គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 2:6-19 Khmer Standard Version (KHSV)

6. កសិករ​ដែល​បាន​ធ្វើ​ការ​យ៉ាង​នឿយ‌ហត់ ត្រូវ​តែ​ទទួល​ភោគ​ផល​មុន​គេ។

7. ចូរ​ពិចារណា​ឲ្យ​យល់​សេចក្ដី​ដែល​ខ្ញុំ​និយាយ​នេះ ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រទាន​ឲ្យ​អ្នក​មាន​ប្រាជ្ញា អាច​យល់​បាន​ទាំង​អស់។

8. ចូរ​នឹក​ដល់​ព្រះ‌យេស៊ូ​គ្រិស្ដ ដែល​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ជាប់​ព្រះ‌ញាតិ​វង្ស​នឹង​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​ដំណឹង‌ល្អ​ដែល​ខ្ញុំ​ប្រកាស។

9. ខ្ញុំ​រង‌ទុក្ខ​លំបាក​ព្រោះ​តែ​ដំណឹង‌ល្អ​នេះ រហូត​ដល់​ត្រូវ​គេ​ចាប់​ចង ដូច​ជា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់។ រីឯ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​វិញ គេ​ពុំ​អាច​ចាប់​ចង​បាន​ឡើយ។

10. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សុខ​ចិត្ត​ស៊ូ​ទ្រាំ​គ្រប់​យ៉ាង ដោយ​យល់​ដល់​អ្នក​ដែល​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ការ​សង្គ្រោះ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រិស្ដ‌យេស៊ូ ព្រម​ទាំង​ទទួល​សិរី‌រុងរឿង​ដ៏​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​នោះ​ដែរ។

11. ពាក្យ​នេះ​គួរ​ឲ្យ​ជឿ គឺ​ថា:ប្រសិន​បើ​យើង​រួម​ស្លាប់​ជា​មួយ​ព្រះ‌អង្គយើង​ក៏​នឹង​មាន​ជីវិត​រស់រួម​ជា​មួយ​ព្រះ‌អង្គ​ដែរ។

12. ប្រសិន​បើ​យើង​ស៊ូ‌ទ្រាំយើង​នឹង​បាន​គ្រង​រាជ្យ​ជា​មួយ​ព្រះ‌អង្គ។ប្រសិន​បើ​យើង​បដិសេធ​មិន​ទទួល​ស្គាល់​ព្រះ‌អង្គព្រះ‌អង្គ​ក៏​នឹង​បដិសេធ​មិន​ទទួល​ស្គាល់យើង​វិញ​ដែរ។

13. ប្រសិន​បើ​យើង​មិន​ស្មោះ​ត្រង់ព្រះ‌អង្គ​នៅ​តែ​ស្មោះ​ត្រង់​ដដែលដ្បិត​ព្រះ‌អង្គ​ពុំ​អាច​បដិសេធ​ព្រះ‌អង្គ​ផ្ទាល់បាន​ឡើយ។

14. អ្នក​ត្រូវ​រំឭក​ដាស់​តឿន​បង‌ប្អូន ទាំង​បញ្ជាក់​យ៉ាង​ម៉ឺង‌ម៉ាត់ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ឲ្យ​គេ​ចៀស​វាង​ឈ្លោះ​ប្រកែក​គ្នា​អំពី​ពាក្យ‌ពេចន៍ ព្រោះ​គ្មាន​ផល​ប្រយោជន៍​អ្វី​ឡើយ គឺ​នាំ​តែ​កើត​អន្តរាយ​ដល់​អ្នក​ស្ដាប់​ប៉ុណ្ណោះ។

15. ចូរ​ខំ​ប្រឹង​ធ្វើ​យ៉ាង​ណា​ឲ្យ​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ និង​ចូល​ជិត​ព្រះ‌អង្គ ក្នុង​ឋានៈ​ជា​កម្មករ ដែល​គ្មាន​អ្វី​នាំ​ឲ្យ​អៀន​ខ្មាស ព្រោះ​ខ្លួន​បាន​ចែក​ផ្សាយ​ព្រះ‌បន្ទូល​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ។

16. ត្រូវ​ចៀស​វាង​ពាក្យ​ព្រោក‌ប្រាជ្ញ​ដែល​គ្មាន​ន័យ គ្មាន​ខ្លឹម‌សារ ដ្បិត​ពួក​អ្នក​ចូល​ចិត្ត​ពាក្យ​ព្រោក‌ប្រាជ្ញ​បែប​នេះ តែងតែ​ឃ្លាត​ចេញ​ពី​ព្រះ‌ជាម្ចាស់​កាន់​តែ​ឆ្ងាយ​ទៅៗ។

17. ពាក្យ​សម្ដី​របស់​ពួក​គេ​ប្រៀប​បី​ដូច​ជា​ដំបៅ ស៊ី​រូង​កាន់​តែ​ជ្រៅ​ទៅៗ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ហ៊ីមេ‌ណាស និង​ភីលេត។

18. អ្នក​ទាំង​ពីរ​បាន​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​ពិត ដោយ​ពោល​ថា មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ​រួច​ហើយ គេ​ក៏​បាន​បង្វែរ​បង‌ប្អូន​ខ្លះ​ឲ្យ​លះ‌បង់​ជំនឿ។

19. ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រឹះ​ដ៏​មាំ​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាក់​នោះ​នៅ​តែ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដដែល ហើយ​នៅ​លើ​គ្រឹះ​នោះ​មាន​ចារឹក​ពាក្យ​ជា​សញ្ញា​សម្គាល់​ថា: «ព្រះ‌អម្ចាស់​ស្គាល់​កូន​ចៅ​របស់​ព្រះ‌អង្គ» ហើយ «អ្នក​ណា​ប្រកាស​ថា​ខ្លួន​គោរព​ ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​តែ​ងាក​ចេញ ឲ្យ​ផុត​ពី​អំពើ​ទុច្ចរិត» ។

សូមអានជំពូកពេញលេញ ២ ធីម៉ូថេ 2