គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ថេស្សា‌ឡូនិក 2:8-17 Khmer Standard Version (KHSV)

8. វា​នឹង​ចេញ​មុខ​មក ហើយ​ព្រះ‌អម្ចាស់‌យេស៊ូ​នឹង​បំផ្លាញ​វា​ដោយ​ខ្យល់ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ រួច​ហើយ នៅ​ពេល​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​នឹង​ជាន់​កម្ទេច​វា ដោយ​រស្មី​រុងរឿង​របស់​ព្រះ‌អង្គ។

9. រីឯ​មេ​ប្រឆាំង​សាសនា​នោះ​វិញ វា​មក​ដល់​ដោយ​អំណាច​មារ*​សាតាំង គឺ​វា​សម្តែង​ការ​អស្ចារ្យ ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​បោក​ប្រាស់​សព្វ​បែប​យ៉ាង។

10. វា​នឹង​ប្រើ​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង ដើម្បី​បោក​បញ្ឆោត​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ព្រោះ​គេ​ពុំ​ព្រម​ទទួល ពុំ​ព្រម​ស្រឡាញ់​សេចក្ដី​ពិត ដែល​អាច​សង្គ្រោះ​គេ​ទេ។

11. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​ចាត់​ឥទ្ធិ‌ពល​មួយ​មក​ធ្វើ​ឲ្យ​គេ​វង្វេង និង​ឲ្យ​គេ​ជឿ​លើ​ពាក្យ​ភូត‌ភរ

12. ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​មិន​ព្រម​ជឿ​សេចក្ដី​ពិត ហើយ​ចូល​ចិត្ត​អំពើ​ទុច្ចរិត ត្រូវ​ទទួល​ទោស។

13. ចំពោះ​យើង​វិញ បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​អំពី​បង‌ប្អូន​ជា‌និច្ច ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជ្រើស​រើស​បង‌ប្អូន ឲ្យ​ទទួល​ការ​សង្គ្រោះ​មុន​គេ ដោយ​ព្រះ‌វិញ្ញាណ​ប្រោស​បង‌ប្អូន​ឲ្យ​បាន​វិសុទ្ធ* និង​ដោយ​បង‌ប្អូន​មាន​ជំនឿ​លើ​សេចក្ដី​ពិត។

14. ព្រះ‌អង្គ​ត្រាស់​ហៅ​បង‌ប្អូន​ដោយ‌សារ​ដំណឹង‌ល្អ​របស់​យើង ដើម្បី​ឲ្យ​បង‌ប្អូន​ទទួល​ការ​សង្គ្រោះ​នេះ គឺ​ឲ្យ​មាន​សិរី‌រុងរឿង​របស់​ព្រះ‌យេស៊ូ‌គ្រិស្ដ​ជា​អម្ចាស់​នៃ​យើង។

15. ហេតុ​នេះ បង‌ប្អូន​អើយ ចូរ​ស្ថិត​នៅ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ហើយ​កាន់​តាម​សេចក្ដី​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បង‌ប្អូន ដោយ​ផ្ទាល់​មាត់​ក្ដី ឬ​តាម​សំបុត្រ​ក្ដី។

16. ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​នៃ​យើង មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង ព្រះ‌អង្គ​បាន​សម្រាល​ទុក្ខ​យើង​អស់‌កល្ប​ជា‌និច្ច ដោយ‌សារ​ព្រះ‌គុណ ហើយ​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​ប្រសើរ។ សូម​ព្រះ‌យេស៊ូ‌គ្រិស្ដ​ផ្ទាល់​ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌បិតា

17. សម្រាល​ទុក្ខ​បង‌ប្អូន ព្រម​ទាំង​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ក្នុង​គ្រប់​កិច្ចការ​ដែល​បង‌ប្អូន​ធ្វើ និង​ពាក្យ​សម្ដី​ល្អ​ដែល​បង‌ប្អូន​និយាយ។

សូមអានជំពូកពេញលេញ ២ ថេស្សា‌ឡូនិក 2