8. ដូច្នេះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​កាន់​តាម​បញ្ញត្ត ដែល​អញ​បង្គាប់​មក​ឯង​នៅ​ថ្ងៃ​នេះ​គ្រប់​ជំពូក ប្រយោជន៍​ឲ្យ​ឯង​រាល់​គ្នា​បាន​ខ្លាំង​ពូកែ អាច​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ឯង​នឹង​ឆ្លង​ទៅ​យក​នោះ​បាន

9. ហើយ​ដើម្បី​ឲ្យ​បាន​ជីវិត​យូរ‌អង្វែង​ត​ទៅ​នៅ​ក្នុង​ស្រុក ដែល​ព្រះ‌យេហូវ៉ា​បាន​ស្បថ និង​ឲ្យ​ដល់​ពួក​អយ្យកោ​ឯង ហើយ​ដល់​ពូជ​គេ​ត​រៀង​ទៅ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ។

10. ដ្បិត​ស្រុក​ដែល​ឯង​ចូល​ទៅ​ចាប់​យក​នោះ មិន​មែន​ដូច​ជា​ស្រុក​អេស៊ីព្ទ ដែល​ឯង​ទើប និង​ចេញ​មក ជា​ស្រុក​ដែល​ឯង​បាន​សាប‌ព្រោះ រួច​បើក​ទំនប់​ដោយ​ជើង ឲ្យ​ទឹក​ហូរ​ស្រោច ដូច​ជា​នៅ​ច្បារ​បន្លែ​នោះ​ទេ

11. ឯ​ស្រុក​ដែល​ឯង​នឹង​ឆ្លង​ទៅ​ចាប់​យក​នេះ គឺ​ជា​ស្រុក​មាន​ភ្នំ​មាន​ច្រក ហើយ​ក៏​បាន​ស្រោច​ដោយ​ទឹក​ភ្លៀង​ពី​លើ​មេឃ​មក​វិញ

12. ជា​ស្រុក​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ថែ​រក្សា ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ចេះ​តែ​ទត​មើល​ស្រុក​នោះ​ជានិច្ច តាំង​ពី​ដើម​ឆ្នាំ រហូត​ដល់​ចុង​ឆ្នាំ។

13. បើ‌សិន​ជា​ឯង​រាល់​គ្នា​នឹង​ស្តាប់​អស់​ពី​ចិត្ត តាម​បង្គាប់​អញ ដែល​អញ​ប្រាប់​នៅ​ថ្ងៃ​នេះ ឲ្យ​បាន​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់​ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង

14. នោះ​អញ​នឹង​បង្អុរ​ឲ្យ​មាន​ភ្លៀង​មក​លើ​ស្រុក​ឯង​តាម​រដូវ​កាល គឺ​ជា​ភ្លៀង​ខាង​ដើម​រដូវ និង​ខាង​ចុង​រដូវ ដើម្បី​ឲ្យ​ឯង​អាច​នឹង​ច្រូត​ស្រូវ​ឯង ហើយ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ ព្រម​ទាំង​ធ្វើ​ប្រេង​របស់​ឯង​បាន

15. អញ​នឹង​ឲ្យ​មាន​ស្មៅ​នៅ​វាល សំរាប់​ហ្វូង​សត្វ​ឯង ហើយ​ខ្លួន​ឯង​ក៏​នឹង​បរិភោគ​ឆ្អែត​ផង។

16. ចូរ​ប្រយ័ត្ន​ចុះ ក្រែង​ចិត្ត​ឯង​រាល់​គ្នា​ត្រូវ​សេចក្ដី​ល្បួង ហើយ​បែរ​ចេញ ទៅ​គោរព​ប្រតិ‌បត្តិ​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ​ដ៏ទៃ

17. រួច​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ឆួល​ឡើង​ទាស់​នឹង​ឯង ហើយ​ទ្រង់​បិទ​ផ្ទៃ​មេឃ មិន​ឲ្យ​មាន​ភ្លៀង ឲ្យ​ដី​លែង​បង្កើត​ផល នោះ​ឯង​រាល់​គ្នា​នឹង​ត្រូវ​វិនាស​បាត់​ចេញ យ៉ាង​ឆាប់​ពី​ស្រុក​ដ៏​ល្អ ដែល​ព្រះ‌យេហូវ៉ា​ប្រទាន​មក​ឯង។

សូមអានជំពូកពេញលេញ ចោទិយ‌កថា 11