គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 8:18-24 Khmer Standard Version (KHSV)

18. យើង​បាន​ចាត់​បង‌ប្អូន​ម្នាក់​ឲ្យ​មក​ជា​មួយ​គាត់ គឺ​បង‌ប្អូន​ម្នាក់​ដែល​ក្រុម‌ជំនុំ*​ទាំង​អស់​កោត​សរសើរ ក្នុង​ការ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*។

19. មិន​តែ​ប៉ុណ្ណោះ​សោត ក្រុម‌ជំនុំ​បាន​ជ្រើស​រើស​គាត់​ឲ្យ​រួម​ដំណើរ​ជា​មួយ​យើង ក្នុង​មុខ‌ងារ​ប្រមូល​តង្វាយ​នេះ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ និង​ដើម្បី​សម្តែង​ឆន្ទៈ​ល្អ​របស់​យើង​ដែរ។

20. យើង​ចង់​ចៀស‌វាង​មិន​ឲ្យ​គេ​រិះគន់​យើង អំពី​របៀប​ចាត់​ចែង​ប្រាក់​ដែល​រៃ​បាន​ដ៏​ច្រើន​នេះ​ឡើយ

21. ដ្បិត​យើង​ចង់​ធ្វើ​ការ​ល្អ មិន​ត្រឹម​តែ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​ទៀត​ផង។

22. យើង​បាន​ចាត់​បង‌ប្អូន​យើង​ម្នាក់​ទៀត​ឲ្យ​មក​ជា​មួយ​អ្នក​ទាំង​ពីរ។ យើង​ធ្លាប់​ល្បង‌ល​មើល​ចិត្ត​គាត់​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ឃើញ​ថា គាត់​ពិត​ជា​មាន​ចិត្ត​ខ្នះ‌ខ្នែង​មែន។ លើក​នេះ​គាត់​បាន​បង្ហាញ​នូវ​ទឹក​ចិត្ត​ខ្នះ‌ខ្នែង​ជាង​មុន​ទៅ​ទៀត ព្រោះ​គាត់​ទុក​ចិត្ត​បង‌ប្អូន​ខ្លាំង​ណាស់។

23. ចំពោះ​លោក​ទីតុស គាត់​ជា​សហការី​របស់​ខ្ញុំ ហើយ​គាត់​ធ្វើ​ការ​រួម​ជា​មួយ​ខ្ញុំ ដើម្បី​បម្រើ​បង‌ប្អូន។ រីឯ​បង‌ប្អូន​ពីរ​នាក់​ទៀត​ជា​តំណាង​របស់​ក្រុម‌ជំនុំ និង​ជា​សិរី‌រុងរឿង​របស់​ព្រះ‌គ្រិស្ដ។

24. ដូច្នេះ សូម​បង‌ប្អូន​សម្តែង​ឲ្យ​ក្រុម‌ជំនុំ​នានា​ឃើញ​ថា បង‌ប្អូន​ស្រឡាញ់​គេ​ពិត​មែន និង​ឃើញ​ថា សេចក្ដី​ដែល​យើង​និយាយ​សរសើរ​ពី​បង‌ប្អូន​ប្រាប់​គេ​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 8