គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ពេត្រុស 1:1-11 Khmer Standard Version (KHSV)

1. ខ្ញុំ ស៊ីម៉ូន​ពេត្រុស ជា​អ្នក​បម្រើ និង​ជា​សាវ័ក*​របស់​ព្រះ‌យេស៊ូ‌គ្រិស្ដ* សូម​ជម្រាប​មក​បង‌ប្អូន​ដែល​បាន​ទទួល​ជំនឿ ដោយ‌សារ​សេចក្ដី​សុចរិត*​របស់​ព្រះ‌យេស៊ូ‌គ្រិស្ដ​ជា​ព្រះ‌ជា‌ម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ ជំនឿ​របស់​បង‌ប្អូន​ក៏​មាន​តម្លៃ​ដូច​ជំនឿ​របស់​យើង​ដែរ។

2. ដោយ​បង‌ប្អូន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ និង​ស្គាល់​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង សូម​ឲ្យ​បង‌ប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​កាន់​តែ​ច្រើន​ឡើងៗ។

3. ឫទ្ធា‌នុភាព​របស់​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់ សម្រាប់​ជីវិត​រស់​នៅ និង​សម្រាប់​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។ ឫទ្ធា‌នុភាព​នោះ​នាំ​យើង​ឲ្យ​ស្គាល់​ព្រះ‌អង្គ ដែល​បាន​ត្រាស់​ហៅ​យើង ដោយ‌សារ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ​ផ្ទាល់ និង​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។

4. ដោយ‌សារ​សិរី‌រុងរឿង និង​ព្រះ‌បារមី​នេះ ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌អំណោយ​ទាន​ដ៏​មាន​តម្លៃ​វិសេស​បំផុត​មក​យើង តាម​ព្រះ‌បន្ទូល​សន្យា ដើម្បី​ឲ្យ​បង‌ប្អូន​មាន​លក្ខណៈ​ជា​ព្រះ‌ជា‌ម្ចាស់ រួម​ជា​មួយ​ព្រះ‌អង្គ ដោយ​បោះ​បង់​ចោល​សេចក្ដី​រលួយ​ដែល​មក​ពី​ការ​លោភ‌លន់​ក្នុង​លោកីយ៍។

5. ហេតុ​នេះ បង‌ប្អូន​ត្រូវ​ខ្នះ‌ខ្នែង​ឲ្យ​អស់​ពី​សមត្ថ‌ភាព បន្ថែម​កិរិយា​ល្អ​ឥត​ខ្ចោះពី​លើ​ជំនឿ បន្ថែម​ការ​ស្គាល់​ព្រះ‌អង្គ​ពី​លើ​កិរិយា​ល្អ

6. បន្ថែម​ការ​ចេះ​ទប់​ចិត្ត​ពី​លើ​ការ​ស្គាល់​ព្រះ‌អង្គ បន្ថែម​ការ​ព្យាយាម​តស៊ូ​ពី​លើ​ការ​ចេះ​ទប់​ចិត្ត បន្ថែម​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់​ពី​លើ​ការ​ព្យាយាម​តស៊ូ

7. បន្ថែម​ភាតរ‌ភាព​ពី​លើ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជា‌ម្ចាស់ និង​បន្ថែម​សេចក្ដី​ស្រឡាញ់​ពី​លើ​ភាតរ‌ភាព។

8. ប្រសិន​បើ​បង‌ប្អូន​មាន​គុណ​សម្បត្តិ​ទាំង​នេះ​ពេញ​បរិបូណ៌​ក្នុង​ខ្លួន​ហើយ គុណ​សម្បត្តិ​ទាំង​នេះ​មុខ​ជា​នាំ​បង‌ប្អូន​ឲ្យ​មាន​សកម្ម‌ភាព និង​បង្កើត​ផល ដើម្បី​បាន​ស្គាល់​ព្រះ‌យេស៊ូ​គ្រិស្ដ* ជា​ព្រះ‌អម្ចាស់​របស់​យើង​យ៉ាង​ច្បាស់។

9. ផ្ទុយ​ទៅ​វិញ បើ​អ្នក​ណា​គ្មាន​គុណ​សម្បត្តិ​ទាំង​នេះ​ទេ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់ មើល​ឃើញ​មិន​បាន​វែង​ឆ្ងាយ គេ​ភ្លេច​ថា​ព្រះ‌ជា‌ម្ចាស់​បាន​លាង​ជម្រះ​គេ​ពី​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​អតីតកាល។

10. ហេតុ​នេះ បង‌ប្អូន​អើយ ចូរ​ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ឲ្យ​ការ​ត្រាស់​ហៅ និង​ការ​ជ្រើស​រើស​របស់​ព្រះ‌ជា‌ម្ចាស់ បាន​កាន់​តែ​ខ្ជាប់ខ្ជួន​ឡើង​ថែម​ទៀត។ ធ្វើ​យ៉ាង​នេះ បង‌ប្អូន​មុខ​ជា​មិន​ជំពប់​ដួល​ឡើយ។

11. ដូច្នេះ បង‌ប្អូន​នឹង​ទទួល​សិទ្ធិ​ដ៏​ធំ​ទូលំ‌ទូលាយ អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ* ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច គឺ​ព្រះ‌រាជ្យ​របស់​ព្រះ‌យេស៊ូ​គ្រិស្ដ​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង។

សូមអានជំពូកពេញលេញ ២ ពេត្រុស 1