ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 8 Khmer Standard Version (KHSV)

អំពី​ការ​រៃ​ប្រាក់

1. បង‌ប្អូន​អើយ យើង​សូម​ជម្រាប​បង‌ប្អូន​អំពី​ព្រះ‌គុណ ដែល​ព្រះ‌ជាម្ចាស់​បាន​ប្រោស​ប្រទាន​ដល់​ក្រុម‌ជំនុំ*​នានា នៅ​ស្រុក​ម៉ាសេ‌ដូន

2. គឺ​ទោះ​បី​បង‌ប្អូន​ទាំង​នោះ​កំពុង​ជួប​ប្រទះ​ទុក្ខ​វេទនា​ជា​ច្រើន​យ៉ាង​ណា​ក្ដី ក៏​គេ​មាន​អំណរ​ខ្លាំង​ក្រៃ‌លែង ហើយ​ទោះ​បី​គេ​ក្រ​តោក‌យ៉ាក​យ៉ាង​ណា​ក្ដី ក៏​គេ​នៅ​តែ​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា​ដ៏​លើស‌លប់​ដែរ។

3. បង‌ប្អូន​ទាំង​នោះ​បាន​ចូល​ប្រាក់​តាម​សមត្ថ‌ភាព​របស់​ខ្លួន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា គេ​ធ្វើ​លើស​ពី​សមត្ថ‌ភាព និង​ដោយ​ស្ម័គ្រ​អស់​ពី​ចិត្ត​ទៀត​ផង។

4. ពួក​គេ​បាន​ទទូច​សុំ​យើង មេត្តា​អនុញ្ញាត​ឲ្យ​គេ​ចូល​រួម​បម្រើ​ការ‌ងារ​នេះ គឺ​ផ្ញើ​ប្រាក់​ទៅ​ជួយ​ប្រជា‌ជន​ដ៏‌វិសុទ្ធ។

5. គេ​ធ្វើ​ដូច្នេះ លើស​ពី​សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​ទៀត គឺ​មុន​ដំបូង គេ​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់ បន្ទាប់​មក គេ​ក៏​ដាក់​ខ្លួន​បម្រើ​យើង ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់​ដែរ។

6. ហេតុ​នេះ​ហើយ​បាន​ជា​យើង​អង្វរ​លោក​ទីតុស ឲ្យ​មក​បង្ហើយ​ការ​ប្រមូល​តង្វាយ​នេះ​ពី​បង‌ប្អូន ដូច​គាត់​បាន​ចាប់​ផ្ដើម​រួច​មក​ហើយ។

7. បង‌ប្អូន​បាន​ចម្រើន​ឡើង​យ៉ាង​បរិបូណ៌​គ្រប់​វិស័យ​ទាំង​អស់ គឺ​មាន​ជំនឿ មាន​សំនួន‌វោហារ មាន​ចំណេះ មាន​ចិត្ត​ខ្នះ‌ខ្នែង​គ្រប់​យ៉ាង ព្រម​ទាំង​មាន​ចិត្ត​ស្រឡាញ់​យើង​ផង។ ហេតុ​នេះ ចំពោះ​ការ​ប្រមូល​តង្វាយ ចូរ​ចម្រើន​ឡើង​យ៉ាង​បរិបូណ៌​ដូច្នោះ​ដែរ។

8. ខ្ញុំ​និយាយ​បែប​នេះ មិន​មែន​បញ្ជា​បង‌ប្អូន​ទេ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​ស្ទង់​មើល​ចិត្ត​ស្រឡាញ់​ដ៏​ស្មោះ​របស់​បង‌ប្អូន ដោយ​និយាយ​អំពី​ការ​ខ្នះ‌ខ្នែង​របស់​អ្នក​ឯ​ទៀតៗ​ប៉ុណ្ណោះ

9. ដ្បិត​បង‌ប្អូន​ស្គាល់​ព្រះ‌គុណ​របស់​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ដ*​ស្រាប់​ហើយ គឺ​ព្រះ‌អង្គ​មាន​សម្បត្តិ​ដ៏​ច្រើន ទ្រង់​បាន​ដាក់​ខ្លួន​មក​ជា​អ្នក​ក្រ ព្រោះ​តែ​បង‌ប្អូន ដើម្បី​ឲ្យ​បង‌ប្អូន​បាន​ទៅ​ជា​អ្នក​មាន​ដោយ​ភាព​ក្រីក្រ​របស់​ព្រះ‌អង្គ។

10. ត្រង់​នេះ ខ្ញុំ​គ្រាន់​តែ​ជូន​យោបល់​បង‌ប្អូន​ប៉ុណ្ណោះ។ គួរ​គប្បី​បង្ហើយ​កិច្ចការ​ដែល​បង‌ប្អូន​បាន​ចាប់​ផ្ដើម​ធ្វើ​តាំង​ពី​ឆ្នាំ​ទៅ។ បង‌ប្អូន​មិន​ត្រឹម​តែ​បាន​ចាប់​ផ្ដើម​ធ្វើ​មុន​គេ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​បាន​ផ្ដើម​គំនិត​ទៀត​ផង។

11. ដូច្នេះ សូម​បង‌ប្អូន​បង្ហើយ​ការ​នេះ​ឥឡូវ​ចុះ។ បង‌ប្អូន​មាន​ឆន្ទៈ​ផ្ដើម​គំនិត​នេះ​យ៉ាង​ណា ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច​ជា​ស្ថាពរ​តាម​សមត្ថ‌ភាព ដែល​បង‌ប្អូន​មាន​យ៉ាង​នោះ​ដែរ។

12. កាល​ណា​យើង​មាន​ឆន្ទៈ​ល្អ យើង​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ តាម​អ្វីៗ​ដែល​យើង​មាន គឺ​មិន​មែន​តាម​អ្វីៗ​ដែល​យើង​គ្មាន​នោះ​ទេ។

13. ក៏​ប៉ុន្តែ មិន​ត្រូវ​ឲ្យ​បង‌ប្អូន​ជួយ​អ្នក​ដទៃ​រហូត​ដល់​ខ្លួន​ឯង​ខ្វះ​ខាត​នោះ​ឡើយ គឺ​គ្រាន់​តែ​ធ្វើ​ឲ្យ​មាន​ស្មើៗ​គ្នា​ប៉ុណ្ណោះ។

14. ក្នុង​កាលៈ‌ទេសៈ​សព្វ​ថ្ងៃ អ្វីៗ​ដែល​បង‌ប្អូន​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ បង‌ប្អូន​យក​ទៅ​ផ្គត់‌ផ្គង់​អស់​អ្នក​ដែល​ខ្វះ​ខាត លុះ​ដល់​ថ្ងៃ​មួយ ពេល​បង‌ប្អូន​ខ្វះ​ខាត គេ​នឹង​យក​អ្វីៗ​ដែល​គេ​មាន​លើស​ពី​សេចក្ដី​ត្រូវ​ការ មក​ផ្គត់‌ផ្គង់​បង‌ប្អូន​វិញ។ ធ្វើ​ដូច្នេះ ទើប​មាន​ស្មើៗ​គ្នា

15. ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា: «អ្នក​ប្រមូល​បាន​ច្រើន ក៏​មិន​មាន​ច្រើន​ជ្រុល រីឯ​អ្នក​ដែល​ប្រមូល​បាន​បន្តិច‌បន្តួច​ក៏​មិន​ខ្វះ​ខាត​អ្វី​ដែរ»។

លោក​ទីតុស និង​សហការី​របស់​លោក

16. សូម​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់ ដែល​បាន​ប្រោស​ប្រទាន​ឲ្យ​លោក​ទីតុស​មាន​ចិត្ត​ខ្នះ‌ខ្នែង​ចង់​ជួយ​បង‌ប្អូន​ដូច​យើង​ដែរ

17. ដ្បិត​គាត់​បាន​យល់​ព្រម​ធ្វើ​តាម​សំណូម​ពរ​របស់​យើង ហើយ​លើស​ពី​នេះ គាត់​ក៏​មាន​ចិត្ត​ខ្នះ‌ខ្នែង​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ធ្វើ​ដំណើរ​មក​រក​បង‌ប្អូន។

18. យើង​បាន​ចាត់​បង‌ប្អូន​ម្នាក់​ឲ្យ​មក​ជា​មួយ​គាត់ គឺ​បង‌ប្អូន​ម្នាក់​ដែល​ក្រុម‌ជំនុំ*​ទាំង​អស់​កោត​សរសើរ ក្នុង​ការ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ*។

19. មិន​តែ​ប៉ុណ្ណោះ​សោត ក្រុម‌ជំនុំ​បាន​ជ្រើស​រើស​គាត់​ឲ្យ​រួម​ដំណើរ​ជា​មួយ​យើង ក្នុង​មុខ‌ងារ​ប្រមូល​តង្វាយ​នេះ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ និង​ដើម្បី​សម្តែង​ឆន្ទៈ​ល្អ​របស់​យើង​ដែរ។

20. យើង​ចង់​ចៀស‌វាង​មិន​ឲ្យ​គេ​រិះគន់​យើង អំពី​របៀប​ចាត់​ចែង​ប្រាក់​ដែល​រៃ​បាន​ដ៏​ច្រើន​នេះ​ឡើយ

21. ដ្បិត​យើង​ចង់​ធ្វើ​ការ​ល្អ មិន​ត្រឹម​តែ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់​ទៀត​ផង។

22. យើង​បាន​ចាត់​បង‌ប្អូន​យើង​ម្នាក់​ទៀត​ឲ្យ​មក​ជា​មួយ​អ្នក​ទាំង​ពីរ។ យើង​ធ្លាប់​ល្បង‌ល​មើល​ចិត្ត​គាត់​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ឃើញ​ថា គាត់​ពិត​ជា​មាន​ចិត្ត​ខ្នះ‌ខ្នែង​មែន។ លើក​នេះ​គាត់​បាន​បង្ហាញ​នូវ​ទឹក​ចិត្ត​ខ្នះ‌ខ្នែង​ជាង​មុន​ទៅ​ទៀត ព្រោះ​គាត់​ទុក​ចិត្ត​បង‌ប្អូន​ខ្លាំង​ណាស់។

23. ចំពោះ​លោក​ទីតុស គាត់​ជា​សហការី​របស់​ខ្ញុំ ហើយ​គាត់​ធ្វើ​ការ​រួម​ជា​មួយ​ខ្ញុំ ដើម្បី​បម្រើ​បង‌ប្អូន។ រីឯ​បង‌ប្អូន​ពីរ​នាក់​ទៀត​ជា​តំណាង​របស់​ក្រុម‌ជំនុំ និង​ជា​សិរី‌រុងរឿង​របស់​ព្រះ‌គ្រិស្ដ។

24. ដូច្នេះ សូម​បង‌ប្អូន​សម្តែង​ឲ្យ​ក្រុម‌ជំនុំ​នានា​ឃើញ​ថា បង‌ប្អូន​ស្រឡាញ់​គេ​ពិត​មែន និង​ឃើញ​ថា សេចក្ដី​ដែល​យើង​និយាយ​សរសើរ​ពី​បង‌ប្អូន​ប្រាប់​គេ​នោះ ពិត​ជា​ត្រឹម​ត្រូវ​មែន។