ជំពូក

  1. 1
  2. 2
  3. 3

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពេត្រុស 3 Khmer Standard Version (KHSV)

អំពី​ព្រះ‌អម្ចាស់​យាង​វិល​ត្រឡប់​មក​វិញ

1. បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ នេះ​ជា​សំបុត្រ​ទី​ពីរ ដែល​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​បង‌ប្អូន។ សេចក្ដី​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ ខ្ញុំ​បាន​រំឭក​ដាស់‌តឿន​បង‌ប្អូន ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវជា‌និច្ច។

2. សូម​បង‌ប្អូន​កុំ​ភ្លេច​សេចក្ដី​ដែល​អស់​លោក​ព្យាការី*​ដ៏‌វិសុទ្ធ*​បាន​ថ្លែង​ទុក​មក និង​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ‌សង្គ្រោះ​បាន​បង្រៀន តាម​រយៈ​សាវ័ក​នានា​របស់​បង‌ប្អូន។

3. ជា​បឋម សូម​ជ្រាប​ថា នៅ​គ្រា​ចុង​ក្រោយ​បំផុត នឹង​មាន​ពួក​អ្នក​ដែល​រស់​នៅ​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន ហើយ​ចំអក​ឡក‌ឡឺយ​ដាក់​បង‌ប្អូន

4. គេ​នឹង​ពោល​ថា: «បើ​ព្រះ‌អង្គ​សន្យា​ថា​យាង​មក​មែន​នោះ តើ​ឥឡូវ​ទ្រង់​នៅ​ឯ​ណា? តាំង​ពី​បុព្វបុរស*​របស់​យើង​ស្លាប់​អស់​ទៅ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ គឺ​នៅ​តែ​ដដែល ដូច​កាល​ពី​ព្រះ‌អង្គ​បង្កើត​ពិភព​លោក!»។

5. គេ​និយាយ​ដូច្នេះ មក​ពី​គេ​ធ្វើ​ជា​ភ្លេច​ថា កាល​ពី​បុរាណ ផ្ទៃ​មេឃ និង​ផែន‌ដី កកើត​ចេញ​ពី​ទឹក ហើយ​ផ្សំ​ឡើង​ពី​ធាតុ​ទឹក ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌ម្ចាស់។

6. បន្ទាប់​មក ដោយ​ទឹក​ដដែល ពិភព​លោក​បាន​លិច​លង់ នៅ​គ្រា​ទឹក​ជំនន់​ធំ។

7. មួយ​វិញ​ទៀត ព្រះ‌បន្ទូល​ដដែល​នេះ​បាន​ថ្លែង​ថា ផ្ទៃ​មេឃ និង​ផែន‌ដី​នា​បច្ចុប្បន្ន​កាល នឹង​ត្រូវ​បម្រុង​ទុក​ឲ្យ​ភ្លើង​ឆេះ​រំលាយ នៅ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ឲ្យ​វិនាស​អន្តរាយ។

8. បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​បង‌ប្អូន​កុំ​ភ្លេច​ចំណុច​មួយ​នេះ​ថា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ប្រៀប​បាន​នឹង​មួយ​ពាន់​ឆ្នាំហើយ​មួយ​ពាន់​ឆ្នាំ​ក៏​ប្រៀប​បាន​នឹង​មួយ​ថ្ងៃ​ដូច្នោះ​ដែរ។

9. ព្រះ‌អម្ចាស់​នឹង​យាង​មក តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ឥត​បង្អែ‌បង្អង់ ដូច​អ្នក​ខ្លះ​នឹក​ស្មាន​នោះ​ឡើយ។ ព្រះ‌អង្គ​សម្តែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ចំពោះ​បង‌ប្អូន ព្រោះ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់​ត្រូវ​វិនាស​ទេ គឺ​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​លោក​គ្រប់ៗ​រូប​កែ​ប្រែ​ចិត្ត​គំនិត​វិញ។

10. ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មក​ប្រៀប​បាន​ទៅ​នឹង​ពេល​ចោរ​ចូល​លួច​ដូច្នោះ​ដែរ។ នៅ​គ្រា​នោះ ផ្ទៃ​មេឃ​នឹង​រលាយ​សូន្យ​ទៅ ដោយ​សន្ធឹក​ខ្ទរ‌ខ្ទារ ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ ហើយ​ព្រះ‌ជា‌ម្ចាស់​នឹង​វិនិច្ឆ័យ​ទោស ទាំង​ផែន‌ដី ទាំង​អ្វីៗ​ដែល​នៅ​លើ​ផែន‌ដីដែរ។

11. បើ​អ្វីៗ​ទាំង​នោះ​មុខ​តែ​រលាយ​សូន្យ​យ៉ាង​នេះ​ទៅ​ហើយ បង‌ប្អូន​ត្រូវ​មាន​ចរិយា​ដ៏‌វិសុទ្ធ និង​គោរព​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់ ឲ្យ​មែន​ទែន!។

12. ចូរ​ទន្ទឹង​រង់‌ចាំ និង​ខ្នះ‌ខ្នែង ធ្វើ​ឲ្យ​ថ្ងៃ​ដែល​ព្រះ‌ជា‌ម្ចាស់​ត្រូវ​យាង​មក​នោះ កាន់​តែ​ឆាប់​មក​ដល់ គឺ​ជា​ថ្ងៃ​ដែល​ផ្ទៃ​មេឃ​នឹង​ត្រូវ​ឆេះ​រលាយ ហើយ​ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ​ដែរ។

13. យើង​ទន្ទឹង​រង់‌ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែន‌ដី​ថ្មី ដែល​ប្រកប​ដោយ​សេចក្ដី​សុចរិត តាម​ព្រះ‌បន្ទូល​សន្យា។

14. ដូច្នេះ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ក្នុង​ពេល​ដែល​បង‌ប្អូន​ទន្ទឹង​រង់‌ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រះ‌ជា‌ម្ចាស់​ឃើញ​ថា បង‌ប្អូន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង និង​ឃើញ​បង‌ប្អូន​រស់​នៅ​ដោយ​សុខ‌សាន្ត។

15. តោង​យល់​ថា ព្រះ‌អម្ចាស់​នៃ​យើង​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ មក​ពី​ព្រះ‌អង្គ​ចង់​សង្គ្រោះ​បង‌ប្អូន ដូច​លោក​ប៉ូល​ជា​បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង បាន​សរសេរ​មក​ជូន​បង‌ប្អូន តាម​ប្រាជ្ញា​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​លោក​ស្រាប់​ហើយ។

16. ក្នុង​គ្រប់​សំបុត្រ​ដែល​លោក​បរិយាយ​អំពី​រឿង​ទាំង​នេះ លោក​តែងតែ​សរសេរ​ដូច្នេះ​ឯង។ ក្នុង​សំបុត្រ​ទាំង​នោះ មាន​សេចក្ដី​ខ្លះ​ពិបាក​យល់ ធ្វើ​ឲ្យ​អ្នក​ល្ងង់ និង​អ្នក​ដែល​គ្មាន​ជំនឿ​រឹង‌ប៉ឹង បក​ស្រាយ​ខុស​អត្ថ‌ន័យ ដូច​គេ​ធ្លាប់​បក​ស្រាយ​អត្ថ‌បទ​គម្ពីរ​ឯ​ទៀតៗ​ខុស​ន័យ​ដែរ បណ្ដាល​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស​អន្តរាយ។

17. រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ បង‌ប្អូន​បាន​ជ្រាប​សព្វ​គ្រប់​ជា​មុន​ហើយ។ ដូច្នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​បណ្ដោយ​ជន​ពាល​នាំ​បង‌ប្អូន​ឲ្យ​វង្វេង ហើយ​មិន​ត្រូវ​បាត់​បង់​គោល​ជំហរ​ដ៏​រឹង‌ប៉ឹង​របស់​បង‌ប្អូន​ឡើយ។

18. ផ្ទុយ​ទៅ​វិញ សូម​បង‌ប្អូន​បាន​ចម្រើន​ឡើង ក្នុង​ព្រះ‌គុណ និង​ការ​ស្គាល់​ព្រះ‌យេស៊ូ​គ្រិស្ដ*​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង​កាន់​តែ​ខ្លាំង​ឡើងៗ។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​រហូត​ដល់​អស់‌កល្ប​ជា‌និច្ច​ត​រៀង​ទៅ។ អាម៉ែន។