គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

២ កូរិន‌ថូស 4:2-13 Khmer Standard Version (KHSV)

2. យើង​បដិសេធ​មិន​ប្រព្រឹត្ត​ការ​លួច​លាក់​ណា​ដែល​គួរ​ឲ្យ​អៀន​ខ្មាស​នោះ​ទេ ហើយ​យើង​ក៏​មិន​បោក​បញ្ឆោត​គេ ឬ​ក្លែង​បន្លំ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ដែរ។ ផ្ទុយ​ទៅ​វិញ យើង​បង្ហាញ​ឲ្យ​មនុស្ស​លោក​ស្គាល់​សេចក្ដី​ពិត ទាំង​នាំ​គេ​ឲ្យ​ទុក​ចិត្ត​លើ​យើង នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។

3. ប្រសិន​បើ​អត្ថ‌ន័យ​នៃ​ដំណឹង‌ល្អ*​នៅ​តែ​លាក់​កំបាំង គឺ​លាក់​កំបាំង​តែ​ចំពោះ​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ​ប៉ុណ្ណោះ

4. ជា​អ្នក​មិន​ជឿ​ដែល​ត្រូវ​ព្រះ​នៃ​លោកីយ៍​នេះ​ធ្វើ​ឲ្យ​ចិត្ត​គំនិត​របស់​គេ​ទៅ​ជា​ងងឹត មិន​ឲ្យ​គេ​ឃើញ​ពន្លឺ​រស្មី​ដ៏​រុងរឿង​នៃ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ដ ជា​តំណាង របស់​ព្រះ‌ជាម្ចាស់​នោះ​ឡើយ។

5. យើង​មិន​ប្រកាស​អំពី​ខ្លួន​យើង​ទេ គឺ​យើង​ប្រកាស​អំពី​ព្រះ‌យេស៊ូ​គ្រិស្ដ​ជា​ព្រះ‌អម្ចាស់ ហើយ​យើង​ដាក់​ខ្លួន​ជា​អ្នក​បម្រើ​បង‌ប្អូន ព្រោះ​តែ​ព្រះ‌យេស៊ូ​នេះ​ហើយ។

6. ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ត​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ ដែល​ភ្លឺ​ចាំង​ពី​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌គ្រិស្ដ​ដែរ។

7. យើង​មាន​មុខ‌ងារ​ដ៏​ប្រសើរ​នេះ ប្រៀប​បី​ដូច​ជា​ឆ្នាំង​ដី​ដែល​មាន​កំណប់​នៅ​ខាង​ក្នុង ដើម្បី​ឲ្យ​មនុស្ស​លោក​ឃើញ​ថា ឫទ្ធា‌នុភាព​ដ៏​ប្រសើរ​ខ្ពង់‌ខ្ពស់​នេះ ជា​ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់ មិន​មែន​ជា​របស់​យើង​ទេ។

8. គេ​សង្កត់‌សង្កិន​យើង​គ្រប់​យ៉ាង​មែន តែ​យើង​មិន​ភ័យ​បារម្ភ​អ្វី​ឡើយ យើង​ទ័ល‌ច្រក​មែន តែ​យើង​នៅ​តែ​ទៅ​មុខ​រួច

9. គេ​បៀត‌បៀន​យើង​មែន តែ​ព្រះ‌ជាម្ចាស់​មិន​បោះ​បង់​យើង​ចោល​ឡើយ គេ​វាយ‌ដំ​យើង​មែន តែ​យើង​មិន​ស្លាប់​បាត់​បង់​ជីវិត​ឡើយ។

10. ក្នុង​រូប​កាយ​យើង យើង​ផ្ទុក​សេចក្ដី​ឈឺ​ចាប់​របស់​ព្រះ‌យេស៊ូ​ជា‌និច្ច ដើម្បី​ឲ្យ​គេ​ឃើញ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​នៅ​ក្នុង​រូប​កាយ​យើង។

11. ព្រោះ​តែ​ព្រះ‌យេស៊ូ យើង​ដែល​កំពុង​រស់ តែងតែ​ប្រឈម​មុខ​ទល់​នឹង​សេចក្ដី​ស្លាប់​ជា‌និច្ច ដើម្បី​ឲ្យ​គេ​ឃើញ​ព្រះ‌ជន្ម​របស់​ព្រះ‌អង្គ​នៅ​ក្នុង​រូប​កាយ​យើង ដែល​តែងតែ​ស្លាប់។

12. ដូច្នេះ សេចក្ដី​ស្លាប់​ចេះ​តែ​យាយី​យើង រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ចេះ​តែ​មាន​ជីវិត​ចម្រើន​ឡើង។

13. ដោយ​យើង​មាន​វិញ្ញាណ​ដែល​នាំ​ឲ្យ​ជឿ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា «ខ្ញុំ​ជឿ ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​និយាយ» យើង​ក៏​ជឿ​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​យើង​និយាយ។

សូមអានជំពូកពេញលេញ ២ កូរិន‌ថូស 4