ជំពូក

  1. 1
  2. 2
  3. 3

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ថេស្សា‌ឡូនិក 3 Khmer Standard Version (KHSV)

សេចក្ដី​ដាស់‌តឿន​ផ្សេងៗ

1. នៅ​ទី​បំផុត បង‌ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង ដើម្បី​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ផ្សព្វ‌ផ្សាយ​យ៉ាង​ឆាប់​រហ័ស​ត​ទៅ​ទៀត និង​បាន​រុងរឿង​ដូច​នៅ​ក្នុង​ចំណោម​បង‌ប្អូន​ដែរ។

2. សូម​អធិស្ឋាន​ឲ្យ​យើង​គេច​ផុត​ពី​មនុស្ស​ពាល ពី​មនុស្ស​អាក្រក់ ដ្បិត​មិន​មែន​គ្រប់​គ្នា​ទេ​ដែល​មាន​ជំនឿ។

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់ ព្រះ‌អង្គ​នឹង​ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង និង​ការពារ​បង‌ប្អូន​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​កំណាច។

4. នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ យើង​ទុក​ចិត្ត​បង‌ប្អូន​ថា បង‌ប្អូន​តែងតែ​ប្រព្រឹត្ត​តាម​ពាក្យ​រំឭក​ដាស់‌តឿន​របស់​យើង ហើយ​បង‌ប្អូន​ក៏​នឹង​ប្រព្រឹត្ត​តាម​ត​ទៅ​មុខ​ទៀត​ដែរ។

5. សូម​ព្រះ‌អម្ចាស់​ដឹក​នាំ​ចិត្ត​គំនិត​បង‌ប្អូន ឲ្យ​ស្រឡាញ់​ព្រះ‌ជាម្ចាស់ និង​មាន​ចិត្ត​ស៊ូ‌ទ្រាំ​ដែល​ព្រះ‌គ្រិស្ដ​ប្រទាន​ឲ្យ។

6. បង‌ប្អូន​អើយ យើង​សូម​រំឭក​ដាស់‌តឿន​បង‌ប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង​ថា ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​បង‌ប្អូន​ណា​ដែល​រស់​នៅ​ដោយ​ឥត​សណ្ដាប់‌ធ្នាប់ ផ្ទុយ​នឹង​របៀប​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បង‌ប្អូន។

7. បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ត្រូវ​យក​តម្រាប់​តាម​យើង​បែប​ណា ដ្បិត​យើង​ពុំ​បាន​រស់​នៅ​ក្នុង​ចំណោម​បង‌ប្អូន ដោយ​ឥត​សណ្ដាប់‌ធ្នាប់​នោះ​ឡើយ

8. យើង​ពុំ​បាន​ទទួល​ទាន​ម្ហូប​អាហារ​របស់​នរណា​ម្នាក់ ដោយ​ឥត​បង់​ប្រាក់​ទេ។ យើង​ខំ​ប្រឹង​ធ្វើ​ការ​ហត់​នឿយ ទាំង​យប់ ទាំង​ថ្ងៃ កុំ​ឲ្យ​នរណា​ម្នាក់​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។

9. ត្រង់​នេះ​មិន​មែន​មាន​ន័យ​ថា យើង​គ្មាន​សិទ្ធិ​នឹង​ឲ្យ​គេ​ផ្គត់‌ផ្គង់​នោះ​ឡើយ ប៉ុន្តែ យើង​ធ្វើ​ដូច្នេះ​ទុក​ជា​គំរូ​ឲ្យ​បង‌ប្អូន​យក​តម្រាប់​តាម

10. ព្រោះ​កាល​យើង​នៅ​ជា​មួយ​បង‌ប្អូន យើង​បាន​ទូន្មាន​បង‌ប្អូន​ថា អ្នក​ណា​មិន​ព្រម​ធ្វើ​ការ អ្នក​នោះ​ក៏​មិន​ត្រូវ​បរិភោគ​ដែរ។

11. យើង​បាន​ឮ​ដំណឹង​ថា មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង‌ប្អូន រស់​នៅ​ដោយ​ឥត​សណ្ដាប់‌ធ្នាប់ គេ​ហាក់​ដូច​ជា​រវល់​ញាប់​ដៃ​ញាប់​ជើង តែ​ឥត​ធ្វើ​ការ​អ្វី​ទាល់​តែ​សោះ។

12. យើង​សូម​ទូន្មាន និង​សូម​ដាស់‌តឿន​បង‌ប្អូន​ប្រភេទ​នោះ ក្នុង​នាម​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រិស្ដ​ថា សូម​អញ្ជើញ​ធ្វើ​ការ​ឲ្យ​បាន​ស្រួល‌បួល​ឡើង និង​បរិភោគ​អាហារ​ដែល​បាន​មក​ពី​កម្លាំង​ញើស​ខ្លួន​ឯង​ទៅ។

13. ចំពោះ​បង‌ប្អូន​វិញ បង‌ប្អូន​អើយ សូម​ប្រព្រឹត្ត​អំពើ​ល្អ កុំ​រសាយ​ចិត្ត​ឡើយ។

14. បើ​អ្នក​ណា​មិន​ស្ដាប់​តាម​សេចក្ដី​ដែល​យើង​សរសេរ​ក្នុង​សំបុត្រ​នេះ​ទេ សូម​ចំណាំ​មុខ​ទុក ហើយ​កុំ​ទាក់ទង​ជា​មួយ​អ្នក​នោះ ដើម្បី​ឲ្យ​គាត់​ខ្មាស​គេ

15. ប៉ុន្តែ មិន​ត្រូវ​ចាត់​ទុក​គាត់​ជា​មារ​សត្រូវ​ឡើយ គឺ​ត្រូវ​ដាស់‌តឿន​គាត់​ទុក​ដូច​ជា​បង‌ប្អូន​វិញ។

16. សូម​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត ប្រទាន​សេចក្ដី​សុខ‌សាន្ត​គ្រប់​ប្រការ​មក​បង‌ប្អូន​គ្រប់​ពេល​វេលា! សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បង‌ប្អូន​ទាំង​អស់​គ្នា!

17. ពាក្យ​សួរ​សុខ​ទុក្ខ​នេះ ខ្ញុំ ប៉ូល បាន​សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ នេះ​ជា​ហត្ថ‌លេខា​ដែល​ខ្ញុំ​បាន​ចុះ​ក្នុង​គ្រប់​លិខិត ខ្ញុំ​សរសេរ​ដូច្នេះ។

18. សូម​ឲ្យ​បង‌ប្អូន​ទាំង​អស់​គ្នា បាន​ប្រកប​ដោយ​ព្រះ‌គុណ​របស់​ព្រះ‌យេស៊ូ‌គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង!