គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 6:6-18 Khmer Standard Version (KHSV)

6. យើង​តាំង​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ ដោយ​មាន​ចិត្ត​បរិសុទ្ធ* ដោយ​ស្គាល់​ព្រះ‌ជាម្ចាស់ ដោយ​មាន​ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ដោយ​មាន​ចិត្ត​ស្រឡាញ់​ឥត​ពុត‌ត្បុត

7. ដោយ​ប្រកាស​សេចក្ដី​ពិត ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ យើង​យក​សេចក្ដី​សុចរិត*​ធ្វើ​ជា​អាវុធ​វាយ​ប្រយុទ្ធ និង​ការពារ

8. ទាំង​ទ្រាំ‌ទ្រ នៅ​ពេល​គេ​គោរព​យើង​ក្ដី បន្ទាប​បន្ថោក​យើង​ក្ដី នៅ​ពេល​គេ​និយាយ​អាក្រក់ ឬ​និយាយ​ល្អ​ពី​យើង​ក្ដី។ គេ​ចាត់​ទុក​យើង​ថា​ជា​ជន​បោក​ប្រាស់ តែ​យើង​ជា​មនុស្ស​ទៀង​ត្រង់។

9. គេ​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដែល​គ្មាន​នរណា​ស្គាល់ តែ​មនុស្ស​ទាំង​អស់​ស្គាល់​យើង​យ៉ាង​ច្បាស់។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​ហៀប​នឹង​ស្លាប់ តែ​យើង​ពិត​ជា​នៅ​មាន​ជីវិត។ គេ​ធ្វើ​ទារុណ‌កម្ម​យើង តែ​យើង​គ្មាន​ទោស​ដល់​ស្លាប់​ទេ។

10. គេ​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​ព្រួយ តែ​យើង​សប្បាយ​ចិត្ត​ជា‌និច្ច។ យើង​ដូច​ជា​អ្នក​ក្រ តែ​យើង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៅ​ជា​អ្នក​មាន យើង​ដូច​ជា​គ្មាន​អ្វី​សោះ តែ​យើង​មាន​សព្វ​គ្រប់​ទាំង​អស់​វិញ។

11. បង‌ប្អូន​អ្នក​ក្រុង​កូរិនថូស​អើយ យើង​និយាយ​មក​បង‌ប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ឥត​លាក់‌លៀម​អ្វី​ឡើយ

12. យើង​មិន​ចង្អៀត‌ចង្អល់​ចំពោះ​បង‌ប្អូន​ទេ គឺ​បង‌ប្អូន​ទេ​តើ ដែល​មាន​ចិត្ត​ចង្អៀត‌ចង្អល់។

13. ខ្ញុំ​និយាយ​មក​បង‌ប្អូន​ដូច​និយាយ​ទៅ​កាន់​កូន​ចៅ​របស់​ខ្ញុំ ដូច្នេះ សូម​បង‌ប្អូន​មាន​ចិត្ត​ទូ‌លាយ​ជា​មួយ​យើង ដូច​ជា​យើង​មាន​ចិត្ត​ទូ‌លាយ​ចំពោះ​បង‌ប្អូន​ដែរ។

14. សូម​កុំ​សេព‌គប់​ជា​មួយ​អ្នក​មិន​ជឿ​ឡើយ។ តើ​សេចក្ដី​សុចរិត និង​សេចក្ដី​ទុច្ចរិត​ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ? តើ​ពន្លឺ និង​ភាព​ងងឹត ចូល​រួម​ជា​មួយ​គ្នា​កើត​ឬ​ទេ?

15. តើ​ព្រះ‌គ្រិស្ដ* និង​មារ*​សាតាំង​ចុះ​សំរុង​គ្នា​កើត​ឬ​ទេ? តើ​អ្នក​ជឿ និង​អ្នក​មិន​ជឿ​មាន​ទំនាក់‌ទំនង​អ្វី​នឹង​គ្នា?

16. តើ​ព្រះ‌វិហារ*​របស់​ព្រះ‌ជាម្ចាស់ និង​ព្រះ‌ក្លែង‌ក្លាយ​ចូល​គ្នា​ចុះ​ឬ​ទេ? យើង​ទាំង​អស់​គ្នា​ជា​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​នឹង​ស្ថិត​នៅ​ជា​មួយ​ពួក​គេ ព្រម​ទាំង​រស់​នៅ​ជា​មួយ​ពួក​គេ​ដែរ។ យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​គេ ហើយ​គេ​នឹង​ធ្វើ​ជា​ប្រជា‌រាស្ដ្រ របស់​យើង» ។

17. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: «ចូរ​ចេញ​ពី​ចំណោម​អ្នក​ទាំង​នោះ ហើយ​ញែក​ខ្លួន​ចេញ​ឲ្យ​ដាច់​ពី​ពួក​គេ កុំ​ប៉ះ‌ពាល់​អ្វី​ដែល​មិន​បរិសុទ្ធ*​ឡើយ នោះ​យើង​នឹង​ទទួល​អ្នក​រាល់​គ្នា

18. យើង​នឹង​ធ្វើ​ជា​ឪពុក​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​ធ្វើ​ជា​កូន​ប្រុស​កូន​ស្រី របស់​យើង​ដែរ»។ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 6