ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ចោទិយ‌កថា 10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

ព្រះ‌អម្ចាស់​អត់​ទោស​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល

1. នៅ​វេលា​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា ចូរ​ដាប់​ថ្ម​បន្ទះ​២​ផ្ទាំង ដូច​បន្ទះ​ថ្ម​ពី​មុន រួច​ឡើង​មក​ឯ​អញ​នៅ​លើ​ភ្នំ​នេះ ត្រូវ​ឲ្យ​ធ្វើ​ហឹប​ឈើ​១​ដែរ

2. អញ​នឹង​កត់​ចុះ​នៅ​បន្ទះ​ទាំង​២​នោះ តាម​អស់​ទាំង​សេចក្ដី​ដែល​បាន​កត់​នៅ​បន្ទះ​ទាំង​២​ពី​ជាន់​មុន ដែល​បាន​បំបែក​ហើយ រួច​ត្រូវ​ដាក់​ទៅ​ក្នុង​ហឹប​នោះ

3. ដូច្នេះ​អញ​បាន​ធ្វើ​ហឹប​១​ពី​ឈើ​នាង‌នួន ហើយ​ដាប់​ថ្ម​២​ផ្ទាំង ដូច​ជា​ថ្ម​មុន រួច​ក៏​ឡើង​ទៅ​លើ​ភ្នំ មាន​ទាំង​ថ្ម​២​ផ្ទាំង​នោះ​កាន់​នៅ​ដៃ​ផង

4. នោះ​ទ្រង់​ក៏​កត់​ចុះ​នៅ​បន្ទះ​ថ្ម​នោះ តាម​សេចក្ដី​ដែល​បាន​កត់​ពី​លើក​មុន គឺ​ជា​ក្រឹត្យ​ទាំង​១០​ប្រការ ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល ពី​កណ្តាល​ភ្លើង​មក​ឯង​រាល់​គ្នា នៅ​លើ​ភ្នំ ក្នុង​ថ្ងៃ​ដែល​បាន​ប្រជុំ​គ្នា​នោះ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រទាន​ថ្ម​ទាំង​២​មក​អញ​វិញ

5. អញ​ក៏​វិល​ចុះ​ពី​ភ្នំ​មក​ដាក់​ថ្ម​ទាំង​២​ផ្ទាំង​ទៅ​ក្នុង​ហឹប ដែល​អញ​បាន​ធ្វើ ហើយ ថ្ម​នោះ​ក៏​នៅ​តែ​ក្នុង​ហឹប ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​អញ។

6. ឯ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ក៏​ចេញ​ពី​ប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅ​ដល់​ម៉ូសេរ៉ា នៅ​ទី​នោះ​អើរ៉ុន​ក៏​ស្លាប់​ទៅ ហើយ​គេ​បញ្ចុះ​សព​លោក​នៅ​ទី​នោះ រួច​អេលាសារ ជា​កូន​លោក បាន​ធ្វើ​ការ‌ងារ​ជា​សង្ឃ​ជំនួស​ឡើង

7. គេ​ធ្វើ​ដំណើរ​ពី​នោះ ទៅ​ដល់​គុត‌កូថា ហើយ​ពី​គុត‌កូថា​ទៅ​ដល់​យ៉ុតបាថា ជា​ស្រុក​ដែល​មាន​ស្ទឹង

8. នៅ​គ្រា​នោះ​ព្រះ‌យេហូវ៉ា​បាន​ញែក​ពូជ​អំបូរ​លេវី​ចេញ ទុក​សំរាប់​នឹង​សែង​ហឹប​នៃ​សេចក្ដី​សញ្ញា​ផង​ទ្រង់ ហើយ​ឲ្យ​ឈរ​ធ្វើ​ការ‌ងារ​នៅ​ចំពោះ​ទ្រង់ ព្រម​ទាំង​ឲ្យ​ពរ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

9. ដោយ​ហេតុ​នោះ​បាន​ជា​ពួក​លេវី​គ្មាន​ចំណែក គ្មាន​មរដក​ជា​មួយ​នឹង​ពួក​បង​ប្អូន​គេ​ទេ គឺ​ព្រះ‌យេហូវ៉ា​ទ្រង់​ជា​មរដក​របស់​គេ​វិញ ដូច​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​មាន​ព្រះ‌បន្ទូល​ហើយ។

10. នោះ​អញ​ក៏​បាន​នៅ​លើ​ភ្នំ​អស់​៤០​ថ្ងៃ​៤០​យប់ ដូច​ជា​កាល​មុន​ដំបូង ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ស្តាប់​តាម​អញ​នៅ​ជាន់​នោះ​ដែរ គឺ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​បំផ្លាញ​ឯង​ទេ

11. ទ្រង់​មាន​ព្រះ‌បន្ទូល​មក​អញ​ថា ចូរ​ក្រោក​ឡើង​ដើរ​នាំ​មុខ​បណ្តា‌ជន​ចុះ ឲ្យ​គេ​បាន​ចូល​ទៅ ចាប់​យក​ស្រុក​ដែល​អញ​បាន​ស្បថ​នឹង​ពួក​អយ្យកោ ថា​នឹង​ឲ្យ​ដល់​គេ។

ការ​ទូន្មាន​ឲ្យ​ស្រឡាញ់ និង​ស្តាប់​បង្គាប់​ព្រះ‌អម្ចាស់

12. ឥឡូវ​នេះ ឱ​អ៊ីស្រា‌អែល​អើយ សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ទារ​ចង់​បាន​ពី​ឯង នោះ​គឺ​ឲ្យ​ឯង​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង និង​ដើរ​តាម​គ្រប់​ទាំង​ផ្លូវ​របស់​ទ្រង់ ហើយ​ឲ្យ​ស្រឡាញ់​ទ្រង់​ព្រម​ទាំង​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង​ឯង​ផង

13. ហើយ​ឲ្យ​បាន​កាន់​តាម​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា និង​ច្បាប់​ទាំង​ប៉ុន្មាន​របស់​ទ្រង់ ដែល​អញ​បង្គាប់​ឯង​នៅ​ថ្ងៃ​នេះ សំរាប់​ជា​សេចក្ដី​ល្អ​ដល់​ឯង

14. មើល ផ្ទៃ​មេឃ ហើយ​អស់​ទាំង​ជាន់​ផ្ទៃ​មេឃ​ខាង​លើ និង​ផែនដី ព្រម​ទាំង​របស់​សព្វ​សារពើ ដែល​នៅ​ស្ថាន​ទាំង​នោះ សុទ្ធ​តែ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង

15. ប៉ុន្តែ ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ស្រឡាញ់​ដល់​ពួក​អយ្យកោ​ឯង ហើយ​ទ្រង់​បាន​រើស​ពូជ​គេ​ត​រៀង​មក គឺ​ឯង​រាល់​គ្នា ដែល​ទ្រង់​រាប់‌អាន​លើស​ជាង​អស់​ទាំង​សាសន៍ ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ

16. ដូច្នេះ​ចូរ​ឯង​រាល់​គ្នា​កាត់​ស្បែក​ចិត្ត​ចេញ ហើយ​កុំ​ឲ្យ​នៅ​ក្បាល​រឹង​ទៀត​ឡើយ

17. ដ្បិត​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ ហើយ​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ព្រះ‌អម្ចាស់ ក៏​មិន​ទទួល​សំណូក​ផង

18. ទ្រង់​សំរេច​សេចក្ដី​សុចរិត ដល់​ពួក​កំព្រា និង​ពួក​មេម៉ាយ ក៏​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ ទាំង​ប្រទាន​ឲ្យ​មាន​អាហារ និង​សំលៀក‌បំពាក់​ផង

19. ដូច្នេះ​ចូរ​ឲ្យ​ឯង​រាល់​គ្នា​ស្រឡាញ់​អ្នក​ប្រទេស​ក្រៅ​ចុះ ដ្បិត​ឯង​រាល់​គ្នា​ក៏​ជា​ពួក​អ្នក​ប្រទេស​ក្រៅ ពី​កាល​នៅ​ស្រុក​អេស៊ីព្ទ​ដែរ

20. ត្រូវ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ព្រម​ទាំង​នៅ​ជាប់​នឹង​ទ្រង់ ហើយ​ស្បថ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់​ដែរ

21. ទ្រង់​ជា​ទំនុក​សរសើរ ហើយ​ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ធ្វើ​អស់​ទាំង​ការ​ដ៏​ធំ​គួរ​ស្ញែង‌ខ្លាច​នេះ​ឲ្យ​ឯង ជា​ការ​ដែល​ភ្នែក​ឯង​បាន​ឃើញ​ហើយ

22. ពួក​អយ្យកោ​ឯង​បាន​ចុះ​ទៅ​នៅ​ស្រុក​អេស៊ីព្ទ មាន​តែ​គ្នា​៧០​នាក់​ទេ តែ​ឥឡូវ​នេះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ទ្រង់​បាន​ចំរើន​ពួក​ឯង ឲ្យ​មាន​គ្នា​សន្ធឹក ដូច​ជា​ផ្កាយ​លើ​មេឃ​វិញ។