ជំពូក

  1. 1
  2. 2
  3. 3
  4. 4

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 4 Khmer Standard Version (KHSV)

1. ខ្ញុំ​សុំ​បញ្ជាក់​យ៉ាង​ម៉ឺង‌ម៉ាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ និង​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌គ្រិស្ដ‌យេស៊ូ ដែល​នឹង​វិនិច្ឆ័យ​ទោស​ទាំង​មនុស្ស​រស់ ទាំង​មនុស្ស​ស្លាប់ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ ដែល​យាង​មក​យ៉ាង​ឱឡា‌រិក ដើម្បី​គ្រង​រាជ្យនោះ​ថា

2. ចូរ​ប្រកាស​ព្រះ‌បន្ទូល ព្រម​ទាំង​និយាយ​ហើយ​និយាយ​ទៀត ទោះ​មាន​ឱកាស​ល្អ​ក្ដី មិន​ល្អ​ក្ដី ត្រូវ​ពន្យល់​គេ​ឲ្យ​ដឹង​ខុស​ត្រូវ ស្ដី​បន្ទោស ដាស់‌តឿន និង​បង្រៀន​គេ ដោយ​ចិត្ត​អត់‌ធ្មត់​គ្រប់​ចំពូក

3. ដ្បិត​នឹង​មាន​គ្រា​មួយ ដែល​មនុស្ស​លោក​មិន​ព្រម​ស្ដាប់​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ​ទៀត​ឡើយ ផ្ទុយ​ទៅ​វិញ គេ​រក​គ្រូ​មក​បង្រៀន​តាម​ទំនើង​ចិត្តរបស់​គេ គ្រាន់​តែ​ឲ្យ​ពីរោះ​ត្រចៀក​ប៉ុណ្ណោះ។

4. គេ​ងាក​ចេញ​ពី​សេចក្ដី​ពិត ហើយ​បែរ​ទៅ​ស្ដាប់​រឿង​ព្រេង​និទាន​វិញ។

5. ចំពោះ​អ្នក អ្នក​ត្រូវ​មាន​ស្មារតី​រឹង‌ប៉ឹង​គ្រប់​វិស័យ​ទាំង​អស់ ត្រូវ​ស៊ូ‌ទ្រាំ​នឹង​ទុក្ខ​លំបាក ត្រូវ​បំពេញ​កិច្ចការ​ជា​អ្នក​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ ព្រម​ទាំង​បំពេញ​មុខ‌ងារ​របស់​ខ្លួន​ឲ្យ​បាន​ល្អ​ប្រសើរ​ផង។

6. រីឯ​ខ្ញុំ​វិញ ខ្ញុំ​បាន​បូជា​ជីវិត​រួច​ស្រេច​ហើយ ហើយ​ក៏​ដល់​ពេល​កំណត់ ដែល​ខ្ញុំ​ត្រូវ​ចាក​ចេញ​ពី​លោក​នេះ​ដែរ។

7. ខ្ញុំ​បាន​ពុះ‌ពារ​តយុទ្ធ​ល្អ​ប្រសើរ ខ្ញុំ​បាន​រត់​ដល់​ទី‌ដៅ ហើយ​ខ្ញុំ​នៅ​តែ​កាន់​ជំនឿ​ជាប់​ដដែល។

8. ឥឡូវ​នេះ ព្រះ‌អម្ចាស់​ជា​ចៅ‌ក្រម​ដ៏​សុចរិត បាន​បម្រុង​ភួង​ជ័យ​នៃ​សេចក្ដី​សុចរិត​ទុក​សម្រាប់​ខ្ញុំ ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​យាង​មក ទ្រង់​មិន​ត្រឹម​តែ​ប្រទាន​ឲ្យ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​ទេ គឺ​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់ ទន្ទឹង​រង់‌ចាំ​ព្រះ‌អង្គ​យាង​មក​យ៉ាង​ឱឡា‌រិក​នោះ​ដែរ។

ពាក្យ​ដាស់‌តឿន​ផ្សេងៗ

9. ចូរ​លៃ‌លក​ទៅ​រក​ខ្ញុំ​ជា​ប្រញាប់។

10. លោក​ដេម៉ាស​បាន​បោះ​បង់​ចោល​ខ្ញុំ ព្រោះ​គាត់​ស្រឡាញ់​លោកីយ៍​នេះ ហើយ​ចេញ​ដំណើរ​ទៅ​ក្រុង​ថេស្សា‌ឡូនិក។ លោក​ក្រេសេន​បាន​ទៅ​ស្រុក​កាឡាទី ហើយ​លោក​ទីតុស​ទៅ​ស្រុក​ដាល់ម៉ា‌ទា។

11. មាន​តែ​លោក​លូកា​ម្នាក់​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ខ្ញុំ។ ចូរ​នាំ​លោក​ម៉ាកុស​ទៅ​ជា​មួយ​ផង ដ្បិត​គាត់​អាច​ជួយ​បំពេញ​មុខ‌ងារ​របស់​ខ្ញុំ​បាន។

12. ខ្ញុំ​បាន​ចាត់​លោក​ទីឃី‌កុស​ឲ្យ​ទៅ​ក្រុង​អេភេសូ។

13. ពេល​អ្នក​ចេញ​ទៅ ចូរ​យក​អាវ​ធំ​ដែល​ខ្ញុំ​ទុក​នៅ​ផ្ទះ​លោក​ការ‌ប៉ុស​នៅ​ក្រុង​ត្រូអាស ព្រម​ទាំង​យក​សៀវភៅ​មក​ជា​មួយ​ផង ជា​ពិសេស​ក្រាំង​ស្បែក។

14. លោក​អលេក្សាន‌ត្រុស​ជា​ជាង​ដែក បាន​ធ្វើ​បាប​ខ្ញុំ​យ៉ាង​ច្រើន។ ព្រះ‌អម្ចាស់​នឹង​តប​ស្នង​ទៅ​គាត់​វិញ តាម​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត​នោះ​ជា​មិន​ខាន។

15. អ្នក​ក៏​ត្រូវ​ប្រយ័ត្ន​នឹង​គាត់​ដែរ ដ្បិត​គាត់​ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សេចក្ដី​ដែល​យើង​ប្រកាស។

16. ពេល​ដែល​ខ្ញុំ​ត្រូវ​ឆ្លើយ​ដោះ‌សា​ខ្លួន នៅ​លើក​ទី​មួយ គ្មាន​បង‌ប្អូន​ណា​ម្នាក់​មក​ជួយ​គាំទ្រ​ខ្ញុំ​ទេ គឺ​គេ​បោះ​បង់​ចោល​ខ្ញុំ​ទាំង​អស់​គ្នា សូម​ព្រះ‌ជាម្ចាស់​កុំ​ប្រកាន់​ទោស​គេ​ឡើយ!។

17. មាន​តែ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំទ្រ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រកាស​ព្រះ‌បន្ទូល​យ៉ាង​ក្បោះ‌ក្បាយ​ឲ្យ​សាសន៍​ដទៃ​ទាំង​អស់​គ្នា​ស្ដាប់។ ព្រះ‌អង្គ​ក៏​បាន​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​មាត់​សិង្ហ​ដែរ។

18. ព្រះ‌អម្ចាស់​នឹង​រំដោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង ហើយ​ព្រះ‌អង្គ​នឹង​សង្គ្រោះ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌អង្គ​នៅ​ស្ថាន​បរម‌សុខ។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!

19. សូម​ជម្រាប​សួរ​នាង​ព្រីស៊ីល និង​លោក​អគី‌ឡា ព្រម​ទាំង​ក្រុម​គ្រួសារ​លោក​អូនេ‌ស៊ីភ័រ​ផង។

20. លោក​អេរ៉ា‌ស្ទុស​ស្នាក់​នៅ​ក្រុង​កូរិនថូស ហើយ​ខ្ញុំ​បាន​ទុក​លោក​ត្រូភីម ដែល​ឈឺ ឲ្យ​នៅ​ក្រុង​មីលេត។

21. ចូរ​លៃ‌លក​ទៅ​ឲ្យ​បាន​មុន​រដូវ​ត្រជាក់ កុំ​បី​ខាន។ លោក​អ៊ើប៊ូ‌ឡូស លោក​ពូដេន លោក​លីណូស នាង​ក្លូឌាស និង​បង‌ប្អូន​ឯ​ទៀតៗ​ទាំង​អស់ សូម​ជម្រាប​សួរ​មក​អ្នក។

22. សូម​ព្រះ‌អម្ចាស់​គង់​នៅ​ជា​មួយ​វិញ្ញាណ​របស់​អ្នក! សូម​ឲ្យ​បង‌ប្អូន​ប្រកប​ដោយ​ព្រះ‌គុណ! អាម៉ែន។