គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពេត្រុស 1:11-20 Khmer Standard Version (KHSV)

11. ដូច្នេះ បង‌ប្អូន​នឹង​ទទួល​សិទ្ធិ​ដ៏​ធំ​ទូលំ‌ទូលាយ អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ* ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច គឺ​ព្រះ‌រាជ្យ​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង។

12. ហេតុ​នេះ ខ្ញុំ​នឹង​រំឭក​ដាស់‌តឿន​បង‌ប្អូន​អំពី​សេចក្ដី​ទាំង​នោះ​ជា‌និច្ច ទោះ​បី​បង‌ប្អូន​បាន​ដឹង និង​នៅ​តែ​កាន់​តាម​សេចក្ដី​ពិត ដែល​បង‌ប្អូន​បាន​ទទួល​យ៉ាង​ខ្ជាប់ខ្ជួន​ហើយ​ក៏​ដោយ។

13. ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត​រស់​ក្នុង​លោកីយ៍​នេះ​នៅ​ឡើយ ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​រំឭក​បង‌ប្អូន​ឲ្យ​ភ្ញាក់​ស្មារតី។

14. ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​លា​ចាក​លោក​នេះ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដូច​ព្រះ‌យេស៊ូ​គ្រិស្ដ​ជា​ព្រះ‌អម្ចាស់​នៃ​យើង​បាន​សម្តែង​ឲ្យ​ខ្ញុំ​ដឹង​ស្រាប់។

15. ប៉ុន្តែ ខ្ញុំ​នឹង​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា ឲ្យ​បង‌ប្អូន​អាច​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ក្រោយ​ពេល​ខ្ញុំ​ចាក​លោក​នេះ​ទៅ។

16. យើង​ពុំ​បាន​យក​រឿង​ប្រឌិត​ផ្សេងៗ​មក​ណែ‌នាំ​បង‌ប្អូន ឲ្យ​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ*​ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ឲ្យ​ដឹង​ថា ព្រះ‌អង្គ​ត្រូវ​យាង​មក​នោះ​ឡើយ គឺ​យើង​បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើង​រុងរឿង​របស់​ព្រះ‌អង្គ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង

17. ដ្បិត​ព្រះ‌អង្គ​បាន​ទទួល​កិត្តិនាម និង​សិរី‌រុងរឿង​ពី​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​មក នៅ​ពេល​ដែល​មាន​ព្រះ‌សូរសៀង​លាន់​ឮ ចេញ​ពី​សិរី‌រុងរឿង​ដ៏​ឧត្តុង្គ‌ឧត្ដម​មក​កាន់​ព្រះ‌អង្គ​ថា: “នេះ​ជា​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់!”។

18. យើង​បាន​ឮ​ព្រះ‌សូរសៀង​នេះ​ពី​លើ​មេឃ​មក កាល​យើង​នៅ​ជា​មួយ​ព្រះ‌អង្គ​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ។

19. យើង​ក៏​មាន​ពាក្យ​ព្យាការី*​បាន​ថ្លែង​ទុក​មក​ផង​ដែរ ដែល​ជា​គោល​មួយ​ដ៏​មាំ‌មួន។ បើ​បង‌ប្អូន​ផ្ចង់​ចិត្ត​ទៅ​កាន់​ពាក្យ​នេះ ពិត​ជា​ត្រឹម​ត្រូវ​ហើយ ព្រោះ​ពាក្យ​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​បំភ្លឺ​ក្នុង​ទី​ងងឹត រហូត​ដល់​ថ្ងៃ​រះ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង ក្នុង​ចិត្ត​បង‌ប្អូន។

20. ជា​បឋម សូម​បង‌ប្អូន​ជ្រាប​ថា គ្មាន​នរណា​ម្នាក់​អាច​បក​ស្រាយ​ពាក្យ​របស់​ព្យាការី ដែល​មាន​ចែង​ទុក​មក​ក្នុង​គម្ពីរ តាម​គំនិត​របស់​ខ្លួន​បាន​ឡើយ

សូមអានជំពូកពេញលេញ ២ ពេត្រុស 1