គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ធីម៉ូថេ 2:17-26 Khmer Standard Version (KHSV)

17. ពាក្យ​សម្ដី​របស់​ពួក​គេ​ប្រៀប​បី​ដូច​ជា​ដំបៅ ស៊ី​រូង​កាន់​តែ​ជ្រៅ​ទៅៗ ក្នុង​ចំណោម​អ្នក​ទាំង​នោះ​មាន​ហ៊ីមេ‌ណាស និង​ភីលេត។

18. អ្នក​ទាំង​ពីរ​បាន​ឃ្លាត​ឆ្ងាយ​ពី​សេចក្ដី​ពិត ដោយ​ពោល​ថា មនុស្ស​ស្លាប់​បាន​រស់​ឡើង​វិញ​រួច​ហើយ គេ​ក៏​បាន​បង្វែរ​បង‌ប្អូន​ខ្លះ​ឲ្យ​លះ‌បង់​ជំនឿ។

19. ក៏​ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គ្រឹះ​ដ៏​មាំ​ដែល​ព្រះ‌ជាម្ចាស់​បាន​ចាក់​នោះ​នៅ​តែ​ស្ថិត‌ស្ថេរ​រឹង‌ប៉ឹង​ដដែល ហើយ​នៅ​លើ​គ្រឹះ​នោះ​មាន​ចារឹក​ពាក្យ​ជា​សញ្ញា​សម្គាល់​ថា: «ព្រះ‌អម្ចាស់​ស្គាល់​កូន​ចៅ​របស់​ព្រះ‌អង្គ» ហើយ «អ្នក​ណា​ប្រកាស​ថា​ខ្លួន​គោរព​ ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក​នោះ​ត្រូវ​តែ​ងាក​ចេញ ឲ្យ​ផុត​ពី​អំពើ​ទុច្ចរិត» ។

20. នៅ​ក្នុង​ផ្ទះ​មួយ​ដ៏​ធំ​មិន​មែន​មាន​តែ​គ្រឿង​ប្រដាប់​ធ្វើ​ពី​មាស ឬ​ពី​ប្រាក់​ប៉ុណ្ណោះ​ទេ គឺ​មាន​គ្រឿង​ប្រដាប់​ធ្វើ​ពី​ឈើ និង​ធ្វើ​ពី​ដី​ដែរ មួយ​ផ្នែក​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ឱកាស​ពិសេស មួយ​ផ្នែក​ទៀត​សម្រាប់​ប្រើ‌ប្រាស់​ជា​ធម្មតា។

21. ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ម្នាក់​ជម្រះ​ខ្លួន​បាន​បរិសុទ្ធ ផុត​ពី​អំពើ​អាក្រក់​ទាំង​នេះ​ហើយ ព្រះ‌ជាម្ចាស់​នឹង​ប្រើ​អ្នក​នោះ​ទុក​ដូច​ជា​ឧបករណ៍​វិសេស វិសុទ្ធ*​មាន​ប្រយោជន៍​ដល់​ម្ចាស់ និង​ប្រើ‌ប្រាស់ សម្រាប់​ធ្វើ​អំពើ​ល្អ​គ្រប់​យ៉ាង។

22. ចូរ​គេច​ចេញ​ឲ្យ​ផុត​ពី​តណ្ហា​នៃ​យុវ‌វ័យ ហើយ​ខំ​ប្រឹង​ស្វែង​រក​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ សេចក្ដី​សុខ‌សាន្ត ជា​មួយ​អស់​អ្នក​ដែល​គោរព​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ*​នោះ​វិញ។

23. ចូរ​ចៀស‌វាង​ការ​ជជែក​វែក‌ញែក​ដ៏​ល្ងី‌ល្ងើ​ផ្ដេស‌ផ្ដាស ត្រូវ​ដឹង​ថា ការ​ជជែក​វែក‌ញែក​បែប​នេះ បង្ក​ឲ្យ​តែ​មាន​ជម្លោះ​ប៉ុណ្ណោះ

24. រីឯ​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​មិន​ត្រូវ​ឲ្យ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​រួស‌រាយ​ចំពោះ​មនុស្ស​ទួទៅ ត្រូវ​ចេះ​បង្រៀន និង​អធ្យាស្រ័យ​ដល់​គេ

25. ត្រូវ​មាន​ចិត្ត​ស្លូត‌បូត ប្រដៅ​ពួក​អ្នក​ប្រឆាំង ក្រែង​លោ​ព្រះ‌ជាម្ចាស់​នឹង​ប្រោស​ប្រទាន​ឲ្យ​គេ​កែ​ប្រែ​ចិត្ត​គំនិត ដើម្បី​ឲ្យ​គេ​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់

26. ព្រម​ទាំង​ភ្ញាក់​ស្មារតី​ឡើង​វិញ ហើយ​ដោះ​ខ្លួន​រួច​ពី​អន្ទាក់​របស់​មារ* ដែល​បាន​ចាប់​ចង​គេ បង្ខំ​ឲ្យ​ធ្វើ​តាម​បំណង​របស់​វា។

សូមអានជំពូកពេញលេញ ២ ធីម៉ូថេ 2