គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 6:1-12 Khmer Standard Version (KHSV)

1. ដោយ​យើង​ធ្វើ​ការ​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់ យើង​សូម​ទូន្មាន​បង‌ប្អូន​ថា កុំ​ទទួល​ព្រះ‌គុណ​របស់​ព្រះ‌អង្គ យក​មក​ទុក​ចោល​ជា​អសារ​ឥត​ការ​ឡើយ

2. ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: «យើង​បាន​ឆ្លើយ​តប​មក​អ្នក នៅ​គ្រា​ណា​ដែល​យើង​គាប់​ចិត្ត យើង​បាន​ជួយ​អ្នក​នៅ​ថ្ងៃ​ណា​ដែល​យើង សង្គ្រោះ​មនុស្ស​លោក »។គ្រា​ដែល​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫទ័យ គឺ​ឥឡូវ​នេះ​ហើយ! គឺ​ឥឡូវ​នេះ​ហើយ ជា​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​សង្គ្រោះ​មនុស្ស​លោក!

3. យើង​មិន​ចង់​ឲ្យ​កើត​មាន​រឿង​អ្វី​មួយ ដែល​បណ្ដាល​ឲ្យ​នរណា​ម្នាក់​ជំពប់​ចិត្ត បាត់​ជំនឿ​ឡើយ ដើម្បី​កុំ​ឲ្យ​គេ​បន្ទោស​មុខ‌ងារ​របស់​យើង។

4. ផ្ទុយ​ទៅ​វិញ យើង​តាំង​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ដោយ​ស៊ូ​ទ្រាំ​យ៉ាង​ខ្លាំង ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ខ្វះ​ខាត ភ័យ​បារម្ភ

5. គេ​វាយ‌ដំ​យើង គេ​ឃុំ‌ឃាំង​យើង គេ​លើក​គ្នា​មក​ប្រឆាំង​នឹង​យើង។ យើង​ធ្វើ​ការ​ធ្ងន់ អត់​ងងុយ អត់​អាហារ។

6. យើង​តាំង​ខ្លួន​ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់ ដោយ​មាន​ចិត្ត​បរិសុទ្ធ* ដោយ​ស្គាល់​ព្រះ‌ជាម្ចាស់ ដោយ​មាន​ចិត្ត​អត់‌ធ្មត់ ចិត្ត​សប្បុរស ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ* ដោយ​មាន​ចិត្ត​ស្រឡាញ់​ឥត​ពុត‌ត្បុត

7. ដោយ​ប្រកាស​សេចក្ដី​ពិត ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់។ យើង​យក​សេចក្ដី​សុចរិត*​ធ្វើ​ជា​អាវុធ​វាយ​ប្រយុទ្ធ និង​ការពារ

8. ទាំង​ទ្រាំ‌ទ្រ នៅ​ពេល​គេ​គោរព​យើង​ក្ដី បន្ទាប​បន្ថោក​យើង​ក្ដី នៅ​ពេល​គេ​និយាយ​អាក្រក់ ឬ​និយាយ​ល្អ​ពី​យើង​ក្ដី។ គេ​ចាត់​ទុក​យើង​ថា​ជា​ជន​បោក​ប្រាស់ តែ​យើង​ជា​មនុស្ស​ទៀង​ត្រង់។

9. គេ​ចាត់​ទុក​យើង​ដូច​ជា​អ្នក​ដែល​គ្មាន​នរណា​ស្គាល់ តែ​មនុស្ស​ទាំង​អស់​ស្គាល់​យើង​យ៉ាង​ច្បាស់។ គេ​ចាត់​ទុក​យើង​ដូច​ជា​មនុស្ស​ហៀប​នឹង​ស្លាប់ តែ​យើង​ពិត​ជា​នៅ​មាន​ជីវិត។ គេ​ធ្វើ​ទារុណ‌កម្ម​យើង តែ​យើង​គ្មាន​ទោស​ដល់​ស្លាប់​ទេ។

10. គេ​ធ្វើ​ឲ្យ​យើង​មាន​ទុក្ខ​ព្រួយ តែ​យើង​សប្បាយ​ចិត្ត​ជា‌និច្ច។ យើង​ដូច​ជា​អ្នក​ក្រ តែ​យើង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ទៅ​ជា​អ្នក​មាន យើង​ដូច​ជា​គ្មាន​អ្វី​សោះ តែ​យើង​មាន​សព្វ​គ្រប់​ទាំង​អស់​វិញ។

11. បង‌ប្អូន​អ្នក​ក្រុង​កូរិនថូស​អើយ យើង​និយាយ​មក​បង‌ប្អូន​ដោយ​ស្មោះ​អស់​ពី​ចិត្ត ឥត​លាក់‌លៀម​អ្វី​ឡើយ

12. យើង​មិន​ចង្អៀត‌ចង្អល់​ចំពោះ​បង‌ប្អូន​ទេ គឺ​បង‌ប្អូន​ទេ​តើ ដែល​មាន​ចិត្ត​ចង្អៀត‌ចង្អល់។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 6