ជំពូក

  1. 1
  2. 2
  3. 3

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ ថេស្សា‌ឡូនិក 1 Khmer Standard Version (KHSV)

សេចក្ដី​ផ្ដើម

1. យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ក្រុម‌ជំនុំ*​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​នៃ​យើង និង​រួម​ជា​មួយ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ*។

2. សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ​ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន។

ជីវិត និង​ជំនឿ​របស់​គ្រិស្ដ‌បរិស័ទ​នៅ​ក្រុង​ថេស្សា‌ឡូនិក

3. បង‌ប្អូន​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ស្ដី​អំពី​បង‌ប្អូន​ជា‌និច្ច យើង​ធ្វើ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ជំនឿ​របស់​បង‌ប្អូន​កាន់​តែ​ចម្រើន​ឡើង ហើយ​បង‌ប្អូន​ក៏​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​រឹត​តែ​ខ្លាំង​ឡើងៗ​ដែរ។

4. ដូច្នេះ យើង​បាន​ខ្ពស់​មុខ​នៅ​ចំពោះ​ក្រុម‌ជំនុំ*​នានា​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​តែ​បង‌ប្អូន ដ្បិត​បង‌ប្អូន​ចេះ​ស៊ូ​ទ្រាំ និង​មាន​ជំនឿ ទោះ​បី​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន និង​ត្រូវ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង​ក៏​ដោយ។

5. ហេតុ‌ការណ៍​នេះ​ស​ឲ្យ​ឃើញ​ថា ព្រះ‌ជាម្ចាស់​ទ្រង់​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ណាស់ គឺ​ទុក្ខ​លំបាក​របស់​បង‌ប្អូន ធ្វើ​ឲ្យ​បង‌ប្អូន​សម​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​មែន ដ្បិត​បង‌ប្អូន​រង​ទុក្ខ​លំបាក ព្រោះ​តែ​ព្រះ‌រាជ្យ​នេះ​ឯង។

6. ព្រះ‌ជាម្ចាស់​នឹង​សម្រេច​ការ​មួយ​ដ៏​ត្រឹម​ត្រូវ គឺ​ព្រះ‌អង្គ​នាំ​ទុក្ខ​វេទនា​យក​មក​សង​ពួក​អ្នក ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​វេទនា

7. ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​បង‌ប្អូន​ដែល​រង​ទុក្ខ​វេទនា បាន​សម្រាក​ជា​មួយ​យើង នៅ​ពេល​ព្រះ‌អម្ចាស់‌យេស៊ូ​លេច​ចេញ​ពី​ស្ថាន​បរម‌សុខ*​មក ជា​មួយ​ពួក​ទេវតា*​ដ៏​មាន​ឫទ្ធា‌នុភាព។

8. ព្រះ‌អង្គ​យាង​មក​ក្នុង​ភ្លើង​សន្ធោ‌សន្ធៅ ដើម្បី​ធ្វើ​ទោស​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះ‌ជាម្ចាស់ និង​អស់​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង‌ល្អ*​របស់​ព្រះ‌យេស៊ូ‌ជា‌អម្ចាស់​នៃ​យើង។

9. ពួក​គេ​នឹង​ទទួល​ទោស គឺ​ត្រូវ​វិនាស​អន្តរាយ​អស់‌កល្ប​ជា‌និច្ច។ ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ និង​ឆ្ងាយ​ពី​ឥទ្ធិ‌ឫទ្ធិ​ប្រកប​ដោយ​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ។

10. នៅ​ថ្ងៃ​នោះ ពេល​ព្រះ‌អង្គ​យាង​មក ប្រជា‌ជន​ដ៏‌វិសុទ្ធ*​នឹង​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ ហើយ​អស់​អ្នក​ដែល​ជឿ​ក៏​នាំ​គ្នា​ស្ងើច​សរសើរ​ព្រះ‌អង្គ​ដែរ។ ចំពោះ​បង‌ប្អូន​វិញ បង‌ប្អូន​បាន​ជឿ​សក្ខីភាព​របស់​យើង។

11. ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អធិ‌ស្ឋាន​ឲ្យ​បង‌ប្អូន​ជា‌និច្ច សូម​ព្រះ‌ជាម្ចាស់​នៃ​យើង​ប្រទាន​ឲ្យ​បង‌ប្អូន​រស់​នៅ​បាន​សម​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះ‌អង្គ។ សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​បង‌ប្អូន​អាច​បំពេញ​បំណង​ដ៏​ល្អ​គ្រប់​យ៉ាង និង​ឲ្យ​ជំនឿ​របស់​បង‌ប្អូន​បង្កើត​ផល​បាន​បរិបូណ៌ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។

12. ដូច្នេះ ព្រះ‌នាម​របស់​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង មាន​សិរី‌រុងរឿង​នៅ​ក្នុង​បង‌ប្អូន ហើយ​បង‌ប្អូន​ក៏​មាន​សិរី‌រុងរឿង​ក្នុង​ព្រះ‌អង្គ ដោយ‌សារ​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​នៃ​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ​ដែរ។