គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពេត្រុស 2:12-22 Khmer Standard Version (KHSV)

12. រីឯ​អ្នក​ទាំង​នោះ​វិញ ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​តិរច្ឆាន​ដែល​កើត​មក​សម្រាប់​តែ​ជាប់​អន្ទាក់ និង​ត្រូវ​វិនាស​អន្តរាយ ពួក​គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​គេ​ពុំ​ស្គាល់។ ពួក​គេ​មុខ​ជា​ត្រូវ​វិនាស​សូន្យ​ទៅ ដូច​សត្វ​តិរច្ឆាន​ដែរ។

13. អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នឹង​ទទួល​ផល​ពី​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ្នក​ទាំង​នោះ​ត្រេក‌ត្រអាល​នឹង​ការ​ស្រើប‌ស្រាល​របស់​ខ្លួន​ទាំង​ថ្ងៃ ពួក​គេ​ជា​មនុស្ស​មាន​ចិត្ត​កខ្វក់​ថោក​ទាប ហើយ​នៅ​ពេល​បរិភោគ​អាហារ​រួម​ជា​មួយ​បង‌ប្អូន គេ​សប្បាយ​ចិត្ត​ចំពោះ​ការ​បោក​ប្រាស់​របស់​ខ្លួន​បែប​នេះ​ណាស់។

14. គេ​គិត​តែ​ពី​រំពៃ​មើល​ស្រីៗ​ដោយ​ចិត្ត​ស្រើប‌ស្រាល និង​ប្រព្រឹត្ត​អំពើ​បាប​មិន​ចេះ​ស្កប់​ឡើយ។ ពួក​គេ​តែង​ទាក់‌ទាញ​ចិត្ត​អស់​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ ហើយ​ពួក​គេ​ពូកែ​ខាង​លោភ‌លន់​ចង់​បាន​ប្រាក់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ត្រូវ​បណ្ដាសា!។

15. ពួក​គេ​បាន​បោះ​បង់​មាគ៌ា​ត្រឹម​ត្រូវ​ចោល ងាក​ទៅ​ដើរ​តាម​ផ្លូវ​លោក​បាឡាម ជា​កូន​របស់​លោក​បេអ៊រ និង​ជា​អ្នក​ស្រឡាញ់​ប្រាក់ ដែល​គេ​ជួល​ឲ្យ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។

16. ប៉ុន្តែ ព្យាការី*​នេះ​បាន​ទទួល​ការ​ស្ដី​ប្រដៅ ព្រោះ​គាត់​ប្រព្រឹត្ត​ល្មើស​វិន័យ* គឺ​សត្វ​ពាហនៈ​ដែល​មិន​ចេះ​និយាយ បែរ​ជា​និយាយ​ភាសា​មនុស្ស ឃាត់​គាត់​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​លេលា​យ៉ាង​នោះ​ឡើយ។

17. អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ប្រភព​ទឹក​ហួត‌ហែង ឬ​ពពក​ដែល​ត្រូវ​ខ្យល់​ព្យុះ​ផាត់ គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង​ជា​មិន​ខាន។

18. គេ​ព្រោក‌ប្រាជ្ញ​អំពី​រឿង​សម្បើម​អស្ចារ្យ តែ​គ្មាន​ខ្លឹម‌សារ​អ្វី​សោះ ហើយ​ប្រើ​តណ្ហា​លោភ‌លន់​តាម​និស្ស័យ​លោកីយ៍ មក​ទាក់‌ទាញ​អស់​អ្នក​ដែល​ទើប​នឹង​រួច​ពី​ចំណោម​ពួក​វង្វេង។

19. ពួក​គេ​សន្យា​ថា​នឹង​ផ្ដល់​សេរី‌ភាព​ឲ្យ​អ្នក​ទាំង​នោះ តែ​ខ្លួន​ឯង​ផ្ទាល់​ជា​ខ្ញុំ‌កញ្ជះ​នៃ​សេចក្ដី​អន្តរាយ ដ្បិត​ម្នាក់ៗ​ជា​ខ្ញុំ‌កញ្ជះ​នៃ​អ្វីៗ​ដែល​មាន​អំណាច​លើ​ខ្លួន។

20. ប្រសិន​បើ​អ្នក​ណា​បាន​លះ‌បង់​អំពើ​សៅ‌ហ្មង​នៃ​លោកីយ៍ ដោយ​បាន​ស្គាល់​ព្រះ‌យេស៊ូ​គ្រិស្ដ* ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​យ៉ាង​ច្បាស់​ហើយ តែ​បែរ​ជា​បណ្ដោយ​ឲ្យ​អំពើ​សៅ‌ហ្មង​នេះ មាន​អំណាច​រួប‌រឹត និង​ដឹក​នាំ​សា​ជា​ថ្មី ជីវិត​របស់​អ្នក​នោះ​នឹង​ក្លាយ​ទៅ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត។

21. គួរ​កុំ​ឲ្យ​អ្នក​នោះ​ស្គាល់​មាគ៌ា​សុចរិត ជា​ជាង​ឲ្យ​ស្គាល់ ហើយ​បែរ​ជា​ងាក​ចេញ​ពី​បទ‌បញ្ជា​ដ៏‌វិសុទ្ធ​ដែល​ខ្លួន​បាន​ទទួល។

22. ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​គេ​នេះ ស​ឲ្យ​ឃើញ​ថា សេចក្ដី​ដែល​សុភាសិត​ចែង​ទុក​មក​នោះ​ពិត​ជា​ត្រឹម​ត្រូវ​មែន គឺ«ឆ្កែ​តែងតែ​វិល​ទៅ​រក​កំអួត​របស់​វា​វិញ ជ្រូក​ដែល​ទើប​នឹង​លាង​ស្អាត​ក៏​តែងតែ​វិល​ទៅ​ននៀល​ភក់​វិញ​ដែរ»។

សូមអានជំពូកពេញលេញ ២ ពេត្រុស 2