គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 10:4-13 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. នោះ​ទ្រង់​ក៏​កត់​ចុះ​នៅ​បន្ទះ​ថ្ម​នោះ តាម​សេចក្ដី​ដែល​បាន​កត់​ពី​លើក​មុន គឺ​ជា​ក្រឹត្យ​ទាំង​១០​ប្រការ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ពី​កណ្តាល​ភ្លើង​មក​ឯង​រាល់​គ្នា នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ដែល​បាន​ប្រជុំ​គ្នា​នោះ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ថ្ម​ទាំង​២​មក​អញ​វិញ

5. អញ​ក៏​វិល​ចុះ​ពី​ភ្នំ​មក​ដាក់​ថ្ម​ទាំង​២​ផ្ទាំង​ទៅ​ក្នុង​ហឹប ដែល​អញ​បាន​ធ្វើ ហើយ ថ្ម​នោះ​ក៏​នៅ​តែ​ក្នុង​ហឹប ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​អញ។

6. ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ចេញ​ពី​ប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅ​ដល់​ម៉ូសេរ៉ា នៅ​ទី​នោះ​អើរ៉ុន​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ទី​នោះ រួច​អេលាសារ ជា​កូន​លោក បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ជំនួស​ឡើង

7. គេ​ធ្វើ​ដំណើរ​ពី​នោះ ទៅ​ដល់​គុត‌កូថា ហើយ​ពី​គុត‌កូថា​ទៅ​ដល់​យ៉ុតបាថា ជា​ស្រុក​ដែល​មាន​ស្ទឹង

8. នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​បាន​ញែក​ពូជ​អំបូរ​លេវី​ចេញ ទុក​សំរាប់​នឹង​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ទ្រង់ ហើយ​ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

9. ដោយ​ហេតុ​នោះ​បាន​ជា​ពួក​លេវី​គ្មាន​ចំណែក គ្មាន​មរដក​ជា​មួយ​នឹង​ពួក​បង​ប្អូន​គេ​ទេ គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មរដក​របស់​គេ​វិញ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ។

10. នោះ​អញ​ក៏​បាន​នៅ​លើ​ភ្នំ​អស់​៤០​ថ្ងៃ​៤០​យប់ ដូច​ជា​កាល​មុន​ដំបូង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម​អញ​នៅ​ជាន់​នោះ​ដែរ គឺ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​បំផ្លាញ​ឯង​ទេ

11. ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា ចូរ​ក្រោក​ឡើង​ដើរ​នាំ​មុខ​បណ្តា‌ជន​ចុះ ឲ្យ​គេ​បាន​ចូល​ទៅ ចាប់​យក​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​ពួក​អយ្យកោ ថា​នឹង​ឲ្យ​ដល់​គេ។

12. ឥឡូវ​នេះ ឱ​អ៊ីស្រា‌អែល​អើយ សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ទារ​ចង់​បាន​ពី​ឯង នោះ​គឺ​ឲ្យ​ឯង​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​ស្រឡាញ់​ទ្រង់​ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ផង

13. ហើយ​ឲ្យ​បាន​កាន់​តាម​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ឯង​នៅ​ថ្ងៃ​នេះ សំរាប់​ជា​សេចក្ដី​ល្អ​ដល់​ឯង

សូមអានជំពូកពេញលេញ ចោទិយ‌កថា 10