គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពេត្រុស 2:8-20 Khmer Standard Version (KHSV)

8. រៀង​រាល់​ថ្ងៃ លោក​ឡុត​ជា​មនុស្ស​សុចរិត ដែល​រស់​នៅ​កណ្ដាល​ចំណោម​មនុស្ស​អាក្រក់​ទាំង​នោះ បាន​គ្រាំ‌គ្រា​ក្នុង​ចិត្ត​ដ៏​សុចរិត​របស់​គាត់ ព្រោះ​ឃើញ ហើយ​ឮ​នូវ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។

9. យ៉ាង​នេះ​ហើយ​ដែល​ព្រះ‌អម្ចាស់​អាច​ដោះ​លែង​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ ឲ្យ​រួច​ពី​ទុក្ខ​លំបាក តែ​ព្រះ‌អង្គ​ទុក​មនុស្ស​ទុច្ចរិត សម្រាប់​ដាក់​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក

10. ជា​ពិសេស ព្រះ‌អង្គ​ដាក់​ទណ្ឌ‌កម្ម​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ថោក​ទាប បំពេញ​តាម​តណ្ហា​របស់​និស្ស័យ​លោកីយ៍ ហើយ​មាក់‌ងាយ​អំណាច​របស់​ព្រះ‌ជា‌ម្ចាស់។ គ្រូ​ក្លែង‌ក្លាយ​ទាំង​នោះ​វាយ‌ឫក​ខ្ពស់ ព្រហើន​ក្អេង‌ក្អាង មិន​ញ‌ញើត​នឹង​ជេរ​ប្រមាថ​ពួក​ទេវតា ដែល​ប្រកប​ដោយ​សិរី‌រុងរឿង​ឡើយ។

11. សូម្បី​តែ​ទេវតា*​ដែល​មាន​កម្លាំង និង​ឫទ្ធា‌នុភាព​ខ្លាំង​ជាង​អ្នក​ទាំង​នោះ ក៏​ពុំ​ដែល​ចោទ​ប្រកាន់​ប្រមាថ​ទេវតា នៅ​មុខ​ព្រះ‌ជា‌ម្ចាស់​ដែរ។

12. រីឯ​អ្នក​ទាំង​នោះ​វិញ ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​តិរច្ឆាន​ដែល​កើត​មក​សម្រាប់​តែ​ជាប់​អន្ទាក់ និង​ត្រូវ​វិនាស​អន្តរាយ ពួក​គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​គេ​ពុំ​ស្គាល់។ ពួក​គេ​មុខ​ជា​ត្រូវ​វិនាស​សូន្យ​ទៅ ដូច​សត្វ​តិរច្ឆាន​ដែរ។

13. អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នឹង​ទទួល​ផល​ពី​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ្នក​ទាំង​នោះ​ត្រេក‌ត្រអាល​នឹង​ការ​ស្រើប‌ស្រាល​របស់​ខ្លួន​ទាំង​ថ្ងៃ ពួក​គេ​ជា​មនុស្ស​មាន​ចិត្ត​កខ្វក់​ថោក​ទាប ហើយ​នៅ​ពេល​បរិភោគ​អាហារ​រួម​ជា​មួយ​បង‌ប្អូន គេ​សប្បាយ​ចិត្ត​ចំពោះ​ការ​បោក​ប្រាស់​របស់​ខ្លួន​បែប​នេះ​ណាស់។

14. គេ​គិត​តែ​ពី​រំពៃ​មើល​ស្រីៗ​ដោយ​ចិត្ត​ស្រើប‌ស្រាល និង​ប្រព្រឹត្ត​អំពើ​បាប​មិន​ចេះ​ស្កប់​ឡើយ។ ពួក​គេ​តែង​ទាក់‌ទាញ​ចិត្ត​អស់​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ ហើយ​ពួក​គេ​ពូកែ​ខាង​លោភ‌លន់​ចង់​បាន​ប្រាក់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ត្រូវ​បណ្ដាសា!។

15. ពួក​គេ​បាន​បោះ​បង់​មាគ៌ា​ត្រឹម​ត្រូវ​ចោល ងាក​ទៅ​ដើរ​តាម​ផ្លូវ​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ និង​ជា​អ្នក​ស្រឡាញ់​ប្រាក់ ដែល​គេ​ជួល​ឲ្យ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។

16. ប៉ុន្តែ ព្យាការី*​នេះ​បាន​ទទួល​ការ​ស្ដី​ប្រដៅ ព្រោះ​គាត់​ប្រព្រឹត្ត​ល្មើស​វិន័យ* គឺ​សត្វ​ពាហនៈ​ដែល​មិន​ចេះ​និយាយ បែរ​ជា​និយាយ​ភាសា​មនុស្ស ឃាត់​គាត់​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​លេលា​យ៉ាង​នោះ​ឡើយ។

17. អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ប្រភព​ទឹក​ហួត‌ហែង ឬ​ពពក​ដែល​ត្រូវ​ខ្យល់​ព្យុះ​ផាត់ គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង​ជា​មិន​ខាន។

18. គេ​ព្រោក‌ប្រាជ្ញ​អំពី​រឿង​សម្បើម​អស្ចារ្យ តែ​គ្មាន​ខ្លឹម‌សារ​អ្វី​សោះ ហើយ​ប្រើ​តណ្ហា​លោភ‌លន់​តាម​និស្ស័យ​លោកីយ៍ មក​ទាក់‌ទាញ​អស់​អ្នក​ដែល​ទើប​នឹង​រួច​ពី​ចំណោម​ពួក​វង្វេង។

19. ពួក​គេ​សន្យា​ថា​នឹង​ផ្ដល់​សេរី‌ភាព​ឲ្យ​អ្នក​ទាំង​នោះ តែ​ខ្លួន​ឯង​ផ្ទាល់​ជា​ខ្ញុំ‌កញ្ជះ​នៃ​សេចក្ដី​អន្តរាយ ដ្បិត​ម្នាក់ៗ​ជា​ខ្ញុំ‌កញ្ជះ​នៃ​អ្វីៗ​ដែល​មាន​អំណាច​លើ​ខ្លួន។

20. ប្រសិន​បើ​អ្នក​ណា​បាន​លះ‌បង់​អំពើ​សៅ‌ហ្មង​នៃ​លោកីយ៍ ដោយ​បាន​ស្គាល់​ព្រះ‌យេស៊ូ​គ្រិស្ដ* ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​យ៉ាង​ច្បាស់​ហើយ តែ​បែរ​ជា​បណ្ដោយ​ឲ្យ​អំពើ​សៅ‌ហ្មង​នេះ មាន​អំណាច​រួប‌រឹត និង​ដឹក​នាំ​សា​ជា​ថ្មី ជីវិត​របស់​អ្នក​នោះ​នឹង​ក្លាយ​ទៅ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត។

សូមអានជំពូកពេញលេញ ២ ពេត្រុស 2