គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 6:4-13 Khmer Standard Version (KHSV)

4. ផ្ទុយ​ទៅ​វិញ យើង​តាំង​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ដោយ​ស៊ូ​ទ្រាំ​យ៉ាង​ខ្លាំង ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ខ្វះ​ខាត ភ័យ​បារម្ភ

5. គេ​វាយ‌ដំ​យើង គេ​ឃុំ‌ឃាំង​យើង គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​យើង។ យើង​ធ្វើ​ការ​ធ្ងន់ អត់​ងងុយ អត់​អាហារ។

6. យើង​តាំង​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ ដោយ​មាន​ចិត្ត​បរិសុទ្ធ* ដោយ​ស្គាល់​ព្រះ‌ជាម្ចាស់ ដោយ​មាន​ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ដោយ​មាន​ចិត្ត​ស្រឡាញ់​ឥត​ពុត‌ត្បុត

7. ដោយ​ប្រកាស​សេចក្ដី​ពិត ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ យើង​យក​សេចក្ដី​សុចរិត*​ធ្វើ​ជា​អាវុធ​វាយ​ប្រយុទ្ធ និង​ការពារ

8. ទាំង​ទ្រាំ‌ទ្រ នៅ​ពេល​គេ​គោរព​យើង​ក្ដី បន្ទាប​បន្ថោក​យើង​ក្ដី នៅ​ពេល​គេ​និយាយ​អាក្រក់ ឬ​និយាយ​ល្អ​ពី​យើង​ក្ដី។ គេ​ចាត់​ទុក​យើង​ថា​ជា​ជន​បោក​ប្រាស់ តែ​យើង​ជា​មនុស្ស​ទៀង​ត្រង់។

9. គេ​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដែល​គ្មាន​នរណា​ស្គាល់ តែ​មនុស្ស​ទាំង​អស់​ស្គាល់​យើង​យ៉ាង​ច្បាស់។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​ហៀប​នឹង​ស្លាប់ តែ​យើង​ពិត​ជា​នៅ​មាន​ជីវិត។ គេ​ធ្វើ​ទារុណ‌កម្ម​យើង តែ​យើង​គ្មាន​ទោស​ដល់​ស្លាប់​ទេ។

10. គេ​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​ព្រួយ តែ​យើង​សប្បាយ​ចិត្ត​ជា‌និច្ច។ យើង​ដូច​ជា​អ្នក​ក្រ តែ​យើង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៅ​ជា​អ្នក​មាន យើង​ដូច​ជា​គ្មាន​អ្វី​សោះ តែ​យើង​មាន​សព្វ​គ្រប់​ទាំង​អស់​វិញ។

11. បង‌ប្អូន​អ្នក​ក្រុង​កូរិនថូស​អើយ យើង​និយាយ​មក​បង‌ប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ឥត​លាក់‌លៀម​អ្វី​ឡើយ

12. យើង​មិន​ចង្អៀត‌ចង្អល់​ចំពោះ​បង‌ប្អូន​ទេ គឺ​បង‌ប្អូន​ទេ​តើ ដែល​មាន​ចិត្ត​ចង្អៀត‌ចង្អល់។

13. ខ្ញុំ​និយាយ​មក​បង‌ប្អូន​ដូច​និយាយ​ទៅ​កាន់​កូន​ចៅ​របស់​ខ្ញុំ ដូច្នេះ សូម​បង‌ប្អូន​មាន​ចិត្ត​ទូ‌លាយ​ជា​មួយ​យើង ដូច​ជា​យើង​មាន​ចិត្ត​ទូ‌លាយ​ចំពោះ​បង‌ប្អូន​ដែរ។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 6