ជំពូក

  1. 1
  2. 2
  3. 3
  4. 4

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 3 Khmer Standard Version (KHSV)

ព្រឹត្តិ‌ការណ៍​នៅ​គ្រា​ចុង​ក្រោយ

1. អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា នៅ​ពេល​ចុង​ក្រោយ​បង្អស់​នឹង​មាន​គ្រា​លំបាក

2. មនុស្ស‌ម្នា​នឹង​មាន​ចិត្ត​អាត្មា‌និយម ស្រឡាញ់​ប្រាក់ ក្រអឺត‌ក្រទម​អួត​ខ្លួន ប្រមាថ​ព្រះ‌ជាម្ចាស់ មិន​ស្ដាប់​បង្គាប់​ឪពុក‌ម្ដាយ រមិល‌គុណ បំផ្លាញ​អ្វីៗ​ដែល​ជា​សក្ការៈ

3. គេ​ជា​មនុស្ស​អត់​ចិត្ត គ្មាន​អធ្យាស្រ័យ និយាយ​មួល​បង្កាច់ មិន​ចេះ​ទប់​ចិត្ត ឃោរ‌ឃៅ ស្អប់​អំពើ​ល្អ

4. ជា​មនុស្ស​មាន​ចិត្ត​ក្បត់ ឆាប់​ច្រឡោត អួត​បំប៉ោង ចូល​ចិត្ត​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ‌ជាម្ចាស់។

5. គេ​សម្តែង​អាការៈ​ខាង​ក្រៅ​ជា​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ ប៉ុន្តែ គេ​បដិសេធ​មិន​ទទួល​ស្គាល់​ឫទ្ធា‌នុភាព ដែល​បាន​មក​ពី​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ​នោះ​ឡើយ។ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ប្រភេទ​នេះ​ទៅ។

6. ក្នុង​ចំណោម​ពួក​គេ អ្នក​ខ្លះ​បាន​ឆ្លៀត​ចូល​ផ្ទះ​នានា ហើយ​ទាក់​យក​ស្ត្រី​ឆោតៗ ដែល​ពោរ‌ពេញ​ទៅ​ដោយ​អំពើ​បាប ជា​ស្ត្រី​បណ្ដោយ​ខ្លួន​ទៅ​តាម​តណ្ហា​គ្រប់​យ៉ាង​ផង។

7. ស្ត្រីៗ​ទាំង​នោះ​រៀន​មិន​ចេះ​ចប់ ហើយ​នៅ​តែ​មិន​អាច​ស្គាល់​សេចក្ដី​ពិត​ដដែល។

8. យ៉ាណែស និង​យ៉ាម‌ប្រេសបាន​ប្រឆាំង​នឹង​លោក​ម៉ូសេ​យ៉ាង​ណា អ្នក​ទាំង​នេះ​ក៏​ប្រឆាំង​នឹង​សេចក្ដី​ពិត​យ៉ាង​នោះ​ដែរ។ ពួក​គេ​ជា​មនុស្ស​មាន​គំនិត​ខូច ហើយ​ជំនឿ​របស់​គេ​ឥត​បាន​ការ​អ្វី​ទាល់​តែ​សោះ។

9. គេ​ពុំ​អាច​ទៅ​មុខ​ទៀត​បាន​ឆ្ងាយ​ឡើយ ដ្បិត​មនុស្ស‌ម្នា​នឹង​ឃើញ​គំនិត​លេលា​របស់​គេ ដូច​អ្នក​នៅ​ពី​សម័យ​ដើម​បាន​ឃើញ​គំនិត​លេលា​របស់​យ៉ាណែស និង​យ៉ាម‌ប្រេស​ដែរ។

ពាក្យ​រំឭក​ដាស់‌តឿន​ផ្សេងៗ

10. ចំពោះ​អ្នក​វិញ អ្នក​បាន​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​បង្រៀន អ្នក​បាន​ឃើញ​កិរិយា​របស់​ខ្ញុំ ឃើញ​គម្រោង‌ការ ជំនឿ ការ​អត់‌ធ្មត់ ការ​ស្រឡាញ់ និង​ការ​ស៊ូ‌ទ្រាំ​របស់​ខ្ញុំ

11. អ្នក​បាន​ឃើញ​គេ​បៀត‌បៀន​ខ្ញុំ និង​ឃើញ​ទុក្ខ​លំបាក​ដែល​កើត​មាន​ដល់​ខ្ញុំ នៅ​ក្រុង​អន់‌ទី‌យ៉ូក ក្រុង​អ៊ីកូ‌នាម និង​ក្រុង​លីស្ដ្រា។ ខ្ញុំ​បាន​រង‌ទុក្ខ​វេទនា​ដោយ​គេ​បៀត‌បៀន​យ៉ាង​ខ្លាំង ក៏​ប៉ុន្តែ ព្រះ‌អម្ចាស់​បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ទាំង​អស់។

12. អស់​អ្នក​ដែល​ចង់​រស់​នៅ ដោយ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ក្នុង​ព្រះ‌គ្រិស្ដ‌យេស៊ូ មុខ​ជា​ត្រូវ​គេ​បៀត‌បៀន​ដូច្នេះ​ឯង។

13. រីឯ​មនុស្ស​អាក្រក់ និង​អ្នក​បោក​ប្រាស់​វិញ គេ​ចេះ​តែ​ប្រព្រឹត្ត​អំពើ​អាក្រក់​កាន់​តែ​ច្រើន​ឡើងៗ ទាំង​នាំ​អ្នក​ផ្សេង​ឲ្យ​វង្វេង ហើយ​ខ្លួន​គេ​ផ្ទាល់​ក៏​វង្វេង​ដែរ។

14. ចំពោះ​អ្នក ត្រូវ​កាន់​តាម​សេចក្ដី​ដែល​អ្នក​បាន​រៀន និង​យក​ធ្វើ​ជា​គោល​ជំនឿ ឲ្យ​ខ្ជាប់ខ្ជួន​ឡើង! អ្នក​ដឹង​ច្បាស់​ហើយ​ថា អ្នក​បាន​រៀន​សេចក្ដី​ទាំង​នេះ​ពី​នរណា​មក!។

15. អ្នក​ស្គាល់​ព្រះ‌គម្ពីរ​តាំង​តែ​ពី​នៅ​កុមារ​ម៉្លេះ ហើយ​ព្រះ‌គម្ពីរ​អាច​ផ្ដល់​ឲ្យ​អ្នក​មាន​ប្រាជ្ញា ដើម្បី​នឹង​ទទួល​ការ​សង្គ្រោះ ដោយ​មាន​ជំនឿ​លើ​ព្រះ‌គ្រិស្ដ‌យេស៊ូ។

16. គ្រប់​អត្ថ‌បទ​គម្ពីរ សុទ្ធ​តែ​ព្រះ‌ជាម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​មក​បំភ្លឺ​ឲ្យ​តែង និង​មាន​ប្រយោជន៍​សម្រាប់​បង្រៀន រក​ខុស​ត្រូវ កែ​តម្រង់ និង​អប់រំ​ឲ្យ​រស់​តាម​សេចក្ដី​សុចរិត

17. ក្នុង​គោល​បំណង​ឲ្យ​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់​មាន​សមត្ថ‌ភាព និង​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច ដើម្បី​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​ចំពូក។